- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​តម្រង់​ទិស​ការងារ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម (​គ​.​ជ​.​ដ​.​អ​.)

(​ភ្នំពេញ​) ៖​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​រោច ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​តម្រង់​ទិស​ការងារ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម (​គ​.​ជ​.​ដ​.​អ​.) នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អង្គ​វង្ស វឌ្ឍា​នា ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ទី​១ ក្រុមប្រឹក្សា​អ្នកច្បាប់ ឯកឧត្តម បណ្ឌិត​សភា​ចារ្យ ហ៊ីង ថូ​រ៉ា​ក់ស៊ី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ទីស្ដីការ​គណៈ​រដ្ឋ​ន្ត្រី ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ម​ហ​ផ្ទៃ ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​។​

​អញ្ជើញ​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​តម្រង់​ទិស​ការងារ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម (​គ​.​ជ​.​ដ​.​អ​.) បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​ដឹកនាំ​តម្រង់​ទិស​ការងារ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម (​គ​.​ជ​.​ដ​.​អ​.) ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៧ របស់ គ​.​ជ​.​ដ​.​អ​. នា​ឱកាស​នេះ ពិសេស​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​អត្តសញ្ញាណ​កម្ម​ឆ្នាំ​២០១៧-២០២៦​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​គោលដៅ​ចម្បង​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​អត្តសញ្ញាណ​កម្ម​ឆ្នាំ​២០១៧-២០២៦ គឺ​ការបង្កើត​ប្រព័ន្ធ​រួម​នៃ​អត្តសញ្ញាណ​កម្ម​ប្រជាជន និង​ការគ្រប់គ្រង​ទិន្នន័យ​ដើម្បី​ថែរក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​លើកកម្ពស់​ការបម្រើ​សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​។ សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​សមិទ្ធផល​នៃ​ផែនការ​យុទ្ធសាស្ត្រ​នេះ ក៏​នឹង​រួមចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​រួមចំណែក​ដល់​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការកំណត់​មុខសញ្ញា​សង្ស័យ​នានា​ទាំង​ក្នុងប្រទេស ក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក​។​

​សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់ថា​ទិសដៅ​ការងារ​ដែល​ត្រូវ​ខិតខំ​សម្រេច​ឱ្យបាន​ក្នុង​តំណាក់កាល​នេះ រួមមាន​ការរៀបចំ​សេចក្ដី​ព្រាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ការបង្កើត​ប្រព័ន្ធ​រួម​អត្តសញ្ញាណ​កម្ម​ប្រជាជន ប្រព័ន្ទ​ចុះបញ្ជី​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រានុកូលដ្ឋាន ប្រព័ន្ធ​ចុះបញ្ជី​ស្នាក់នៅ និង​ប្រព័ន្ធ​អត្តសញ្ញាណ​កម្ម​។ សម្ដេច បន្ថែម​ថា​ជំហាន​បន្ទាប់​គឺ​ភ្ជាប់​ប្រព័ន្ធ​ទាំង​អស់​ទៅក្នុង​ប្រព័ន្ធ​មេ​មួយ​ដើម្បី​ប្រមូលផ្ដុំ​ទិន្នន័យ និង​សម្អាត​ទិន្នន័យ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ខណៈ​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​ការងារ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រង​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ពិសេស​ការ​ប្ដូរ​ពី​ការចុះបញ្ជី​ដោយ​ដៃ ទៅ​ជា​ការ​ចុះ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​។​

​នា​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​ជា​សមាជិក​អចិន្ត្រៃយ៍ គ​.​ជ​.​ដ​.​អ​. បាន​ធ្វើ​របាយការណ៍​ឱ្យដឹងថា ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​បាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ Vital Strategies ក្រុម​ការងារ​តាក់តែង​សេចក្ដីព្រាងច្បាប់​ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម បាន​ប្រជុំ​ឆ្លង​សេចក្តីព្រាងច្បាប់​ជា​រៀង​រាល់​សប្តាហ៍ និង​បាន​បញ្ចប់​សេចក្តីព្រាង​ទាំងស្រុង​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២ និង​បាន​រៀបចំ​សេចក្ដីព្រាង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​បន្តបន្ទាប់​។​

​ចំពោះ​ការពង្រឹង​យន្តការ​ច្រកចេញចូល​តែ​មួយ​សេវា​អត្តសញ្ញាណ​កម្ម​នៅ​ថ្នាក់​ឃុំ សង្កាត់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បានឱ្យដឹង​ថា​បន្ទាប់ពី​បាន​អនុវត្ត​សាកល្បង​ការងារ​នេះ​នៅ​ឃុំ សង្កាត់​ចំនួន​២៤​រួចមក ប្រជាពលរដ្ឋ​បាន​បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​។ ផ្អែកលើ​បទពិសោធន៍​ល្អ​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​គ្រោង​សិក្សា​អនុវត្ត​យន្តការ​នេះ​នៅ​ឃុំ សង្កាត់ ចំនួន​៥០០​ទៀត​។ ពាក់ព័ន្ធ​នឹង​ការងារ​អត្តសញ្ញាណ​កម្ម​នេះដែរ ឯកឧត្តម ក៏​បាន​រាយការណ៍​អំពី​ការទទួលយក​ព័ត៌មាន មតិយោបល់ សំណើរ និង​សំណូមពរ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ការងារ​អត្តសញ្ញាណ​កម្ម​ជូន​ន​ប្រជាពលរដ្ឋ​ជាង​៧​ពាន់​នាក់​។ ទន្ទឹមគ្នានេះ ក៏​មាន​ពលរដ្ឋ​ជិត​១​សែន​នាក់​បាន​ទាញ​យក​កម្មវិធី GDI eServices ទៅ​ប្រើប្រាស់​ផង​ដែរ​។​

​នា​ឱកាស​នោះ​ដែរ លោកជំទាវ ចាន់ សុទ្ធា​វី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក គ​.​ជ​.​ដ​.​អ​. បាន​ធ្វើ​របាយការណ៍​សង្ខេប​ស្ដីអំពី​ដំណើរការតាក់​តែងសេចក្ដី​ព្រាង​ច្បាប់​ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិះ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ដោយ​សេចក្ដីព្រាងច្បាប់​នេះ​មាន​ចំនួន​១២​ជំពូក ស្មើនឹង​១៨២​មាត្រា គឺ​ជំពូក​ទី​១ បទ​ប្បញ្ញត្តិ​ទូទៅ ជំពូក​ទី​២ ការចុះបញ្ជី​អត្រានុកូលដ្ឋាន ជំពូក​ទី​៣ ស្ថិតិ​អត្រានុកូលដ្ឋាន ជំពូក​ទី​៤ ការចុះបញ្ជី​ស្នាក់នៅ ជំពូក​ទី​៥ ការចុះបញ្ជី​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជំពូក​ទី​៦ ប្រព័ន្ធ​រួម​អត្តសញ្ញាណ​ប្រជាជន ជំពូក​ទី​៧ ការប្រើប្រាស់ ទិន្នន័យ ការការពារ​ឯកជន​ភាព​បុគ្គល និង​សន្តិសុខ​ទិន្នន័យ ជំពូក​ទី​៨ អំពី​កម្រៃ​សេវា ជំពូក​ទី​៩ ការត្រួតពិនិត្យ និង​អធិការកិច្ច ជំពូក​ទី​១០ ទោស​ប្បញ្ញា​ត្តិ ជំពូក​ទី​១១ អន្តរ​ប្បញ្ញត្តិ និង​ជំពូក​ទី​១២ អវសានប្ប​ញ្ញតិ​។​

​បន្ទាប់​ពី​ស្ដាប់​របាយការណ៍​ប្រចាំឆ្នាំ​២០២២ ស្ដីពី វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី អត្តសញ្ញាណ​កម្ម ឆ្នាំ​២០១៧-២០២៦ រាយការណ៍​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កង សា​ខន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​ដ​.​អ​. បាន​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ និង​ការដាក់​ចេញទិ​ដៅ​បន្ត​ដ៏​មាន​សារៈសំខាន់ និង​ចាំបាច់​នានា​។ សម្ដ​ច​ក៏បាន​ផ្ដល់​អនុសាសន៍​បន្ថែម​ចំពោះ​សំណូមពរ​មួយ​ចំនួ​ន​ផងដែរ​។​

​យោងតាម​របាយការណ៍ សម្រាប់​ឆ្នាំ​២០២៣​នេះ គ​.​ជ​.​ដ​.​អ​. ដែល​មាន​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួង​មហាផ្ទៃ​ជា​សេនាធិការ​ស្នូល នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ដើម្បី​ដាក់​ឆ្លង​កិច្ចប្រជុំពេញអង្គ​នៅ​គណៈរដ្ឋមន្ត្រី ព្រមទាំង​ជ្រើសរើស ឃុំ សង្កាត់​ចំនួន​៥០០ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ដាក់​ឱ្យ​អនុវត្ត យន្តការ​ច្រកចេញចូល​តែ​មួយ​សេវា​អត្តសញ្ញាណ​កម្ម​ក្នុង​ជំហាន​ទី​១ និង​បន្ត​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លើ​ការងារ​ផ្ទៀងផ្ទាត់​ទិន្នន័យ​រវាង​ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម និង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ CamDX​។​

​អគ្គនាយក​រដ្ឋា​ន​អត្តសញ្ញាណ​កម្ម នឹង​បន្ត​សហការ​ជាមួយ​ក្រសួង​សុខាភិបាល ជំរុញ​ការសាកល្បង​ត​ភ្ជាប់​ប្រព័ន្ធ​ជូនដំណឹង​អំពី​ព្រឹត្តិការណ៍ កំណើត​រស់ មរណភាព និង​មូលហេតុ​នៃ​មរណភាព ពី​មូលដ្ឋាន​សុខាភិបាល ហើយ​ដោយ​មាន​ការគាំទ្រ​ពី​មូលនិធិ Bloomberg Philanthropies អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នឹង​បន្ត​សហការ​ជាមួយ​អង្គការ Vital Strategies ដល់​ខែ​មីនា ឆ្នាំ​២០២៥ ដើម្បី​អនុវត្ត​ការងារ​កែលម្អ​ការចុះបញ្ជី​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រានុកូលដ្ឋាន ព្រមទាំង​ទទួល​ការគាំទ្រ​ផ្នែក​ច្បាប់ ក្នុង​ការតាក់តែង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្រោម​សេចក្តីព្រាង​ច្បាប់​ខាងលើ​។​

​អគ្គនាយក​រដ្ឋា​ន​អត្តសញ្ញាណ​កម្ម ក៏​នឹង​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ក្រសួង​ផែនការ ដើម្បី​ផ្តល់​ទិន្នន័យ​អត្រានុកូលដ្ឋាន សម្រាប់​បម្រើ​ឱ្យ​ការផលិត​របាយការណ៍​ស្ថិតិ​អត្រានុកូលដ្ឋាន ស្របតាម​អនុសាសន៍​អង្គការសហប្រជាជាតិ បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន HSC ដើម្បី​អនុវត្ត​គម្រោង​វិនិយោគ​លើ​ការផ្គត់ផ្គង់​ប្រព័ន្ធគ្រប់គ្រង ការងារ​អត្តសញ្ញាណ​កម្ម និង​កសាង​មជ្ឈមណ្ឌល​សម្រាប់​សេវា​ច្រកចេញចូល​តែមួយ និង​អគារ​រដ្ឋបាល​របស់​អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​៕

Leave a Reply

Your email address will not be published. Required fields are marked *