- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង អនុញ្ញាត​ជូន​ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​

នា​រសៀល​ថ្ងៃ​ពុធ ១៣​កើត ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ជូន​ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ហើយ​ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ដល់​សហព័ន្ធ​អាល្លឺម៉ង់ ដែល​តែងតែ​បន្ត​ជួយ​ពង្រឹងពង្រីក លើ​កិច្ចការ​អភិវឌ្ឍន៍​របស់​ព្រះរាជាណាចក្រក​ម្ពុ​ជា ដូច​ជា​ការគាំទ្រ​ដល់​បុព្វហេតុ​ផ្សេងៗ របស់​កម្ពុជា​ផង​ដែរ​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​សម្ដែង​ការរីករាយ​ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ជម្រាប​សម្ដេច​ក្រឡាហោម​ថា​ក្នុង​រយៈពេល​ប្រាំ​ខែ​កន្លងមកនេះ ឯកឧត្តម​បាន​ដឹង​ខ្លះៗ​អំពី​ទំនាក់ទំនង​រវាង​អតីត​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ចាស់ ជាមួយ​កម្ពុជា​ដែល​មាន​ភាពស្និទ្ធស្នាល​ល្អ​។

​ឯកឧត្ដម​ក៏បាន​ជ្រាប​ផង​ដែរ​ថា ការងារ​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ នៅ​កម្ពុជា បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​ជា​ទី​គាប់​ចិត្ត ពិសេស​ការ​បង្ខិត​សេវាសាធារណៈ ឱ្យបាន​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ ឯកឧត្តម​ក៏​បាន​ដឹងថា សម្ដេច​ក្រឡាហោម ក៏​បាន​ជួបពិភាក្សា​ជាមួយ​អតីត​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់ អំពី​លទ្ធភាព​នៃ​ការ បង្កើត​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នគរបាល​ផង​ដែរ​។​

​ពាក់ព័ន្ធ​វិស័យ​នគរបាល ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម​ថា បច្ចុប្បន្ន​អាល្លឺម៉ង់​កំពុងតែ​សិក្សា លើ​ចំណុច​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ជាមួយ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​លើ​ការងារ​លើកកម្ពស់​សម​ត្ថ​ភាព​របស់​មន្ត្រីនគរបាល ដោយ​ឯកឧត្តម​បាន​ចាត់ទុក​ថា​ការងារ​នេះ​មាន​សារៈសំខាន់ ដោយសារ​មន្ត្រីនគរបាល​គឺជា​អ្នក​ដែល​ធ្វើការ​ផ្ទាល់ យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ទាមទារ​ឱ្យមាន​នូវ​វិជ្ជាជីវៈ ខ្ពស់ និង​មាន​សុជីវធម៌​ល្អ​។

​ជា​ការឆ្លើយតប​ចំពោះ​កិច្ច​ការងារ​កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ​នេះ​ដែរ សម្ដេច​ក្រឡាហោម បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ថា​កាលពី​ឆ្នាំ​២០១៩ សម្តេច​បាន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​នៅ​ពេល​នោះ​សម្ដេច​បាន យល់​អំពី​ប្រវត្តិ​នៃ​ការគ្រប់គ្រង​របស់​ប្រទេស​អាល្លឺម៉ង់​។

​សម្តេច​ក្រឡាហោម មានប្រសាសន៍ថា ដើម្បី​រក្សា​ស្ថិរភាព និង​សុខដុម​ប​នីយកម្ម​នៅ​ថ្នាក់​មូលដ្ឋាន សម្រាប់​រយៈពេល​យូរ​វែង គឺ​មិន​អាច​ប្រមូលផ្ដុំ​បន្ត​រក្សា​អំណាច​ទាំងអស់​នៅតែ​ថ្នាក់កណ្ដាល​នោះទេ ជម្រើស​ល្អ​បំផុត គឺ​ផ្ដល់​ភាពជា​ម្ចាស់​ឱ្យ​ប្រជាពលរដ្ឋ​ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគាត់​ចូលរួម​ក្នុង​ការអភិវឌ្ឍ ប្រកប​ដោយ​ចិរភាព​នៅ​ថ្នាក់​មូលដ្ឋាន​។

​សម្តេច​ក្រឡា​ហោ​ន បាន​រំលឹក​ផងដែរ​ថា ក្រៅពី​ប្រទេស​អាល្លឺម៉ង់ សម្តេច​ក៏​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​មួយចំនួន​ផ្សេង​ទៀត​ផង​ដែរ​រួម​មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី និង​ប្រទេស​បារាំង ប៉ុន្តែ​សម្តេច បាន​រកឃើញ​ថា​ប្រទេស​អាល្លឺម៉ង់ គឺជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ល្អ​ជាងគេ ហើយ​ចាប់តាំងពី​ពេលនោះ​មក​ប្រទេស​កម្ពុជា បាន ធ្វើការ​ជាមួយ​អាល្លឺម៉ង់ ដើម្បី​យក​គំរូ​ល្អៗ​សម្រាប់​កែច្នៃ និង​ប្រើប្រាស់​សម្រាប់ ប្រព័ន្ធ​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​របស់​ប្រទេស​កម្ពុជា​។​

​សម្តេច​បាន​បន្ថែមថា បច្ចុប្បន្ននេះ កម្ពុជា​កំពុង​ដាក់ឱ្យអនុវត្ត​នូវ​កម្មវិធី ជាតិ​ដំណាក់កាល​ទី​ពីរ សម្រាប់​ពី​ឆ្នាំ​២០២១-២០៣០ ដែល​ក្នុង​កម្មវិធី​ជាតិ​នេះ នឹង​មាន​ការបន្ត​ការបែងចែក​អំណាច និង​ធនធាន​ទៅដល់​ថ្នាក់ក្រោម​ជាតិ ដើម្បី​អនុញ្ញាត​ឱ្យ​ថ្នាក់ក្រោម​ជាតិ​កាន់តែ​មាន​គណនេយ្យភាព​បន្ថែម​ទៀត​ចំពោះ ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​។ សម្ដេច​ក្រឡាហោម បាន​ស្នើ​ដល់​ឯកអគ្គរដ្ឋទូត ក៏​ដូចជា​ប្រទេស​អាល្លឺម៉ង់ ឱ្យជួយ​បន្ត​គាំទ្រ​ដល់ ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។​

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​អាល្លឺម៉ង់​លើ​វិស័យ​នគរបាល សម្ដេច​ក្រឡាហោម បាន​លើកឡើង​ថា កម្ពុជា​សព្វថ្ងៃ​ត្រូវការ​ធនធាន​មនុស្ស​ជា​ចាំបាច់ ដើម្បី​រក្សា​សន្តិសុខ ឱ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។

​សម្ដេច​ក៏​បាន​បញ្ជាក់​ដែរ​អំពី​ការអញ្ជើញ​ឯកឧត្តម​អតីត​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ក៏ដូចជា​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៅក្នុង​ខេត្តកណ្ដាល​ផងដែរ ហើយ​នៅពេល​នោះ​អតីត​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចាស់ បាន​សម្ដែង​នូវ​ការពេញចិត្ត យ៉ាងខ្លាំង​ចំពោះ​សមិទ្ធផល​ដែល​កម្ពុជា​សម្រេចបាន​។​

​សម្ដេច​ក្រឡាហោម បាន​ជម្រាបជូន ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថ្មី​ថា កម្ពុជា​ចង់​ឱ្យ​មន្ត្រីនគរបាល មាន​ស្តង់ដារ​សមត្ថភាព​ខ្ពស់​ដូច​ទៅនឹង​មន្ត្រីនគរបាល​អន្តរជាតិ​ផងដែរ ក្នុងន័យ​នេះ​សម្ដេច​ក្រឡាហោម បាន​ស្នើ​ឱ្យ​ប្រទេស​អាល្លឺម៉ង់​ពិនិត្យឡើងវិញ នូវ​លទ្ធភាព​បង្កើត​កិច្ចសហប្រតិបត្តិកា​រពាក់​ព័ន្ធ​នឹង​វិស័យ​នគរបាល​នេះ​ជាមួយ​ប្រទេស​កម្ពុជា​។​

Leave a Reply

Your email address will not be published. Required fields are marked *