- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​ហត្ថ​ពលកម្ម​បរទេស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រារព្ធ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​

​នា​ព្រឹក​ថ្ងៃ​សុក្រ ១៤​រោច ខែ​បុស្ស ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​ហត្ថ​ពលកម្ម​បរទេស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រារព្ធ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​រដ្ឋមន្ត្រី​, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ​, ឯកឧត្តម​អគ្គនាយក​, ឯកឧត្តម លោកជំទាវ​អភិបាល​រាជធានី​-​ខេត្ត​, តំណាង​ស្ថានទូត ស្ថាន​តំណាង​ប្រទេស​នានា​ប្រចាំ​កម្ពុជា​, តំណាង​អង្គការ​អន្តរជាតិ​, អង្គការ​មិនមែន​រដ្ឋាភិបាល​, វិស័យ​ឯកជន និង​តំណាង​សហជីព​។​

​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គពិធី​ថា ជនបរទេស​ដែល​បាន​ធ្វើ​បណ្ណ​ការងារ និង​សៀវភៅ​ការងារ មាន​ការកើនឡើង​ពី ៤០០​នាក់ នៅ​ឆ្នាំ​២០១៣ ដល់ ២០៧.៨៨៦​នាក់ នៅ​ឆ្នាំ​២០១៩ ខណៈ​ក្រោយ​វិបត្តិកូ​វីដ​-១៩ មាន​ប្រមាណ ១៨១.៦៥៣​នាក់ គិត​ត្រឹម​ឆ្នាំ​២០២២ ដោយ​ក្រសួង​រក​ចំណូល​ចូល​ថវិកា​ជាតិ​តាមរយៈ​ការផ្ដល់​បណ្ណ​ការងារ និង​សៀវភៅ​ការងារ​ប្រមាណ ២២.៨​លាន​ដុល្លារ តាមរយៈ​ការផ្ដល់​ទិដ្ឋាកា​រងារ​បាន​ប្រមាណ ៦​លាន​ដុល្លារ និង​តាមរយៈ​ការ​ផាកពិន័យ​បាន​ប្រមាណ ៧៦​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​អំពី​បញ្ហា​ប្រឈម​មួយចំនួន ដូចជា កាស៊ីណូ ក្លឹប​កំសាន្ត និង​ជន​បរទេស​មួយ​ចំនួន​បាន​លួចលាក់​មិន​ប្រកាស​ពី​ចំនួន​បុគ្គលិក​បរទេស បាន​បន្ត​លាក់បាំង​ហត្ថ​ពលកម្ម​បរទេស ការ​លួច​ឆ្លងដែន​របស់​ជនបរទេស​ខុស​ច្បាប់​តាម​មេខ្យល់ សកម្មភាព​ល្បែង​អន​ឡាញ ការប្រកាស​ផ្សព្វផ្សាយ​ការងារ​បោកប្រាស់ និង​ចំណុចខ្សោយ​នៃ​កិច្ចសហការ​រវាង​អាជ្ញាធរ និង​ស្ថាប័ន​។ ឯកឧត្តម​បណ្ឌិត​បន្ថែមថា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ជំរុញ និង​ត្រួតពិនិត្យ​ការងារ​ហត្ថ​ពលកម្ម​បរទេស ដើម្បី​ដឹកនាំ​ពង្រឹង​ការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ជំរុញ​អធិការកិច្ច​តាម​សហគ្រាស គ្រឹះស្ថាន​កាស៊ីណូ ក្លិប​កំសាន្ត ដើម្បី​គាំទ្រ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​ជាដើម​។​

​អញ្ជើញ​ថ្លែង​សុន្ទរកថា​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​ស្ថាប័ន​នានា ជាពិសេស​អគ្គនាយកដ្ឋាន​ការងារ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​សហការ​ល្អ​ក្នុង​ការគ្រប់គ្រង​ហត្ថ​ពលកម្ម​បរទេស ដោយ​មាន​ការគាំទ្រ​ការចូលរួម​ពី​កម្មករនិយោជិត​បរទេស និង​ម្ចាស់​រោងចក្រ សហគ្រាស មូលដ្ឋាន​អាជីវកម្ម​នានា​។

​សម្ដេច​ក្រឡាហោម​បន្តថា ក្នុងពេល​ដែល​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​កម្ពុជា កំពុង​ជាប់​ដៃ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​ការដោះស្រាយ​វិបត្តិ​បណ្តាលមកពី​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​កន្លងមក ពួកឧក្រិដ្ឋជន​នៅ​ក្រៅ​ប្រទេស​មួយចំនួន បាន​ឆ្លៀតឱកាស​ប្រព្រឹត្ត​បទល្មើស​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អន​ឡា​ញ ដើម្បី​ទាក់ទាញ​ជនបរទេស​ឱ្យ​ប្រព្រឹត្ត​បទល្មើស ល្បែងភ្នាល់​អន​ឡាញ​ខុសច្បាប់ និង​ទាក់ទាញ​បោក​បញ្ឆោត ពលករ​បរទេស​ឱ្យ​ចូល​មក​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា ក្រោមរូបភាព​ផ្តល់ប្រាក់​ឈ្នួល​ពលកម្ម​ក្នុង​តម្លៃ​ខ្ពស់​ជាដើម​។​

​សម្ដេច​បាន​បន្ថែមថា ប្រឈមមុខ​ចំពោះ​សភាពការណ៍​នេះ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​កម្ពុជា បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ប្រកបដោយ​តម្លាភាព មាន​ការចូលរួម និង​គណនេយ្យភាព ដោយ​បើកចំហរ​ឱ្យ​សាមីខ្លួន ក្រុមគ្រួសារ ឬ​អ្នកពាក់ព័ន្ធ​នានា​ដែល​អះអាង​ថា បាន​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម ដើម្បី​ធ្វើការ​ផ្តល់ព័ត៌មាន ឬ​ប្តឹង​តាម​ប្រព័ន្ធ​ហ្វេ​សប៊ុក​សម្ដេច​ផ្ទាល់ ឬ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ និង​ប្រព័ន្ធ​ទំនាក់ទំនង​នានា នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

​សម្ដេច​បាន​ឱ្យដឹងថា មកទល់​ពាក់កណ្តាល​ខែ​មករា​នេះ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​កម្ពុជា បានទទួល​ព័ត៌មាន និង​ពាក្យបណ្តឹង​នានា​ចំនួន ៧០៧​ករណី បាន​ស្រាវជ្រាវ​រកឃើញ ៤៤៥​ករណី មាន​ជនបរទេស​ចំនួន ១.០៤៥​នាក់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​នានា​ចំនួន ១២០​នាក់ មាន ៤​សញ្ជាតិ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ និង​បាន​បិទ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​បទល្មើស​ចំនួន ០៥​ក្រុមហ៊ុន ព្រមទាំង​ផ្អាក​អាជីវកម្ម និង​បន្ត​ស្រាវជ្រាវ ៤​ក្រុមហ៊ុន ហើយ​ក្នុងចំណោម​ពាក្យបណ្តឹង​ដែល​ទទួលបាន អាជ្ញាធរ​កម្ពុជា​បាន​បិទ​សំណុំរឿង ២២៩​ករណី ដោយ​មូលហេតុ​រក​មិនឃើញ​ទីតាំង និង​ផ្តល់​ព័ត៌មាន​មិន​ច្បាស់លាស់​។​

​សម្ដេច​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បានសម្រេច​រៀបចំ​នូវ​យន្តការ ២​ទៀត ដើម្បី​ជួយ​គាំទ្រ​ដល់​ប្រតិបត្តិ​ការស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ដោយ​បាន​បង្កើត​នូវ​ក្រុម​ការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទូទាំងប្រទេស ដែល​ដឹកនាំ​ដោយ ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​អន្តរក្រសួង​ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស ដែល​ដឹកនាំ​ដោយ​ឯកឧត្តម នៅ លក្ខ​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

​ការបង្កើត​យន្តកា​រទាំ​ង​ពីរ​នេះ ត្រូវបាន​សម្ដេច​អះអាង​ថា ដោយសារ​ឆ្លងតាម​ប្រតិបត្តិការ ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស កងកម្លាំង​មាន​សមត្ថកិច្ច​កម្ពុជា​បាន​រកឃើញ​ជនបរទេស​មួយចំនួន ត្រូវបាន​មេខ្យល់ មេខ្លោង​នៅ​ក្រៅប្រទេស​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អន​ឡាញ​ឱ្យ​ចូល​មក​ធ្វើការ​ខុស​ច្បាប់​នៅ​តាម​ទីតាំង​ល្បែងភ្នាល់​អន​ឡាញ​ខុសច្បាប់​នានា ដែល​ភាគច្រើន​នៅ​ខេត្ត​ព្រះសីហនុ និង​ដោយ​ពិនិត្យ​ឃើញ​ភាពស្មុគស្មាញ នៃ​ល្បែងភ្នាល់​អន​ឡាញ​ខុសច្បាប់ និង​ការប្រើប្រាស់​ពលកម្ម​បររទេស​មិន​ស្របច្បាប់​នៅ​តាម​ទីតាំង​នានា​។​

​ព្រម​ជាមួយ​នេះ សម្ដេច​បាន​បន្ថែមថា ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ធ្វើ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​ក្នុង​កាស៊ីណូ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ស្របច្បាប់​មួយ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ហើយ​បាន​រកឃើញ​ជនបរទេស​ដែល​ធ្វើការ នៅ​កាស៊ីណូ​នេះ​ជាង ៣,៨០០​នាក់ ក្នុងនោះ​មាន​តែ ៤៧០​នាក់​ប៉ុណ្ណោះ ដែលមាន ប័ណ្ណ​ការងារ និង​សៀវភៅ​ការងារ​ត្រឹមត្រូវ​ស្របច្បាប់​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បន្ថែមថា ផ្អែក​លើ​សភាពការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​កែសម្រួល​សមា​សភាព​គណៈកម្មការ​អន្តរក្រសួង​ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស ដោយ​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើជា​ប្រធាន​គណៈកម្មការ សំដៅ​ពង្រីក​វិសាលភាព​ការងារ​នេះ​នៅ​ទូទាំង​ប្រទេស ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ពង្រឹង និង​លើកកម្ពស់​ការទទួលខុសត្រូវ​ក្នុង​ការបំពេញ​ការងារ​រួមគ្នា​របស់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការគ្រប់គ្រង​ហត្ថ​ពលកម្ម​បរទេស​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​។​

​សម្ដេច​ក្រឡាហោម បាន​សង្កត់ធ្ងន់ថា ផ្អែក​លើ​សភាពការណ៍​វិវត្ត​ប្រែប្រួល​ទាំងនេះ ទាមទារ​ឱ្យមាន​ការពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ទាំង​ស្ថាប័ន​រដ្ឋ វិស័យ​ឯកជន សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ និង​ប្រទេស​នានា ដើម្បី​សហការ​គ្នា​ឱ្យបាន​ជិតស្និទ្ធ​ក្នុង​ការបង្ការ​ទប់ស្កាត់​សកម្មភាព​ល្មើសច្បាប់​ទាំងនេះ និង​សហការ​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច សំដៅ​រក្សា និង​បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ប្រទេស​នីមួយៗ ដើម្បី​រួមគ្នា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកលលោក​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម នៅ លក្ខិណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធា​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​អន្តរក្រសួង​ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ឯកឧត្តម សេង ស​ក្កដា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​គោរព​ជូន​សម្ដេច​ក្រឡាហោម និង​អង្គពិធី​ផងដែរ​។​

​បន្ទាប់ពី​បាន​ស្ដាប់​របាយការណ៍ និង​ការធ្វើ​បទ​បង្ហាញ សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ផ្ដល់​គោលការណ៍​ណែនាំ និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រសួង​ស្ថាប័ន គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ សហការ​រួម​គ្នា​អនុវត្ត​ផែនការ​សកម្មភាព​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​អំពាវនាវ​ដល់​កម្មករ​ន​យោជិក​បរទេស និយោជក​នៃ​រោងចក្រ សហគ្រាស មូលដ្ឋាន​អាជីវកម្ម និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ផ្ដល់​ការគាំទ្រ និង​ចូលរួម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​។​

​សម្ដេច​ក៏​បាន​ណែនាំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត ត្រូវ​ដឹកនាំ ណែនាំ សហការ សម្របសម្រួល ផ្សព្វផ្សាយ​ច្បាប់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ការគ្រប់គ្រង និង​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​ដល់​កម្មករ​និយោជិក​បរទេស និង​និយោជក​នៃ​រោងចក្រ​សហគ្រាស និង​មូលដ្ឋាន​អាជិ​វ​កម្ម​នានា​ក្នុង​មូលដ្ឋាន​រាជធានី​-​ខេត្ត​របស់​ខ្លួន ហើយ​តាមដាន ត្រួត​ពិន្យ ដំណើរការ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​ឱ្យ​បាន​ម៉ត់ចត់ តាម​ប្រព័ន្ធ​គោលការណ៍ និង​នីតិវីធី​កំណត់​ដោយ​តម្លាភាព គណនេយ្យភាព និង​ត្រូវ​ធានា​រក្សា​ឱ្យបាន​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​មិន​ត្រូវ​ធ្វើឱ្យ​ប៉ះពាល់ ឬ​រំខាន​ដល់​ដំណើរការ​ផលិតកម្ម អាជីវកម្ម​ស្របច្បាប់​របស់​រោងចក្រ​សហគ្រាស និង​មូលដ្ឋាន​អាជីវកម្ម​នានា​នោះ​ឡើយ​។​

​សម្ដេច​បន្ថែមថា ក្នុង​ពេល​ចុះ​ធ្វើ​អធិការកិច្ច ករណី​រកឃើញ​តម្រុយ​សង្ស័យ​បទល្មើស​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម អាជីវកម្ម​ផ្លូវភេទ ឬ​បទ​ល្មើស​ផ្សេងៗ​ទៀត ក្រុមចម្រុះ​អធិការកិច្ច ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​គណៈបញ្ជាការ​ឯកភាព រាជធានី​-​ខេត្ត និង​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ចាត់វិធានការ​ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​ជា​ធរមាន​។ ជាមួយគ្នា​នេះ​សម្ដេច​ណែនាំ​ឱ្យ​គណៈកម្មការ​អន្តរ​ក្រសួង​រៀបចំ​ប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ ដំណើរការ​ធ្វើ​របាយការណ៍​ស្វ័យ​ប្រកាស​ក្នុង​ដំណាក់កាល​ទី​១ និង​ការចុះ​ធ្វើ​អធិការកិច្ច​ក្នុង​ដំណាក់កាល​ទី​២ សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​ប្រជុំ​ដក​ពិសោធន៍ សំដៅ​ជំរុញ​ការអនុវត្ត​ការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សម្ដេច​ក៏​បាន​ណែនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ជនបរទេស​ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្ការ ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ សំដៅ​ពង្រឹង​សន្តិសុខ​ជាតិ និង​សុវត្ថិភាព​សង្គម​។ សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​ពង្រឹង​កិច្ច​ហ​ការសម្របសម្រួល ធ្វើ​សកម្មភាព​ឱ្យ​បាន​ព្រមៗ​គ្នា រវាង​យន្តការ​ប្រតិបត្តិកា​រទាំ​ង​៣ គឺ​គណៈ​បញ្ជាការ​ដឹកនាំ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រុម​ការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​គណៈកម្មការ​អន្តរក្រសួង​ដែល​បានប្រកាស​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​។​

​ជាមួយគ្នា​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​បាន​ស្នើ​ស្ថានទូត ស្ថាន​តំណាង​ប្រទេស​នានា​នៅ​កម្ពុជា ដែល​មាន​ពលរដ្ឋ​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​កម្ពុជា សូម​ជួយ​អប់រំ​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ការគ្រប់គ្រង​ហត្ថ​ពលកម្ម​បរទេស សំដៅ​បង្ការ​ទប់ស្កាត់​ការ​មក​ធ្វើ​ការខុសច្បាប់ និង​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ស្រាវជ្រាវ បង្ក្រាប​បណ្ដាញ​មេខ្យល់ មេក្លោង សំដៅ​កាត់ផ្ដាច់​បណ្ដាញ​ប្រព្រឹត្ត​បទល្មើស​ឱ្យមាន​ប្រសិទ្ធភាព​។ សម្ដេច​បាន​បង្ហាញ​ក្ដីសង្ឃឹម​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​អនុវត្ត​ការងារ​នេះ​ឱ្យបាន​ល្អ​ប្រសើរ​៕

Leave a Reply

Your email address will not be published. Required fields are marked *