- ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ខេត្ត​មណ្ឌលគិរី ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ផ្សព្វផ្សាយ​ដល់​យុវជន ដែល​ពុំ​មាន​ជំនាញ ឬ​បោះបង់​ការសិក្សា​ឱ្យ​វិល​ត្រឡប់​មក​បន្ត​យក​ជំនាញ​មួយ​ច្បាស់លាស់​សម្រាប់​អនាគត​

មណ្ឌលគិរី​៖ លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត​មណ្ឌលគិរី ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​២ របស់​គណៈកម្មាធិការ​បណ្តុះបណ្តាល​ខេត្តមណ្ឌលគិរី ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​/​ស្រុក ឃុំ សង្កាត់ និង​អង្គការ​ដៃគូរ​ជា​ច្រើន​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលប្រជុំ​សាលា​ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត បន្ថែមថា ដើម្បី​ចូលរួម​សម្រេច​ឱ្យបាន​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​ជាពិសេស​ការ​កសាងបាន​នូវ​កម្លាំង​ពលកម្ម​ជំនាញ ដែល​មាន​ជំនាញ​វិជ្ជាជីវៈ ច្បាស់លាស់ គំនិត​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​ដើម្បី​ធានាថា “​យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច ប្រចាំ​ជីវិត​”​។

​ក៏​ដូច​ជា​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ បញ្ច​កោណ​ទី​១​មុំ​ទី​២ «​ការបណ្តុះបណ្តាល​ជំនាញ និង​បច្ចេកទេស​» ដែល​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បាន​ដាក់ឱ្យ​អនុវត្ត​កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​រេ​ស៊ី​ដង់​សុខា​ភ្នំពេញ ។ ដែល​ធ្វើ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន​១.៥​លាន​នាក់ ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ​ដោយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ ២៨​ម៉ឺន រៀល​ក្នុង​មួយ​ខែ​រយៈពេល ៤​ខែ តាមរយៈ​អនុសាសន៍ រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យមាន​ការងារ​ធ្វើ​។​

​លោក អភិបាលរង​ខេត្ត បានឱ្យដឹង​ទៀត​ថា ជា​ការឆ្លើយតប​នឹង​កា​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល និង​ខេត្ត តាមរយៈ​គោ​លន​យោ​បាល​ទាំងនេះ​ក្នុង​នាម ថ្នាក់ដឹកនាំ​ខេត្ត គណៈកម្មាធិការ​បណ្តុះបណ្តាល​ខេត្ត ព្រមទាំង​ក្រុមការងារ​លេខាធិការដ្ឋាន​បាន​នឹង​កំពុង​ធ្វើ សកម្មភាព​ដំណើរ​ឆ្ពោះទៅមុខ​បង្កើន​គំនិត​ផ្តួចផ្តើម​ថ្មីៗ ដើម្បី​ពន្លឿ​នកិច្ចការ​ផ្សព្វផ្សាយ​និង​ជ្រើសរើស​យុវជន​មក​ចូល រៀន​នៅ​TVET​ដល់​មូលដ្ឋាន​ភូមិ​ស្រុក​ដែល​ចាំបាច់​បំផុត​ដើម្បី​ធ្វើឲ្យ​វិស័យ TVET កាន់តែ​ឆ្លើយតប​ទៅនឹង​តម្រូវការ ទីផ្សារ​នៅក្នុង​ខេត្ត និង​ក្រៅ​ខេត្ត ទាំង​បច្ចុប្បន្ន និង​អនាគត​។​

​លោក កោ គឹម​អាន នាយក​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត បានឱ្យដឹងថា សម្រាប់​ឆ្នាំ​សិក្សា ២០២២-២០២៣​នេះ មាន​សិស្ស​និស្សិត​សរុប​ចំនួន ៣៤៤​នាក់ ស្រី​១៦២​នាក់ ហើយ​សិស្ស​ដែល​ជា​ជនជាតិដើម​ភាគ​តិច​មាន​ចំនួន ១៨២​នាក់ បាន​រៀន​មុខជំនាញ​ផ្សេងៗ​តាមរយៈ​ការបណ្ដុះបណ្ដាល​របស់​មជ្ឈមណ្ឌល​។

​លោក បន្ថែមថា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត មាន​មុខ​ជំនាញ​បច្ចេកទេស​ចំនួន​១២ ក្នុងនោះ​មាន បច្ចេកទេស​កែច្នៃ​សាប៊ូ​លាងចាន បច្ចេកទេស​កែច្នៃ​ធ្វើ​ស្ពៃជ្រក់ សេវាកម្ម​កុំព្យួទ័រ ការ​ផ្សារ​អគ្គិសនី ការថែទាំ​និង​ជួសជុល​ម៉ូតូ សំអាងការ ព័ត៌មានវិទ្យា អគ្គិសនី និង​ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ៣​កម្រិត ចាប់​ពី​កម្រិត​C1​ដល់​C3៕​

 

Leave a Reply

Your email address will not be published. Required fields are marked *