- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​វិហារ​ឥស្លាម​នូ​រុល​មុត​តា​គីន ស្ថិតនៅ​ភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល​

នា​ព្រឹក​ថ្ងៃ​សៅរ៍ ២​កើត ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​វិហារ​ឥស្លាម​នូ​រុល​មុត​តា​គីន ស្ថិតនៅ​ភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គពិធី​ថា ពិធី​សម្ពោធ​វិហារ​ឥស្លាម​នូ​រុល​មុត​តា​គីន នា​ឱកាស​នេះ ជា​ការបង្ហាញ​ឲ្យឃើញ​ពី​ការរីកចំរើន​ក្នុង​វិស័យ​ឥស្លាម​សាសនា ដែល​កើតឡើង​ពី​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នោះ​គឺ​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ មាន​ភាព​សុខុ​ដុម​នៃ​សាសនា​។​

​ឯកឧត្តម​បន្តថា សាសនា​ឥស្លាម​បាន​ដើរតួនាទី​យ៉ាង សំខាន់​ក្នុង​ការកសាង​នូវ​សន្តិភាព​ផ្លូវចិត្ត​របស់​បុគ្គល និង​សន្តិសុខ​សង្គម ព្រមទាំង​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព រដ្ឋបាល​ខេត្ត​បាន​ពង្រឹង​ជា​ប្រចាំ​នូវ​ការទប់ស្កាត់ បទល្មើស​នានា​ក្នុង​មូលដ្ឋាន​។​

​ឯកឧត្តម​បាន​បន្ថែម​ថា​រដ្ឋបាល​ខេត្ត​កណ្ដាល បាន​យកចិត្តទុកដាក់​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់​ចរាចរណ៍ ការជួញដូរ​មនុស្ស ការគ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ បទល្មើស​សេដ្ឋកិច្ច បទល្មើស​នានា​តាម​ច្រកព្រំដែន និង​ច្រករបៀង​នានា ត្រូវ​បាន​បង្ក្រាប ទប់ស្កាត់បាន​ទាន់ពេលវេលា និង​មាន​វិធានការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជា​ប្រចាំ​។​

​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ​សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​ក្រសួង​ធម្មការ និង​សាសនា អាជ្ញាធរខេត្ត ស្រុក ដែល​បាន​សហការ​រៀបចំ​ពិធី​នេះ រួម​ជាមួយ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ព្រមទាំង​សប្បុរសជន​សាសនិក​ឥស្លាម ដែល​ជា​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ចំពោះ​បងប្អូន​សាសនិក​ឥស្លាម​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បង្ក​លក្ខណៈ និង​ផ្ដល់​ការគាំទ្រ​គ្រប់បែបយ៉ាង​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​ក្នុង​ការប្រតិបត្តិ​ជំនឿ​សាសនា និង​ប្រារព្ធ​ពិធី​ផ្សេងៗ​ដែល​ជា​ការបង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​សាសនិក​ខ្មែរឥស្លាម ស្របតាម​គោលនយោបាយ​សុខដុម​នីយកម្ម​សាសនា​។

​សម្ដេច ក៏​បាន​បង្ហាញ​មោទកភាព​ដោយហេតុ​ថា​តាម​ប្រវត្តិសាស្ត្រ​រហូតដល់​បច្ចុប្បន្ន កម្ពុជា​មិន​ដែល​មាន​ជម្លោះសាសនា​នោះទេ ដ្បិត​ពលរដ្ឋ​តែងតែ​ប្រកាន់​យក​វប្បធម៌​រួបរួម​ជាតិ មិន​ប្រកាន់​ពូជសាសន៍ និង​ជំនឿ​សាសនា ដែល​ជា​បច្ច័យ​ដ៏​ល្អ​សម្រាប់​អ្នកជំនាន់ក្រោយ​។ សម្ដេច​ក៏​បាន​ចូលរួម​អបអរសាទរ​ជាមួយ​សហគមន៍​ខ្មែរឥស្លាម​ដែល​បាន​ទទួល​សមិទ្ធផល​ព្រះវិហា​នា​ថ្ងៃនេះ​។​

​សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ការកោតសរសើរ​សប្បុរ​សជន​ខ្មែរឥស្លាម​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​រួមវិភាគទាន​ចូលរួម​គាំទ្រ​ដំណើរការ​សាងសង់​សមិទ្ធផល​នេះ និង​កោតសរសើរ​បងប្អូន​ខ្មែរឥស្លាម​ទូទាំងប្រទេស​ដែល​បាន​ខិតខំ​ថែរក្សា​ប្រពៃណី​ដ៏​ល្អ តស៊ូ​ចំពោះ​ការលំបាក​គ្រប់​បែបយ៉ាង ដើម្បី​កសាង​សហគមន៍ និង​ក្រុមគ្រួសារ​ឱ្យមាន​ភាព​រីកចម្រើន និង​រុងរឿង​។​

​សម្ដេច​បន្ត​ថា​ការរក្សាបាន​នូវ​ប្រពៃណី​សាសនា​នេះ គឺជា​ការបង្ហាញ​នូវ​ភាព​សម្បូរ​បែប​នៃ​ប្រពៃណី​គ្រប់​ជាតិ​សាសន៍​របស់​ប្រទេស​កម្ពុជា និង​ជា​ភស្តុតាង​បង្ហាញថា​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ស្ថិតក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រទេស​មាន​សេរីភាព​យ៉ាង​ពេញលេញ​ខាង​ជំនឿ​សាសនា និង​មាន​សុខដុម​នីយកម្ម​នៃ​ជនជាតិ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​បង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​ទស្សនាទាន​រក្សា​សន្តិភាព​ជូន​ប្រទេសជាតិ ដែល​ត្រូវបាន​បំផុស​ក្នុងចំណោម​ឥស្លាម​សាសនិក​នៅ​កម្ពុជា ដូចជា សាសនា​ឥស្លាម​និង​សុ​វត្ថ​ភាព​ភូមិ ឃុំ សង្កាត់ យុវជន​និង​សង្គម​នាំគ្នា​កសាង​អំពើ​ល្អ​ទប់ស្កាត់​អំពើអាក្រក់ ឥស្លាម​ជា​សាសនា​សន្តិភាព​និង​ភាព​សុខ​ដុម ឥស្លាម​និង​ការអប់រំ ឥស្លាម​និង​នារី ឥស្លាម​និង​សីលធម៌ និង​ឥស្លាម​និង​សេដ្ឋកិច្ច ជាដើម​។​

​សម្ដេច​បាន​កត់សម្គាល់​ថា​ប្រធានបទ​សន្តិភាព​ទាំង​នេះ សមស្រប​នឹង​បច្ចុប្បន្នភាព​នៃ​ប្រទេស​កម្ពុជា និង​ជា​សារ​នយោបាយ​មួយ​ដែល​ត្រូវបាន​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ និង​ផុលផុស​តាម​មជ្ឈដ្ឋាន​គ្រប់ទិសទី ដើម្បី​ជា​ការចូលរួម​រក្សា​គុណ​តម្លៃ​ជាតិ ពង្រឹង​និង​ពង្រីក​សីលធម៌ និង​កសាង​មោទកភាព​ជាតិ លើ​កម្ពស់​កិត្យានុភាព​សាសនា និង​រក្សាបាន​នូវ​សុខសន្តិភាព ធ្វើ​ឱ្យ​សហគមន៍​ជឿនលឿន ដែល​ជា​ផ្នែក​មួយ​នៃ​អំណោយផល​ដល់​ការ​ប្រែក្លាយ​ប្រទេសជាតិ​ទៅកាន់​វឌ្ឍនភាព​។​

​សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់​ជូន​អង្គពិធី​អំពី​ការអនុវត្ត​គោលការណ៍​ផ្ដល់​តួនាទី និង​មុខ​តំណែង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ពិសេស​ក្រោយ​ការកែសម្រួល​គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្ដល់​តួនាទី​អភិបាល​ឬ​អភិបាលរង ជូន​មន្ត្រី​ខ្មែរ​ឥស្លាម ដោយ​យោង​លើ​សមត្ថភាព​បំពេញ​តួនាទី​។ សម្ដេច​បន្ថែម​ថា​គោល​នយោបាយ និង​ការលើកទឹកចិត្ត​នេះ​ត្រូវបាន​អនុវត្ត​ទូទាំង​ប្រទេស ពិសេស​នៅ​តំបន់​រដ្ឋបាល​ដែល​មាន​ពលរដ្ឋ​ខ្មែរឥស្លាម​រស់នៅ​ច្រើន​។​

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានលើកឡើងអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងនៅតាមមូលដ្ឋាន និងល្បែងស៊ីសងតាមប្រព័ន្ធបច្ចេវិទ្យាអនឡាញ។ សម្ដេចបានក៏បានគូសបញ្ជាក់អំពីការកើតមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងគ្រឿងញៀនដែលត្រូវបានបង្រ្កាបពីអាជ្ញាធរ។

ទន្ទឹមគ្នានឹងការគូសបញ្ជាក់នេះ សម្ដេចបានអំពាវនាវឱ្យអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងផ្ដល់កិច្ចសហការដល់ការបង្ការទប់ស្កាត់ និងបង្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ តាមរយៈការអប់រំផ្សព្វផ្សាយដល់អ្នកជុំវិញ និងចូលរួមរាយការណ៍មកកាន់សមត្ថកិច្ចដើម្បីបង្ក្រាបបទល្មើសគ្រៀងញៀនដែលជាសត្រូវដ៏ធំនៃការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ ៕


Leave a Reply

Your email address will not be published. Required fields are marked *