- ព័ត៌មានជាតិ

ពោធិសាត់​.​ក្រុម​ឈ្មួញ​សម្រុក​អូស​និង​ដឹកជញ្ជូន​លៀស​តំបន់​បឹង​ទន្លេសាប នៅ​ស្រុក​ក្រគរ នាំចេញ​ទៅ​ប្រទេស​វៀតណាម រាប់រយ​តោន​ក្នុង​១​ថ្ងៃៗ​មន្ត្រី​ជំនាញ​រក្សា​ភាព​ស្ងៀមស្ងាត់​

​កម្ម​ភាព​អូស​និង​ដឹកជញ្ជូន​លៀស​តំបន់​បឹង​ទន្លេសាប នៅ​ស្រុក​ក្រគរ នាំចេញ​ទៅ​ប្រទេស​វៀតណាម រាប់រយ​តោន​ក្នុង​១​ថ្ងៃៗ ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់​កំពុងដរ​តំបន់​ចុង​ទឹក​ស្ថិត នៅ​ភូមិ​ទី​-៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ជា​រៀងរាល់​ល្ងាច និង​ជា​ពិសេស​យប់ៗ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​លៀស​តាម​កា​រណូត​ធំៗ​យ៉ាង​គគ្រឹកគគ្រេង ដើម្បី​ច្រកចូល​ការុង​លើក​ឡើង​រថយន្ត​ចំណុះ​២​តោន​កន្លះ និង​៥​តោន រួច​ដឹក​បន្ត​យក​ទៅ​ឡើង​រថយន្ត​ប្រភេទ​វ៉េ​អង​យី​ឌុប​(​ភ្លៅ​៥)​ដើម្បី​នាំ​ទៅ​ក្រៅ​ប្រទេស​វៀតណាម ដែល​គេ​យក​កែច្នៃ​ធ្វើ​ជា​ចំណី​ត្រី​ឬ​បង្កង​។ ករណី​នេះ​គឺ​បាន​បញ្ហា​បំផ្លិចបំផ្លាញ​ពូជ​មច្ឆជាតិ​និង​ធនធាន​ជីវៈចម្រុះ​យ៉ាង​មហន្ដរាយ​។​

​គេ​សង្កេតឃើញ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ចុះ​អប់រំ​និង​រហូត​ឈានដល់​ពិន័យ​ជា​អន្តរកាល​ផងដែរ ប៉ុន្តែ​ដូចជា​ពុំ​មាន​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ​។ ពោល​គេ​នៅតែ​ឃើញ​រថយន្ត​ដឹក​លៀស ចេញពី​ចំណុច​ខាងលើ​នេះ​ជា​រៀងរាល់ថ្ងៃ​។ មន្ត្រី​មាន​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ដែលជា​អ្នក​កាន់​ច្បាប់ ក៏​ឃើញ​តែ​ដើរ​ចុះ​ដើរ​ឡើង ពេញ​តំបន់​កំពង់​ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នោះដែរ​។ អ្នកខ្លះ​និយាយថា ដែល​ការពិន័យ​អន្តរកាល​ដដែលៗ​ដោយ​មិន​អនុវត្ត​ច្បាប់​បែបនេះ ស្មើ​នឹង​ធ្វើ​ការពិន័យ​យកតែ​លុយ​ឬ​យ៉ាងណា​? ព្រោះ​ដោយសារ​តែ​គេ​ឃើញ​ក្រុម​ឈ្មួញ​នៅ​តែ​ធ្វើ​សកម្មភាព​បាន​ជា​រៀងរាល់​ថ្ងៃ​ដដែល​។​

​ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កំពង់​លួង​នោះ​ឲ្យដឹង​ទៀត​ថា សកម្មភាព​ក្រុម​កែច្នៃ​ធ្វើ​ឈ្នាង​អូស​លៀស អូសទាញ​ដោយ​កំលាំង​ម៉ាស៊ីន រួច​ដឹក​ជញ្ជូន​បន្តទៅ​ចែកចាយ​នៅ​មាត់​កំពុងដរ​ទីតាំង​ខាងលើ គឺ​បាន​ធ្វើ​សកម្មភាព​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេសាប ដូចជា ខេត្ត​ពោធិ៍សាត់​, ខេត្តសៀមរាប និង​ខេត្ត​កំពង់ធំ​។​ល​។ រួច​ដឹក​ជញ្ជូន​បន្ត​តាម​កាណូត​ធំៗ​មក​ចំណុច ភូមិ​ទី​-៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។ គេ​និយាយ​ត្រឹមតែ​ជ្រុង​១​នៃ​បឹង​ទន្លេសាប សំរាប់តែ​ខេត្តពោធិ៍សាត់ ១​ប៉ុណ្ណោះ រួច​ហើយ​ច្រក​លៀស ចូល​ការុង​លើក​ដាក់​រថយន្ត​ចំណុះ ២​តោន​កន្លះ និង​៥ តោន ដើម្បី​ដឹក​ជញ្ជូន​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ក្អម​សំណរ ខេត្ត​ព្រៃវែង​។​

​ប្រភព​បានឲ្យដឹងថា ក្រុម​ឈ្មួញ​ធំ​ជាង​គេ​នៅ​ទីកន្លែង​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចែ​នី និង​តា​ម៉ុង ។ ឈ្មួញ​ទាំង​ពីរ​នាក់​នេះ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផល​នេសាទ​លៀស​រាប់រយ​តោន​ក្នុង​មួយ​ថ្ងៃៗ​ចេញពី​តំបន់​កំពង់​លួង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ទៅ​ប្រទេស​វៀតណាម​។​

​យោង​តាម​ច្បាប់​ស្ដីពី​ជលផល ពាក់ព័ន្ធ​ឧបករណ៍​ឈ្នាង​អូស​លៀស​ដោយ​កំលាំង​ម៉ាស៊ីន និង​ដឹកជញ្ជូន​ខាងលើ មាត្រា ៩៨ ជា​ប្រភេទ​បទល្មើស​ថ្នាក់​ទី​-១ ត្រូវ​ជាប់ពន្ធនាគារ ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ កត្តា​អ្វីដែល​ធ្ងន់ធ្ងរ ឧបករណ៍​ឈ្នាង​អូស​លៀស​ដោយ​កំលាំង​ម៉ាស៊ីន​នេះ បំផ្លិចបំផ្លាញ ធន ធាន​មច្ឆជាតិ ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី ។ ការទិញ​លក់​ឬ​ដឹកជញ្ជូន​ផលិតផល ជលផល ដែល​បានមកពី​ការធ្វើ​នេសាទ​ខុសច្បាប់ គឺ​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ១០១ ដែល​ជា​ប្រភេទ​បទល្មើស​ជលផល​ទី​-៣ ត្រូវ​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល​ទៅ ៥ លាន​រៀល វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញចោល ដែល​មាន​នៅ​ក្នុង​ប្រការ​ទី​១៥ នៃ​មាត្រា ១០១ ។​

​ពាក់ព័ន្ធ័​ការធ្វើ​នេសាទ​សង្ស័យ​ខុស​ច្បាប់​ស្ដីពី​ជលផល​ខាងលើ លោក យូ វិចិត្រ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ក្រគរ និង​ជា​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ​បានឲ្យ ដឹង​បែប​មិន​ទទួលខុសត្រូវ និង​បាន​បាញ់​របាយការណ៍ ១ នា​ព្រឹក​ថ្ងៃ​ពុក ១៤​រោច ខែ​មគ​សិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ក្នុង​របាយការណ៍​នោះ កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២៤ កន្លងទៅនេះ គណៈ​បញ្ជា​ឯកភាព​រដ្ឋបាល​ស្រុក​ក្រគរ ដែល​មាន​លោក លីវ សេង​ហ៊ីម អភិបាលស្រុក​ក្រគរ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ដោះស្រាយ និង​សម្រប សម្រួល លើ​បញ្ហា​ការនេសាទ​ដោយ​ឧបករណ៍​ឈ្នាង​អូស​លៀស​ដោយ​កំលាំង​ម៉ាស៊ីន និង​ការដឹកជញ្ជូន​លៀស ដែល​មាន​មាស​ភាព​ចូលរួមៈ លោក​អភិបាលរង ស្រុក​ក្រគរ លោក​នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ អាជ្ញាធរ​ឃុំ​កំពង់​លួង ។

​របាយការណ៍​ប្រជុំ​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​លោក​អភិបាលស្រុក​ក្រគរ បាន​សម្រេច​ឲ្យ​មន្ត្រី​មូលដ្ឋាន​កំណត់​អត្តសញ្ញាណ​ឲ្យបាន​ច្បាស់លាស់​ដើម្បី​ឲ្យ​ពលរដ្ឋ​ដាក់​ពាក្យ​ស្នើសុំរ​កលៀស និង​បានកំណត់​ឲ្យ​ត្រឹម​ចំនួន ៦​ការុង​ក្នុង ១​គ្រួសារ​(​ក្នុង​១​ការុង​ស្មើ​ទម្ងន់​៨​គីឡូក្រាម​) ។ ចំពោះ​ទីតាំង​អូស​លៀស អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​កំណត់​ទី​កន្លែង​ឲ្យបាន​ច្បាស់លាស់ ។ ចំពោះ​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​កែច្នៃ​(​ឈ្នាង​អូស​លៀស​)​ដោយ​ប្រើប្រាស់​កំលាំង​ម៉ាស៊ីន មន្ត្រី​ជំនាញ​ជលផល ត្រូវសុំ​គោល​ទៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដើម្បី​សម្រេច​ការអនុញ្ញាត​ក្នុង​ការកំណត់​កំលាំង​ម៉ាស៊ីន​។​

Leave a Reply

Your email address will not be published. Required fields are marked *