- ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​នាំយក​អង្ករ​វីតាមីន​ចំនួន ៦០០​កេស ស្មើនឹង​ជិត ៨ តោន មក​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំនួន​៤ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​នាំយក​អង្ករ​វីតាមីន​ចំនួន ៦០០​កេស ស្មើនឹង​ជិត ៨ តោន មក​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំនួន​៤ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ក៏ដូចជា​ជួយ​សម្រួល​ដល់​ការស្នាក់អាស្រ័យ ពិនិត្យ​ព្យាបាល​ជំងឺ​របស់​ប្រជាពលរដ្ឋ​។ ពិធី​ប្រគល់ និង​ទទួល​អង្ករ​វីតាមីន​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៥ នា​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ​។​

​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បាន​បញ្ជាក់​ជូន​ថា អង្ករ​ទាំងនេះ​គឺ​មាន​ការដាក់​លាយ​បញ្ចូល​វីតាមីន សម្រាប់​យក​ទៅ​ចម្អិន​ហូប ជួយ​ផ្តល់​ជីវជាតិ​បំពេញ​បន្ថែម​ដល់​រាងកាយ​ទ្រុឌទ្រោម​របស់​ជំងឺ​។ សម្រាប់​អង្ករ​វីតាមីន​នេះ​ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា ធ្វើ​ការបែងចែក​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​ក្រចេះ ចំនួន ២០០​កេស ស្មើ ២,៦០០​គីឡូក្រាម​, មន្ទីរពេទ្យបង្អែក​ចំនួន​៣ ក្នុង ១​មន្ទីរពេទ្យ ទទួលបាន​អង្ករ ១០០​កេស ស្មើ ១,៣០០​គីឡូក្រាម សម្រាប់​ទុក​ចែកជូន​ដល់​អ្នកជំងឺ​ដែល​មាន​ជីវភាព​ក្រីក្រ ទទួលបាន​អង្ករ​ដែល​មាន​ជាតិ​វីតាមីន​សម្រាប់​ដាំ​ហូប​ជួយ​ឱ្យ​មាន​កម្លាំង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុមគ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​ទាំងអស់ ដែល​តែងតែ​ខិតខំ​បំពេញ​ការងារ​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​មើលថែទាំ ពិនិត្យ ពិគ្រោះ ព្យាបាល អ្នកជំងឺ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​របស់​ក្រុម​គ្រូពេទ្យ​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​ពេលវេលា និន្នាការ​នយោបាយ ពណ៍​សម្បុរ​នោះ​គឺ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ធ្ងន់​មក​ស្រាល អ្នកជំងឺ​ស្រាល​មក​មាន​ការ​ជាសះស្បើយ​ឡើងវិញ​។​

​ឯកឧត្តរ​ដ្ឋ​មន្ត្រី នេត្រ ភ​ក្ត្រា បាន​បន្តថា ទោះជា​ការផ្តល់ជូន​នូវ​អង្ករ​វីតាមីន​នា​ឱកាស​នេះ​ពុំ​ទាន់​អាច​ឆ្លើយតប​ទៅ និង​តម្រូវការ​នៃ​អ្នកជំងឺ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក៏​ពិតជា​អាច​ជួយ​សម្រួល​នូវ​កង្វះខាត​របស់​ប្រជាពលរដ្ឋ​មួយ​រយៈពេល​នៃ​ការ​សម្រាក​ព្យាបាល​ជំងឺ​ផងដែរ​។ រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ បាន​បោះ​ជំ​ហ៊ាន​យ៉ាង​ស្វាហាប់ និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។ ដូចគ្នានេះ​ការយកចិត្តទុកដាក់​ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ​ជា​កត្តា​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​។​

​បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​នាំយក​អំណោយ​ជា​ថ្នាំពេទ្យ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន United Pharma (Cambodia) Co., LTD និង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខភាព​ផ្ទាល់ ខ្លួន និង​ក្រុមគ្រួសារ ដោយ​ប្រកាន់យក​នូវ​កា​រស់នៅ​ស្អាត ហូប​ស្អាត បរិស្ថាន​ជុំវិញ​ខ្លួន​ឱ្យបាន​ស្អាត​ល្អ បញ្ហា​សុខភាព គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​ដើម្បី​សុខ​ដម​រម្យ​នីយកម្ម​នៃ​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ឆ្ពោះទៅ​អនាគត​៕​

Leave a Reply

Your email address will not be published. Required fields are marked *