មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធទំនប់អាងទឹកអូរទេ ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង និងទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កិច្ចការកសាងសង់អាងទឹកដ៏ធំទាំងពីរនេះ ជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់ខេត្ត ក្នុងតំបន់ភូមិភាគឦសាន និងដើម្បីបញ្ជៀសពីហានិភ័យ នៃគ្រោះមហន្តរាយទាំងឡាយដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងកើតមានឡើង ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។ ឯកឧត្តម រដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមទៀតថា បណ្តាអាងទឹកក្នុងតំបន់នេះ ក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ ជាពិសេស ធ្វើឱ្យបណ្តាខេត្តភូមិភាគឦសាន បង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្មមាន ដំណាំម្រេច ធុរេន ម្នាស់ ជាដើម និងបង្កើតបាន នូវបរិស្ថានបៃតងគ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសចុះត្រួតពិនិត្យនេះ ឯកឧត្តម រដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំបន្ថែមដល់លោកប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសឱ្យបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងគ្រប់ភាគីពាក់ព័ន្ធ ដោយធ្វើយ៉ាងណាឱ្យការងារគម្រោងនេះសម្រេចបានជោគជ័យប្រកបដោយគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសាងសង់អាងទឹកទំនប់សែនសុខដុម ទំនប់សែនមនោរម្យ និងទំនប់អាងអូរទេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២ លានម៉ែត្រត្រីគុណ ជាទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា៕







