សាមគ្គីភាពជាកម្លាំង! ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រកបដោយមោទកភាពចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ជាពិសេសថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា, អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា, អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញារៀបចំការផ្សាយផ្ទាល់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ និងជាទីមោទនៈ។
បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទស្សនាផ្ទាល់រាប់លាននាក់ និងបងប្អូនដែលបានតាមដានទស្សនាតាមកញ្ចក់ទូរទស្សន៍ និងតាមវិទ្យុពិតជាបានទទួលនូវព័ត៌មានពីព្រះរាជពិធី ជាពិសេសរូបភាពនៃការប្រណាំងទូក និងការបណ្តែតប្រទីប ក៏ដូចជាសមុទ្រមនុស្សនៅទីប្រារព្ធពិធី។
យើងទាំងអស់គ្នាពិតជាមានសេចក្តីសប្បាយរីករាយក្នុងការបម្រើប្រជាពលរដ្ឋ និងសូមអភ័យទោសចំពោះកំហុសឆ្គងអចេតនាទាំងឡាុយ ហើយយើងទាំងអស់គ្នានឹងខិតខំធ្វើឱ្យល្អបន្ថែមទៀត។
សូមអរគុណបងប្អូនប្រធានមន្ទីរព័ត៌មាននិងថ្នាក់ដឹកនាំទទួលបន្ទុកមន្ទីរព័ត៌មានខេត្តរាជធានីទាំងអស់ដែលបានសម្របសម្រួលការងារផ្សាយបន្តផ្ទាល់។
ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលបានចូលរួមផ្សាយបន្តផ្ទាល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះបានយ៉ាងទូលំទូលាយដើម្បីជូនដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទស្សនាកម្សាន្ត និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណី ទំនៀមទម្លាប់កម្ពុជា។
សូមអរគុណសន្តិភាពដែលអនុញ្ញាតឱ្យកម្ពុជាអាចព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះបានយ៉ាងសប្បាយរីករាយបំផុត៕






