- ព័ត៌មានជាតិ

​អង្គការ HALO Trust បាន​ចូលរួម​ផ្តល់​ដី​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ១​លាន​នាក់ ក្នុង​រយៈពេល ៣០​ឆ្នាំ​

នា​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទឹកដី​ខេត្តសៀមរាប ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ខ្ញុំ​បាន​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​ទី ៣០​ឆ្នាំ នៃ​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​របស់​អង្គការ HALO Trust នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩២ ជាមួយ​លោក​ជំទាវ Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ។​

​រយៈពេល ៣០​ឆ្នាំ ក្នុង​បេសកកម្ម​ការ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា អង្គការ HALO Trust ប្រចាំ​នៅ​កម្ពុជា បាន​ចូលរួម​ផ្តល់​ដី​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​សហគមន៍​ប្រមាណ​ជា ១​លាន​នាក់ បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រោះ ក្នុង​ទំហំ​ផ្ទៃដី ៤៣៣ គីឡូម៉ែត្រ​ក្រឡា រកឃើញ​និង​កម្ទេច​ចោល​គ្រាប់​មីន​ចំនួន ៣២២.៥១៥ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២១២.២៦០​។​

​ឆ្នាំ​១៩៩២ គឺជា​ការចាប់ផ្តើម​បោសសម្អាត​មីន​មនុស្សធម៌​គ្រប់​ជ្រុងជ្រោយ​នៅ​កម្ពុជា ដើម្បី​ចូលរួម​ជួយ​ដល់​ការធានា​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ការឆ្លើយតប​នឹង​តម្រូវការ​មនុស្សធម៌​បន្ទាន់​មួយ និង​ដើម្បី​មាតុភូមិនិវត្តន៍ និង​សុខ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ដែល​ក្រោយមក​ទៀត​សកម្មភាព​មីន​បាន​វិវត្តន៍​ពី​ដំណាក់កាល​កសាង​ឡើង​វិញ​ក្រោយ​ជម្លោះ​ប្រដាប់អាវុធ ទៅ​ជា​ដំណាក់កាល​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​។​

​អង្គការ HALO Trust គឺជា​អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​ដំបូង​គេ ដែល​មក​ជួយ​កម្ពុជា ក្នុង​ការចាប់ផ្តើម​បោសសម្អាត​មីន​នៅក្នុង​ប្រទេស និង​បាន​ចូលរួម​ដឹកនាំ​ក្នុង​វិស័យ​នេះ​រហូតដល់​ពេល​បច្ចុប្បន្ន​។ ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០២២ អ្នកដោះមីន​អង្គការ HALO Trust បាន​ជួប​គ្រោះ​ថ្នាក់​ក្នុង​កំឡុង​ពេល​កំពុង​ប្រតិបត្តិការ ៥០​នាក់ ក្នុងនោះ​បាន​ពលី​ចំនួន ៩​នាក់​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​សមត្ថភាព​ប្រកបដោយ​វិជ្ជាជីវៈ​របស់​បុគ្គលិក​អង្គការ HALO Trust ដែល​បាន​លះបង់ និង​ចូលរួម​ដល់​ការងារ​បោសសម្អាត​មីន និង​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទោះបីជា​មាន​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ​។ បច្ចុប្បន្ននេះ អង្គការ HALO Trust មាន​បុគ្គលិក​ជាង ១១០០​នាក់ (​បរទេស ៦​នាក់​) ក្នុងនោះ​បុគ្គលិក​ជា​ស្ត្រី ៤៦%​។​

​ជាមួយគ្នានេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាជន​កម្ពុជា និង​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​ដ៏​សប្បុរស​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ចក្រភព​អង់គ្លេស ដល់​ការចូលរួម​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន និង​ការរួមចំណែក​ដែល​មិន​អាច​ខ្វះ​បានរ​បស់ អង្គការ HALO Trust ដើម្បី​ធ្វើការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។​

​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ និង​សម្របសម្រួល​របស់​លោក​ជំទាវ Tina Redshaw ដែល​បាន​តស៊ូ​យ៉ាង​ខ្លាំងក្លា​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​មីន​នៅ​កម្ពុជា ទោះបីជា​ចក្រភព​អង់គ្លេស បាន​កាត់បន្ថយ​ថវិកា​សម្រាប់​សកម្មភាព​មីន​ជា​សាកល​ក៏ដោយ ក៏​លោក​ជំទាវ Tina បាន​ធ្វើការ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ធានា​ឱ្យមាន​ផលប៉ះពាល់​អប្បបរមា​ម​កលើ​កម្ពុជា​។​

Leave a Reply

Your email address will not be published. Required fields are marked *