- ព័ត៌មានជាតិ

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនាំ​ដល់​អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក​គោលដៅ​ក្នុង​ខេត្ត​កណ្តាល​

​ខេត្ត​កណ្តាល​៖​ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនាំ​ដល់​អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក​គោលដៅ​ក្នុង​ខេត្ត​កណ្តាល រួមមាន​៖​ស្រុក​ល្វាឯម ស្រុក​អង្គស្នួល ស្រុក​ខ្សាច់កណ្តាល ស្រុក​កោះធំ ស្រុក​កៀនស្វាយ ស្រុក​លើកដែក និង​ក្រុង​សំពៅ​ពូន ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ការចុះ​បញ្ចីដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤​។

​ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍​លើកឡើងថា​៖ ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កណ្តាល ជា​បញ្ហា​អត្ថិភាព​សំខាន់​ដែល​តម្រូវឲ្យ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តកណ្តាល​ខិតខំ​ពន្លឿន​ការចុះបញ្ជី​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​រួម ទាំង​ក្បាល​ដី​រដ្ឋ​ទាំងអស់ឲ្យ​រួចរាល់​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​វិវាទ​ដីធ្លី​មក​នៅត្រឹម​កំរិត​អ​ប្បរមា និង​ជម្រុញ​ការផ្តល់​សេវា​ផ្សេងៗ ពាក់ព័ន្ធ និង​វិស័យ​ដីធ្លី​ឲ្យបាន​លឿន និង​ឆាប់រហ័ស ដើម្បី​ឲ្យ​ការងារ​ចុះបញ្ជី​ដីធ្លី​នៅ​ក្នុង​ខេត្ត​កណ្តាល ទទួល បាន​ឆាប់រហ័ស​តាម​ការកំណត់​របស់​ក្រសួង ជូន​បងប្អូន​ប្រជាពលរដ្ឋ​។

​ឯកឧត្តម​អភិបាលរង​ខេត្ត​ក៏​បាន​ស្នើ​ដល់​មន្ទីរ​រៀបចំ​ដែនដី ការិយាល័យ​ភូមិបាល​ក្រុង ស្រុក អាជ្ញាធរ​ដែនដី ឃុំ ស្រុក ត្រូវ​ផ្សព្វផ្សាយ​ការងារ​ចុះ​បញ្ចីដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយបាន​ទូលំទូលាយ ដើម្បី​ឲ្យ​ពួកគាត់ យល់ដឹង​ពី​សារៈសំខាន់​នៃ​ការចុះបញ្ជី​ដីធ្លី និង​ជៀសវាង​ក្នុង​កិច្ចដំណើរការ​ទៅ​មាន​ភាពយឺតយ៉ាវ និង​បង្ក​ការលំបាក​។

​ក្នុងឱកាស​នោះ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​នូវ​ទឹកចិត្ត​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ ត្រូវ​យកចិត្តទុកដាក់​តាមដាន នឹង​ស្តាប់​ពី​ការផ្សព្វផ្សាយ ណែនាំ​ក្នុង​កិច្ចប្រជុំ​នេះ ជា​ពិសេស​ត្រូវ​ចូលរួម​លើក​ជា​សំណួរ ឲ្យបាន​ផុលផុស ដើម្បី​ពង្រឹង​ចំណេះដឹង មាន​សមត្ថភាព គ្រប់គ្រាន់ ក្នុង​ការចូលរួម​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​ទាំង​នេះ​ឲ្យបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ទាំងអស់​ក្នុង​ខេត្ត​កណ្តាល គឺ​ត្រូវ​គោរព​ឲ្យបាន​ទៅ​តាម​ការណែនាំ របស់​ក្រុម​អ្នកបច្ចេកទេស ក្នុង​ការចុះបញ្ជី​ដីធ្លី​នេះ និង​ធ្វើ​ការផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ត្រូវ​ត្រៀម​ឯកសារ​អោយបាន​គ្រប់គ្រាន់ ព្រមទាំង​ត្រូវ​កំណត់​ទំហំ​ក្បាលដី និង​ចំនួន​ក្បាល​ដី​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់ និង​ត្រូវ​កំណត់​ព្រំ​ដី ជាមួយ​ដី​អ្នកជិតខាង​ឲ្យបាន​ច្បា​ស់លា​ស់ ដើម្បី​សម្រួល​ដល់​ក្រុម​ការងារ​ងាយស្រួល​ក្នុង​ការវាស់វែង ព្រមទាំង​បញ្ជាក់​ពី​ប្រវត្តិ​ដី​ឲ្យបាន​ជាក់លាក់ និង​ត្រូវ​បញ្ជាក់​អ្នកគ្រប់គ្រង​សំដៅ​ងាយស្រួល​ក្នុង​ការចុះបញ្ជី​ដីធ្លី​ជា​ទ្រព្យសម្បត្តិ​ខាង​ប្រពន្ធ ឬ​ប្តី ឬក៏​ជា​ទ្រព្យសម្បត្តិ​រួម ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ស្រប​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នីតិកាល​ទី​៧ នៃ​រដ្ឋសភា នៅ​យុទ្ធសាស្ត្រ​បញ្ច​កោណ​នោះដែរ ក៏​មាន​ការងារ​ដី​ធី្ល ដែល ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ ។

​ឯកឧត្តម បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន ជា​មូលដ្ឋានគ្រឹះ​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​អនុវត្ត សហការ​ជាមួយ​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី ឲ្យ​ដំណើរការ​ទៅ​ដោយ​រលូន និង​ជម្រុញ​ដល់​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី ជូន​ប្រជាពលរដ្ឋ ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច​ឲ្យបាន​ល្អ​ត្រឹមត្រូវ និង​ឆាប់រហ័ស​ស្របទៅតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ឲ្យបាន​រួចរាល់​ទូទាំង​ប្រទេស​នា​ឆ្នាំ​២០២៥​។

​លោក លោក ទៀង កុ​ស្យារៈ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កណ្តាល តំណាង​លោក សុក កាន់រិទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កណ្តាល បានបញ្ជាក់​ថា​៖ ខេត្ត​កណ្តាល​មាន​ក្រុង​ចំនួន​០៣ ស្រុក​ចំនួន ១០ ឃុំ​/ សង្កាត់ ចំនួន​១២៧ និង​មាន ភូមិ​ចំនួន​១,០១០ មាន​ផ្ទៃដី​សរុប ចំនួន ៣២៥,៤៩៣.៦៥៣ ហិកតា ដោយឡែក​ក្នុង​ឆ្នាំ​២០២៣ បានប្រកាស​តំបន់​វិនិច្ឆ័យ​គ្រប់​ភូមិ​ទូទាំង​ខេត្ត
​ជា​លទ្ធផល​៖
-​វាស់វែង​បាន​១០៣,៦៧៣ ក្បាលដី​
-​បញ្ចូល​ទិន្នន័យ​បាន​៧៣,៦៣៤ ក្បាលដី​
-​បិទ​ផ្សាយបាន​៥០,៥៤៨ ក្បាលដី​
-​សម្រេច​ចេញ​ប័ណ្ណ​បាន​៣១, ៩៦០ ក្បាលដី​
-​ចេញ​ប័ណ្ណ​បាន​៦១,៧៥៥ ប័ណ្ណ​
​បាន​អនុវត្ត​នីតិវិធី​បណ្ណ​កម្មសិទ្ធិ​អំណោយ​ពី​រដ្ឋ អំណោយ​ផ្តាច់ និង​ពន្ធ​សូន្យ​ជំ​ហ៊ាន​ទី​១ និង​ជំ​ហ៊ាន​ទី​២ សរុប​បាន​ចំនួន ៣១,៥៦៧​ក្បាលដី​។ ប្រគល់ជូន​ដល់ដៃ​ប្រជាពលរដ្ឋ បាន​ចំនួន ២៥,៨៥៦​ក្បាលដី និង​បាន​កំពុង​បន្ត​អនុវត្ត​ជា​ជំ​ហ៊ានៗ​បន្តទៀត​៕​

Leave a Reply

Your email address will not be published. Required fields are marked *