- ព័ត៌មានជាតិ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើ​ញ​ជា​អធិបតី ក្នុង​ពិធី​បិទ “​បុណ្យ​សមុទ្រ​លើក​ទី​១០” នៅ​ខេត្ត​កែប​

នៅ​ល្ងាច ថ្ងៃអាទិត្យ ៦​រោច ខែ​កត្តិក ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជេី​ញ​ជា​អធិបតី ក្នុង​ពិធី​បិទ “​បុណ្យ​សមុទ្រ​លេីក​ទី​១០” ក្រោម​ប្រធានបទ “​ទាំងអស់​គ្នា​ដេ​ី​ម្បី​ទេសចរណ៍​” នៅ​ក្រុងកែប ខេត្ត​កែប​។

​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក សមាជិកា​រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត បណ្តា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ យុវជន សិល្បករ សិល្បការិនី និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា នេះ​ជា​លើក​ទី​១ ដែល​សម្តេច​បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ ហើយ​អញ្ជើញ​ទាំង​បើក និង​បិទ​។ សម្តេច​ធិបតី​បាន​អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​នៃ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប ដែល​មាន​អ្នកចូលរួម​រាប់​ម៉ឺន​នាក់​។ សម្តេច​បន្តថា ទោះបី​ពិភពលោក​បច្ចុប្បន្ន​មិន​អាច​យកឈ្នះ​ធម្មជាតិ តែ​ធម្មជាតិ​ក៏​មិន​អាច​បន្ទច់​បង្អាក់ការងា​រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នោះឡើយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រសាសន៍​ទៀតថា ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ ការរៀបចំ​ស្តង់​ពិព័រណ៍​រហូតដល់​ទៅ​៥០០ ដែល​ចំនួន​នេះ​បំបែក​ឯតទគ្គ​កម្ម​ពិធីបុណ្យ​សមុទ្រ​នា​ពេល​មុន​។ សម្តេច​បន្តថា ក្រោយ​ការ​យក​ឈ្នះ​លើ​ជំងឺ​កូវី​ដ​១៩ បាន​ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ងើប​ឡើងវិញ​ហើយ​។ វិស័យ​ទេសចរណ៍​ត្រូវ​គិត​នៅ​គ្រប់​ទីកន្លែង ហើយ​មិន​ត្រូវ​គិតតែ​អ្នកទេសចរ​ក្រៅ​ប្រទេស​នោះ​ទេ ត្រូវ​គិត​ពី​អ្នកទេសចរ​ក្នុងប្រទេស​ផងដែរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ពេល​ជំងឺ​កូវី​ដ​១៩ រាតត្បាត ធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​ស្គាល់​ដឹក​ដី​ខ្មែរ​នៅតាម​តំបន់​ឆ្ងាយៗ​។ ផលិតផល​វិស័យ​ទេសចរណ៍​ខុសពី​វិស័យ​ដទៃ ពោល​ផលិតផល​វិស័យ​ទេសចរណ៍ ផលិត​ក្នុងស្រុក ប្រើប្រាស់​នៅក្នុង​ស្រុក​។ សម្តេច​បាន​ដាក់ចេញ​គោលនយោបាយ ពង្រឹង​ខ្សែ​ក្រវាត់បៃតង ពោល​គឺ​បង្កើន​សកម្មភាព​ផលិត​ផលិតផល ដើម្បី​ផ្គត់ផ្គង់​នៅនឹងកន្លែង​តំបន់​ទេសចរណ៍​។​សម្តេច​ធិបតី​បន្តថា ការដាំដុះ ការចិញ្ចឹម និង​បង្កើត​ផលិតផល​នានា សម្រាប់​តំបន់​ទេសចរណ៍ គឺជា​ចំណុច​សំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​ខេត្ត និង​មូលដ្ឋាន​។ សម្តេច​ធិបតី បាន​ថ្លែងថា ការផ្សព្វផ្សាយ​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ ជា​រឿង​សំខាន់​ណាស់ ដើម្បី​ទាក់ទាញ​ទេសចរណ៍​មក​កាន់​កម្ពុជា​។​សម្តេច​ធិបតី បាន​ថ្លែងថា ការអភិវឌ្ឍន៍​ខេត្ត​កែប គឺជា​ការ​ផ្តល់​ផលប្រយោជន៍​ជូន​ដល់​ពលរដ្ឋ​ខេត្ត​កែប​។ ផែនការមេ​ដែល​បាន​រៀបចំ​ឡើង ដើម្បី​ថែរក្សា​ខេត្ត​មាន​សក្តានុពល​ទេសចរណ៍​រយ​:​ពេល​វែង មិនមែន​ដើម្បី​រយៈពេល​ខ្លី​នោះ​ទេ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការរៀបចំ​ផែនការមេ​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ជាប់ឆ្នេរ​ទាំង​៤ គឺ​មិនមែន​ដើម្បី​ប្រកួតប្រជែង​រវាង​ខេត្ត និង​ខេត្ត​នោះទេ តែ​ត្រូវ​ឱ្យ​ជួយ​ទាញ​ប្រយោជន៍​គ្នា​ទៅវិញទៅមក​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា យើង​ត្រូវ​បន្ត​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​ទោះបី​ក្នុង​តម្លៃ​ណាក៏ដោយ ដើម្បី​វិស័យ​ទេសចរណ៍ បើ​គ្មាន​សន្តិភាព គ្មាន​ឡើង​ការ​មក​លេង​ខេត្ត​កែប​នោះទេ​។​

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​រួម​គ្នា​រក្សា​កិត្តិនាម​ឆ្នេរសមុទ្រ​កម្ពុជា ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្អាត​លើ​ពិភពលោក និង​សមជា​តារា​រះ​នា​ទិស​និរតី​។​
​សម្តេច​ក៏​បាន​ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​រួមគ្នា​គិតគូរ​ត​ភ្ជាប់​ផ្លូវគោក និង​ផ្លូវអាកាស ក្នុង​ប្រទេស​ដើម្បី​ជំរុញ​ការតភ្ជាប់​ដំណើរ​ទេសចរណ៍ និង​យកចិត្តទុកដាក់​ដាក់​ជំរុញ​ក​សិ​ទេសចរណ៍​។​

​សម្តេច​ធិបតី​ក៏​បាន​ណែនាំ​ឱ្យ​រួម​គ្នា​យកចិត្តទុកដាក់​លើ​សន្តិសុខ​នៅ​តំបន់​ទេសចរណ៍ ដោយ​មិន​ត្រូវ​ធ្វើឱ្យ​តំបន់​ទេសចរណ៍​ក្លាយទៅជា​ជម្រក​គ្រឿងញៀន ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ឡើយ​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​រួម​គ្នា​ចូលរួម​ក្នុង​ចលនា ទីក្រុង​ស្អាត រមណីយ​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ និង​ថែរក្សា​អនាម័យ​បរិស្ថាន ឱ្យ​ល្អ​ស្អាត សក្ដិសម​ជា​តារា​រះ​នា​ទិសនិរតី​៕​

Leave a Reply

Your email address will not be published. Required fields are marked *