- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២៣

នា​រសៀល​ថ្ងៃ​អង្គារ ១៥​រោច ខែ​ផល្គុន ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្លែងថា​សន្និបាត​នាពេលនេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ តំណាង​ក្រសួង​ស្ថាប័ន សមាជិក​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អគ្គបញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍ គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី ខេត្ត ព្រមទាំង​តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​២០០​នាក់​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​មាន​បន្តថា​នៅ​ឆ្នាំ​២០២២​កន្លងទៅ ក្រុម​ឧក្រិដ្ឋជន​បាន​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​លួចលាក់​ផលិត​គ្រឿងញៀន​ខុសច្បាប់ ធ្វើ​បរិមាណ​គ្រឿងញៀន​សំយោគ​ដែល​បង្ក្រាប​បាន​មាន​ការកើនឡើង​ពី​មួយ​ឆ្នាំៗ​ទៅ​មួយ​ឆ្នាំ​ទាំង​ក្រប​ខណ្ឌ​អន្តរជាតិ តំបន់ និង​នៅ​កម្ពុជា ខណៈ​កម្ពុជា​នៅតែ​បន្ត​រងគ្រោះ​ដោយសារ​ការ​ចរាចរណ៍​ឆ្លងកាត់​គ្រឿងញៀន ពិសេស​ករណី​រក្សាទុក កែច្នៃ និង​ជួញដូរ​គ្រឿងញៀន​នៅតាម​អគារ​ខុន​ដូរ បុរី​លំនៅដ្ឋាន ផ្ទះជួល ទីតាំង​ដី​និង​ឃ្លាំង​ជួល ដើម្បី​ដឹក​ទៅកាន់​ប្រទេស​នានា​។​

​ឯកឧត្តម បានឱ្យដឹង​ថា​នៅ​ឆ្នាំ​២០២២​កន្លងទៅ សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង​១៤​តោន កើន​ជាង​៣០០​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២១ ដែល​ជា​ទំហំ​មួយ​ច្រើន​លើសលុប​គួរឱ្យ​ព្រួយបារម្ភ ខណៈ​អ្នកប្រើប្រាស់​គ្រឿងញៀន​មាន​ជាង​២​ម៉ឺន​២​ពាន់​នាក់ កើន​ជាង​៥​ពាន់​នាក់ ធៀប​នឹង​ឆ្នាំ​២០២១​។ ឯកឧត្តម បន្តថា​នៅ​ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​បាន ៦ ៣៩០​ករណី ឃាត់ខ្លួន​ជនសង្ស័យ ១៥ ០០២​នាក់ ក្នុងនោះ​ករណី​ធំៗ​មាន​១៧៩​ករណី ភាគច្រើន​ជា​ការបង្ក្រាប​សារ​ធាតិគីមី​ផ្សំ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ការ កងកម្លាំងប្រដាប់អាវុធ គ្រប់​លំដាប់​នៃ​ក្រសួង​-​ស្ថាប័ន សមាជិក អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មន្ត្រី រាជការ កងកម្លាំង នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ អង្គការ​សង្គម​ស៊ីវិល​មនុស្សធម៌​-​សប្បុរសធម៌ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ វិស័យ​សាសនា និង​វិស័យ​ឯកជន ទាំងអស់ ដែល​បាន​ចូលរួម និង​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការបំពេញ​តួនាទី ភារកិច្ច​យ៉ាងសកម្ម​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​រហូត​សម្រេច​បាន​សមិទ្ធផល នានា​ជាច្រើន​ក្នុង​ឆ្នាំ​២០២២ កន្លងមកនេះ​។

​ជាមួយនឹង​ការ​ថ្លែង​កោតសរសើរ​នេះ សម្ដេច ក៏​បាន​កត់សម្គាល់​ចំពោះ​សមិទ្ធផល​សំខាន់ៗ រួមមាន​ទាំង​ការងារ​ផ្សព្វផ្សាយ​អប់រំ​, ការងារ​អនុវត្ត​ច្បាប់ ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​, ការពង្រឹង​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​, ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​មួយ​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ ការរៀប ចំ បង្កើត ភូមិ ឃុំ​/​សង្កាត់ ស គ្មាន​គ្រឿងញៀន​នៅតាម​តំបន់​ព្រំដែន ព្រម​ទាំង​ការ​រ​រៀបចំ គោលនយោបាយ​និង​ឯកសារ​គតិយុត្តិ​ជា​ច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ដែល​ជា​សកម្មភាព​ស្នូល​ដ៏​សំខាន់ ពិសេស​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៧ របស់​រាជរដ្ឋាភិបាល​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ទៀត​ថា​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ ទោះបី​កម្ពុជា ក៏ដូជា​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ បាន​ខិតខំ​ប្រឹងប្រែង​យក ចិត្ត​ទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​យ៉ាងណាក្ដី ក៏​ស្ថានភាព​គ្រឿងញៀន ទាំង​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ និង​តំបន់​នៅតែ​មាន​ការវិវត្ត​ប្រែប្រួល​ក្នុង​រូប​ភាពស្មុគស្មាញ និង​គ្រោះថ្នាក់​បំផុត​គួរឱ្យ​ព្រួយបារម្ភ ព្រោះ​ក្រុម​ឧក្រិដ្ឋជន បាន​ធ្វើ​ការផ្លាស់ប្ដូរ​រូបភាព កលល្បិច វិធីសាស្ត្រ​ថ្មីៗ ក្នុងការ​លួចលាក់​ផលិត​គ្រឿងញៀន​ខុសច្បាប់ ធ្វើឱ្យ​បរិមាណ​គ្រឿងញៀន​សំយោគ ដែល​បង្ក្រាប​បាន​មាន​ការកើនឡើង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទាំង​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ តំបន់​ទាំងមូល រួម​ទាំង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​។​

​សម្ដេច បាន​សន្និដ្ឋាន​ថា​ទាំង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​នេះ កម្ពុជា​នៅ​បន្ត​រងគ្រោះ​ពី​ការ​ចរាចរ​គ្រឿងញៀន ឆ្លងកាត់​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​តាម​បញ្ញើ​ប្រៃសណីយ៍ ពិសេស​ករណី រក្សាទុក​កែច្នៃ​ផលិត និង​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស ក្នុងនោះ​ករណី​ក​ថ្ល ផលិត​គ្រឿងញៀន​ប្រភេទ​កេតា​មីន ករណី​រក្សាទុក និង​ជួញដូរ​គ្រឿងញៀន ដែល​កើត មាន​ឡើង​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន និង​មួយចំនួនទៀត​តែង​កើតមានឡើង​ជា​បន្តបន្ទាប់​នៅតាម​អគារ​ខុន​ដូរ​បុរី លំនៅដ្ឋាន ផ្ទះជួល និង​ទីតាំង​ដី ឃ្លាំង​ជួល និង​ការ​វេច​ខ្ចប់​គ្រឿងញៀន​ក្នុង​គោលបំណង​នាំចេញ​ទៅ​ក្រៅ​ប្រទេស​តាម​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម និង​ការដឹកជញ្ជូន ចេញ​តាម​ច្រក​សមុទ្រ​កម្ពុជា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង​។​

​ពី​វេទិការ​អធិបតី​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​រំលឹក និង​ជំរុញ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យកចិត្តទុកដាក់​ពិនិត្យ និង​ចាត់ចែង​ឱ្យមាន​ប្រសិទ្ធភាព ចំពោះ​ប្រសាសន៍​ណែនាំ​ដ៏ ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ក្នុងឱកាស​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង ទិសដៅ​ឆ្នាំ​២០២៣ របស់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កន្លងទៅ​ដែល​សម្តេច​បាន​លើកទឹកចិត្ត​ដល់ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន បន្ត​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃ គូ អភិវឌ្ឍន៍​នានា​ធ្វើការ​សិក្សា​ឡើងវិញ​អំពី​ក្របខណ្ឌ​ច្បាប់ និង​គោលការណ៍​វិ ធាន​ការ​នានា​ក្នុង​ការបង្ការ​ទប់ស្កាត់​ការ​លួច​កែច្នៃ​ផលិត ការប្រើប្រាស់​គ្រឿងញៀន ខុសច្បាប់ និង​ការស្តារ​នីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ខុស​ច្បាប់​ទាំង​ក្នុងពេល ចំពោះមុខ និង​សម្រាប់​រយៈពេល​មធ្យម ទៅ​រយៈ ពេល​វែង​។​

​សម្ដេច​បាន​ស្នើ​គ្រប់​ក្រសួង​-​ស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ជាពិសេស គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​-​ខេត្ត ត្រូវ​បន្ត​យកចិត្ត​ទុក​អនុវត្ត សកម្មភាព​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឲ្យបាន​ម៉ឺងម៉ាត់ និង​កាន់តែ​ខ្លាំងក្លា​ថែម ទៀត ស្របតាម​ផែនការ​គោលនយោបាយ​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​របស់​រាជរដ្ឋាភិបាល ហើយ​ស្ថាប័ន​-​អង្គភាព ដែល​មាន​មន្ត្រី​បម្រើ​ការងារ​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន និង​ខេត្ត​ជាប់​ព្រំដែន ត្រូវ​បន្ត យកចិត្តទុកដាក់ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​បង្កា​រ ទប់ស្កាត់ និង​បង្ក្រាប​ការ ចរាចរ ការជួញដូរ​គ្រឿងញៀន និង​សារធាតុ​គីមី​ផ្សំ​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​ឲ្យមាន ប្រសិទ្ធភាព​ខ្ពស់​។​

​ក្នុងនាម​រាជរដ្ឋាភិបាល សម្ដេច​ក៏​បាន​ណែនាំ​ដល់ ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​ឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួង​សុខាភិបាល ត្រូវ​ពង្រឹង​និង​បង្កើន​ការ ត្រួតពិនិត្យ​រាល់​សកម្មភាព​នាំចូល និង​ប្រើប្រាស់​សារធាតុ​គីមី និង​សារធាតុ​គីមី​ផ្សំ គ្រឿងញៀន នៅតាម​បណ្តា​ក្រុមហ៊ុន​រោងចក្រ ព្រមទាំង​លើកកម្ពស់​ការប្រើប្រាស់ យន្តការ​ខ្សែបណ្ដោយ​ថ្នាក់ក្រោម​ជាតិ ធ្វើ​ជា​សេនាធិការ​ក្នុង​ការតាមដាន និង​ត្រួត ពិនិត្យ​បន្ត​លើ​ការប្រើប្រាស់​សារធាតុ​គីមី​ផ្សំ ហើយ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន រាជធានី​-​ខេត្ត ត្រូវ​ដឹកនាំ​ជំរុញ និង​លើកកម្ពស់ ប្រសិទ្ធភាព ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព គោលនយោបាយ​ភូមិ ឃុំ​/ សង្កាត់ ស គ្មាន​គ្រឿងញៀន និង​ត្រូវ​ចាត់តាំង​ចូលរួម​អនុវត្ត​កម្មវិធី​ព័ត៌មាន​ទាន់​ហេតុការណ៍ ដែល​ជា​កម្មវិធី​របស់​ក្រសួង​មហាផ្ទៃ​ជាមួយ​វិទ្យុ អេ​ហ្វ​អឹម ១០២ ឱ្យបាន​ជា​ប្រចាំ​ន និង​មាន​ប្រសិទ្ធភាព​។

​សម្ដេច ក៏​បាន​ណែនាំ​ក្រសួង ស្ថាប័ន កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​យុត្តិធម៌ សម្របសម្រួល​ជាមួយ​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ពន្លឿន​ការជំនុំជំរះ​ក្តី នៃ​បទល្មើស​គ្រឿងញៀន​ឲ្យបាន​ឆាប់រហ័ស និង​បន្ត​ពន្លាត​ដែន​សមត្ថកិច្ច​ស្រាវជ្រាវ លើ​បទ​ល្មើស​គ្រឿងញៀន​ណា​ដែល​សង្ស័យ​ថា​មាន​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ ដើម្បី ធ្វើការ​ដកហូត​បាន​ទាន់​ពេលវេលា​នូវ​ទ្រព្យសម្បត្តិ ដែល​បានមកពី​ផល​នៃ​ការប្រព្រឹត្តិ បទល្មើស និង​បង្ហាញ​ពី​ឆន្ទៈ កិច្ចសហប្រតិបត្តិការ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ ចូលរួម​ស៊ើបអង្កេត​ស្រាវជ្រាវ​ប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ហិរញ្ញ ប្បទាន​គាំទដល់​ការរីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​នៅក្នុង​ក្រប​ខណ្ឌ​សកលលោក ហើយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្រូវ​សម្របសម្រួល​ជាមួយ​ក្រសួង​- សា្ថប័ន​ជំនាញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ពន្លឿន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​ដើម្បី​អនុវត្ត​ទិសដៅ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ ២០២៣ ក៏ដូចជា​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ របស់​រាជរដ្ឋាភិបាល កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ខ្លាំង ឡើង​ថែម​ទៀត​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ក៏​បាន​អំពាវ​សប្បុរសជន អង្គការ សមាគម វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍ​ជាតិ​-​អន្តរជាតិ សូម​ចូលរួម និង​ផ្ដល់​ការគាំទ្រ​តាម​គ្រប់​លទ្ធភាព​ជា មធ្យោបាយ សម្ភារៈ បច្ចេកទេស និង​ថវិកា ដើម្បី​ឱ្យ​ការដោះស្រាយ បញ្ហា គ្រឿងញៀន​នៅ កម្ពុជា កាន់តែ​មាន ប្រសិទ្ធភាព ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ និង​សូម​ពុក​ម៉ែ​បងប្អូន កូនក្មួយ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ និង​គាំទ្រ​ដល់​សកម្មភាព ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តាម​គ្រប់​រូបភាព គ្រប់ពេលវេលា សម្រាប់​មូលដ្ឋាន និង​សង្គម​របស់​យើង មាន​សុខ​សុវត្ថិភាព និង​ការអភិវឌ្ឍន៍​។​

​ជាមួយគ្នានេះ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង កាត់បន្ថយ​បាន​នូវ​ភាពស្មុគស្មាញ ឬ​ឧបសគ្គ​នៃ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​មន្ត្រី អនុវត្ត​ច្បាប់​គ្រឿងញៀន សម្ដេច​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ផ្សព្វផ្សាយ ណែនាំ បន្ត និង​អនុវត្ត​ទិស​ស្លោក​របស់​រាជរដ្ឋាភិបាល ៣​កុំ ១​រាយការណ៍ កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​លើកលែង និង​ត្រូវ​រាយការណ៍ ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​គ្រប់​ករណី​បទល្មើស​គ្រឿងញៀន​៕

Leave a Reply

Your email address will not be published. Required fields are marked *