- ព័ត៌មានជាតិ

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ឆ្នាំ​២០២៣ របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មីនា ឆ្នាំ​២០២៣​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ឆ្នាំ​២០២៣ របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ តំណាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្នាក់ដឹកនាំ នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ក្រសួង​មហាផ្ទៃ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ​បណ្ឌិត សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា បាន​ធ្វើ​សេចក្តីរាយការណ៍​គោរព​ជូន សម្តេច​ក្រឡាហោម និង​អង្គប្រជុំ​អំពី​ដំណើរការ​នៃ​ការរៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​២០២៣ របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​ថា ផែនការ​សកម្មភាព​នេះ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ (២០១៩-២០២៣) និង​ផែនការ​យុទ្ធសាស្ត្រ​បណ្តា​ឆ្នាំ​កន្លង​ទៅ​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​មានប្រសាសន៍​បញ្ជាក់​ថា ផែនការ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ដឹកនាំ និង​គ្រប់គ្រង​លើកកម្ពស់​សមត្ថភាព បណ្ឌិត្យសភា​នគរបាល​កម្ពុជា ឱ្យ​ក្លាយជា​ស្ថាប័ន​ដែល​មាន​លក្ខណៈសម្បត្តិ​សមស្រប​តាម​ស្តង់ដា​គុណភាព លើកកម្ពស់ គុណភាព​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​នគរបាល​។​

​ឯកឧត្តម​សាស្ត្រាចារ្យ បន្ត​ថា​ផែនការ​នេះ នឹង​លើកកម្ពស់​គុណភាព និង​សមត្ថភាព​វិជ្ជាជីវៈ​មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ​ឱ្យ​ក្លាយជា​កងកម្លាំង​សហការ និង​កម្លាំង​ស្នូល ដែល​មាន​ចំណេះដឹង​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ គោរព​ប្រតិបត្តិ​ច្បាប់ គោរព​សិទ្ធិមនុស្ស មាន​ស្មារតី​ទទួលខុសត្រូវ​លើ​ការងារ ចេះ​ប្រើប្រាស់​ឧបករណ៍ និង​សម្ភារៈ​បច្ចេកទេស​ទំនើប ព្រមទាំង​បម្រើ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​បាន​ល្អប្រសើរ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូ​នគរបាល និង​មន្ដ្រី​នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារៈកិច្ច​របស់​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន ទាក់ទង​ទៅនឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ការកសាង​ធនធានមនុស្ស​ផ្នែក​កងកម្លាំង​នគរបាល​ជាតិ​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​។​

​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ឯកភាព​លើ​ផែនការ​សកម្មភាព​ឆ្នាំ​២០២៣​របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា និង​បាន​មានមតិ​ណែនាំ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការងារ​សមភាព​យេនឌ័​រ ដោយ​បង្កើន​សមាសភាព​មន្ត្រី​ជា​ស្ត្រី​យ៉ាង​តិច​២​នាក់ នៅក្នុង​អង្គភាព​ក្រោម​ចំណុះ​របស់ខ្លួន ដោយសារ​តែ​មកដល់​ពេលនេះ​សូម្បី​តែ​អភិបាលរង​ខេត្ត ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ឱ្យមាន​យ៉ាងតិច​២​នាក់​ផង​ដែរ​។​

​សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​បង្ហាញ ការជឿជាក់​ទៅលើ​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ​២០២៣ ថា​បណ្ឌិត្យសភា​នគរបាល​កម្ពុជា អាច​សម្រេចបាន​ជោគជ័យ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព​នេះ ជាពិសេស​ដើម្បី​ពង្រឹង​គុណភាព​នៃ​ការបណ្ដុះបណ្ដាល​កងកម្លាំង​នគរបាលជាតិ​គ្រប់​កម្រិត​ទាំង​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​នៅតាម​សាលា​នគរបាល​ជាតិភូមិ​ភាគ​៕

Leave a Reply

Your email address will not be published. Required fields are marked *