- ព័ត៌មានជាតិ

សម្តេច​កិត្តិ​ស​ង្គ​បណ្ឌិត ម៉ែន សំអន គោរព​ដឹងគុណ​ដល់​គម្រូ​វរី​ភាព​នារី​ដែល​បាន​ចូលរួម​ក្នុងការ​រំដោះជាតិ មាតុភូមិ ក្នុង​ឱកាស​ខួប ៤៥​ឆ្នាំ នៃ​ថ្ងៃ​កំណើត​របស់​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ បាន​អញ្ជើញ​ជួប​សំណេះ​សំ​ណា​លេជា​មួយ​និវត្តន៍​ជន​ជា​នារី នៃ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ដែល​មាន​ស្នាដៃ និង​អបអរសាទរ​ក្នុង​ឱកាស​ខួប​លើក​ទី​៤៥ ថ្ងៃ​បង្កើត​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​មានប្រសាសន៍ថា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ខាងមុខនេះ គឺជា​ថ្ងៃកំណើត របស់​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ហើយក៏​ជា​ថ្ងៃកំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ផងដែរ​។ សមាគម​នារី​កម្ពុជា បានចាប់កំណើត​ឡើង​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ជួប នូវ​គ្រោះអាសន្ន​ដែល​បង្កឡើង​ដោយ របប​ប្រល័យ​ពូជសាសន៍ ។ សមាគមនារី​ក៏បាន​បំផុស​បងប្អូន​នារី​គ្រប់ ស្រទាប់វណ្ណៈ ជា​កសិករ កម្មករ បញ្ញវ័ន្ត ជនជាតិភាគតិច រួម​គ្នា​ជា​កម្លាំង​ដ៏​ខ្លាំងក្លា​គាំទ្រ និង​អនុវត្ត​គោលការណ៍ ១១ ខ របស់​រណសិរ្ស​សាមគ្គី​ង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ និង​នាំមក​នូវ​មហា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​ទី ៧ មករា ឆ្នាំ ១៩៧៩​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា សមាគមនារី​បាន​ចូលរួម​ធ្វើ​សកម្មភាព​យ៉ាង​អង់អាច​ក្លាហាន​ប្រកប​ដោយ​វីរភាព​និង​ឆន្ទៈ​មោះមុត ដើម្បី​រំដោះ​ជាតិ មាតុភូមិ​និង​ប្រជាជន​ឲ្យ​ផុតពី​របប​ប្រល័យ​ពូជសាសន៍​ដ៏​កំណាច​ឃោរឃៅ បាន​ចលនា​ប្រជាជន​និង​នារី​គ្រប់​លំដាប់ថ្នាក់ និង​បំពេញ​ភារកិច្ច​សំខាន់ៗ​ជា​ប្រវត្តិសាស្ត្រ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​ឆន្ទៈ​តស៊ូ លះបង់ ជំនះ​គ្រប់​ឧបសគ្គ​ដោយ​មិន​គិត​ពី​ការលំបាក​នឿយហត់ ដើម្បី​ចូលរួម​ចំណែក​ស្តារ ការពារ​និង​កសាង​មាតុភូមិ​កម្ពុជា ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​របប​ប្រល័យពូជសាសន៍​ប៉ុលពត តាំងពី​ចំណុចសូន្យ​រហូតដល់​មាន​ការអភិវឌ្ឍន៍​ដូច​បច្ចុប្បន្ន និង​នៅ​តែ​បន្ត​រួម​គ្នា​ធ្វើ​សកម្មភាព​ដើម្បី​សម្រេច​ឲ្យបាន​នូវ​គោលនយោបាយ របស់​បក្ស និង​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​នៅ​គ្រប់​អាណត្តិ​និង​គ្រប់​តំណាក់កាល​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​គោរព និង​ដឹង​គុណ​ដល់​គម្រូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​យុទ្ធ​នារី និង​សូម​លំឱនកាយ​គោរព​ដល់​វិញ្ញាណក្ខ័ន្ធ​របស់​យុទ្ធ​នារី និង​បងប្អូន​នារី​ទាំង​អស់​ដែល​បាន​បូជាជីវិត​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​សូម​បួងសួង​ដួង​វិញ្ញាណក្ខ័ន្ធ​ពួកគាត់​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ លើសពី​នេះ​សម្តេច​ក៏​បាន​អរគុណ​ចំពោះ​បងប្អូន​នារី​ដែល​ជា​អតីត​ថ្នាក់ដឹកនាំ​សមាគមនារី និង​និវត្តន៍​ជន​ទាំង​អស់​ដែល​ក្នុង​មួយ​ជីវិត​នេះ​បាន​បូជា​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ដើម្បី​ផលប្រយោជន៍​និង​វឌ្ឍនភាព​របស់​ស្ត្រី និង​សូម​ចូលរួម​អបអរសាទរ និង​គោរព​ដឹងគុណ​ចំពោះ​បងប្អូន​នារី​ដែល​កំពុង​បម្រើ​ការងារ​នៅ​គ្រប់​វិស័យ គ្រប់​លំដាប់ថ្នាក់​ទាំង​ស្ថាប័នរដ្ឋ​និង​ឯកជន​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​ការលំបាក​នឿយហត់​បង្កើត​នូវ​សមិទ្ធិផល ថ្មីៗ​ល្អៗ​ជាច្រើន​ឥត​គណនា​ដើម្បី​វឌ្ឍនភាព​របស់​មាតុភូមិ​កម្ពុជា​។​

​ជា​ចុងក្រោយ សមាសភាព​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ថ្ងៃនេះ​ចំនួន​ជិត ១០០​នាក់ បាន​ទទួល​នូវ ថវិកា សំពត់​សឹង ១ ក្រ​ម៉ា ១ និង​រៀបចំ​ទទួលទាន​អាហារ​សាមគ្គី​រួមគ្នា​៕​

Leave a Reply

Your email address will not be published. Required fields are marked *