មណ្ឌលគិរី : បច្ចុប្បន្ននេះការផលិតធ្យូងយកទៅលក់នៅក្នុងប្រទេសវៀតណាម កំពុងតែជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋ ហើយក៏ជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្បត្តិធម្មជាតិ(ព្រៃឈើចម្រុះតូចធំ)ដោយសារតែការកាប់បំផ្លាញព្រៃឈើចម្រុះក្នុងនោះរួមទាំងឈើមិនទាន់គ្រប់អាយុផងនោះយកមកដុតឲ្យក្លាយទៅជាធ្យូងនេះហើយ ទើបបណ្ដាលឲ្យព្រៃឈើចម្រុះនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វ ព្រៃកែវសីម៉ារលាយហិនហោចពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងដូច្នេះ ។
យោងទៅតាមប្រភព័ត៌មានពីប្រជាពលរដ្ឋរស់នៅឃុំស្រែឈូកបានឲ្យដឹងថា : ពួកគាត់បានសង្កេតឃើញមានធ្យូងរាប់រយបាវដែលក្រុមឈ្មួញដឹកជញ្ជូនចេញពីតាមបណ្ដាឡនានាយកមកស្តុកទុកនៅក្នុងភូមិសាស្ត្រភូមិត្រៀបសណ្ដាយ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដើម្បីរងចាំឱកាសល្អនឹងដឹកជញ្ជូនបន្តឆ្លងដែនយកទៅលក់នៅក្នុងប្រទេសវៀតណាម ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋពួកគាត់ក៏បានសង្កេតឃើញក្រុមអ្នកប្រកបរបរធ្វើឡធ្យូងជាច្រើនក៏មមាញឹកក្នុងការសម្រុកចូលទៅកាប់ចូលទៅអារដើមឈើចម្រុះតូចធំនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃកែវសីម៉ាដើម្បីយកមកដុតឲ្យក្លាយទៅជាធ្យូង ដោយមិនគិតខ្វល់ពីការវិនាសហិហោចនៃព្រៃឈើនោះឡើយ ។
ប្រភពបានបន្តទៀតថា : ចំណែកឯលោក ស៊ិន ស៊ីថា ប្រធានការរិយាល័យដែនជម្រកសត្វព្រៃកែវសីម៉ាវិញនោះ ត្រូវបានគេកត់សម្គាល់ឃើញថា ហាក់បីដូចជានៅសម្ងំយ៉ាងស្ងៀមស្ងាត់ ដោយពុំសូវរវល់អើពើរនឹងសកម្មភាព នៃការកាប់និងដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះរបស់ក្រុមឈ្មួញដែលប្រកបរបរដុតឡធ្យូងនៅក្នុងដែនសមត្ថកិច្ចដែលលោកកំពុងតែឈរជើងគ្រប់គ្រងអភិរក្សសព្វថ្ងៃនេះនោះឡើយ ហេតុដូច្នេះទើបប្រជាពលរដ្ឋដាក់ការសង្ស័យថា លោក ស៊ិន ស៊ីថា ប្រធានការរិយាល័យដែនជម្រកសត្វព្រៃកែវសីម៉ាបានទទួលនូវលាភសក្ការ:ឬសំណូកសូកប៉ាន់ពីក្រុមឈ្មួញដែលប្រកបរបរដុតឡធ្យូងទាំងនោះហើយមើលទៅនោះ ទើបបានជាបិទភ្នែកញ៉ុកត្រចៀក ធ្វើជាមិនឃើញធ្វើជាមិនឮបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញទាំងនោះចូលទៅកាប់ឬអារព្រៃឈើចម្រុះនៅក្នុងដែនសមត្ថកិច្ចដែលខ្លួនកំពុងតែឈរជើងការពារអភិរក្សដូចជាសព្វថ្ងៃនេះ យ៉ាងអនាធិបតេយ្យនិងម៉ាសេរីយ៉ាងដូច្នេះ ។ ហើយចំពោះសកម្ម ភាពដឹកជញ្ជូនធ្យូងឆ្លងដែនយកទៅលក់នៅក្នុងប្រទេសវៀតណាមនេះទៀតសោត គឺជាការជម្រុញឲ្យមានឡដុតធ្យូងកាន់តែកើនច្រើនឡើងៗ ដែលជាហេតុបណ្ដាលឲ្យព្រៃឈើនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃកែវសីម៉ាកាន់តែវិនាសហិនហោចទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្ដែងដូចជាធ្យូងដែលមានចំនួនរហូតទៅដល់រាប់រយបាវដែលក្រុមឈ្មួញដឹកជញ្ជូនចេញពីតាមបណ្ដាឡធ្យូងនានាស្ថិតនៅក្បែរៗតំបន់ព្រៃនៃដែនជម្រក សត្វព្រៃកែវសីម៉ា ដែលគ្រប់គ្រងអភិរក្សដោយមន្ត្រីបរិស្ថានឬមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី យកមកស្តុកទុកនៅក្នុងភូមិសាស្ត្រភូមិត្រៀបសណ្ដាយ ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្ត មណ្ឌលគិរី នេះជាដើម ។
រីឯលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីវិញនោះ ក៏គេនៅពុំទាន់ឃើញមានវិធានការណ៍ឬក៏បទបញ្ជារណាមួយដើម្បីចាត់ឲ្យមន្ត្រីក្រោមឱវ៉ាតធ្វើការបង្ក្រាបឬទប់ស្កាត់សកម្មនៃការចូលទៅកាប់ឬអារក៏ដូចជាដឹកជញ្ជូនផលអនុផលព្រៃើឈើនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាសព្វថ្ងៃនេះ ឲ្យបានម៉ត់ចត់ឬឲ្យមានប្រសិទ្ធភាពនៅឡើយនោះដែរ ។ ពាក់ព័ន្ធជុំវិញបញ្ហាដូចដែលប្រជាពលរដ្ឋបានលើឡើងខាងលើនេះ ក្រុមការ ងារបាសិទ្ធធីវីនៅពុំទាន់បានទំនាក់ទំនងដើម្បីសុំការបកស្រាយពីលោក ឆៅ ប៊ុនធឿនប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងលោក ស៊ិន ស៊ីថា ប្រធានការរិយាល័យដែនជម្រកសត្វព្រៃកែវសីម៉ានៅឡើយនោះទេ នៅថ្ងៃនេះ ក៏ប៉ុន្តែក្រុមការងារយើងខ្ញុំនឹងរងចាំស្វាគមន៍នូវការបកស្រាយឬប្រតិកម្មណាមួយពីសំណាក់លោកឆៅ ប៊ុនធឿន និងលោកសុិន សុីថា រៀងរាល់ម៉ោងធ្វើការ ។







