- ព័ត៌មានជាតិ

ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទ​បន្ទាយក្តី បានបញ្ចប់​ការជួសជុល​ជា​ស្ថាពរ​ហើយ

​តាមរយៈ​ក្រុម​អ្នកជំនាញ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ចប់​ជា​ស្ថាពរ នូវ​ការងារ​ជួសជុល​ខ្លោងទ្វារ​ខាងលិច​ប្រាសាទបន្ទាយក្តី ដោយ​បាន​រៀប​ផ្គុំ​ថ្ម​ទៅតាម​លំនាំ​រូបរាង​ដើម​នៃ​ខ្លោងទ្វារ​ឡើងវិញ ដើម្បី​លើក​តម្លៃ​សំណង់​បុរាណ​។​

​លោកស្រី នេ​ត ស៊ី​មន បុរាណ​វិទូ និង​ជា​អ្នកមើលការខុសត្រូវ​នៅ​ការដ្ឋាន​ជួសជុល​ខ្លោងទ្វារ​ខាងលិច​ប្រាសាទ​បន្ទាយក្តី បានឱ្យដឹងថា ការងារ​ជួសជុល​នៅ​ខ្លោងទ្វារ​ខាងលិច​ប្រាសាទបន្ទាយក្តី​នេះ ត្រូវបាន​អនុវត្ត​ចំនួន​ពីរ​ដំណាក់កាល​។ ដំណាក់កាល​ទី​មួយ នៅក្នុង​ឆ្នាំ​២០២០ ដោយ​ចាប់ផ្តើម​ប្រមូល​ឯកសារ សិក្សា​អំពី​រូបរាង សម្រង់​ប្លង់ សិក្សា​អំពី​ហានិភ័យ​របស់​ខ្លោងទ្វារ និង​ចុះបញ្ជី​ថ្ម​នៅ​រាយប៉ាយ​ជុំវិញ​ខ្លោងទ្វារ​។ ដំណាក់កាល​ទី​ពីរ ចាប់ផ្តើម​ពី​ឆ្នាំ​២០២២​មក អនុវត្ត​គម្រោង​ជួសជុល​ពង្រឹង​តែម្តង មាន​ការងារ​រុះរើ​ថ្ម​ទាំងអស់ ចាប់ពី​គ្រឹះ​រហូត​ដល់​កំពូល​ខាងលើ ទើប​រៀបចំ​ពង្រឹង​គ្រឹះ​ផ្គុំ​ទៅតាម​លំនាំ​ដើម​វិញ និង​បាន​បញ្ចប់​ការជួសជុល​ជា​ស្ថាពរ​នា​ចុងឆ្នាំ​២០២៣​។ លោក​ស្រី​ថា បញ្ហា​ប្រឈម​ជាច្រើន​នៅក្នុង​ពេល​រៀប​ផ្គុំ​ថ្ម​ឡើងវិញ ដោយសារ​ថ្ម​បុរាណ​តែងមាន​ល្បាក់​។​
​ក្រោយ​បញ្ចប់​ការងារ​ជួសជុល​ជា​ស្ថាពរ អ្នកជំនាញ​រំពឹងថា ខ្លោងទ្វារ​ខាងលិច​ប្រាសាទ​បន្ទាយក្តី និង​រឹងមាំ​ឡើងវិញ ធានា​សុវត្ថិភាព​សម្រាប់​ទេសច​រ​ឆ្លងកាត់ និង​ចូល​មក​ផ្តិត​យក​រូបភាព​ដ៏​ស្រស់​ស្អាត​នៅ​ទីនេះ​។ ជា​ពិសេស​បាន​លើក​តម្លៃ​សំណង់​បុរាណ រក្សា​ស្នាដៃ​ទុក​ជា​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​សូម​រំ​ឮ​ក​ថា ដោយសារ​កត្តា​អាយុកាល​នៃ​សំណង់ ធម្មជាតិ និង​មនុស្ស បានធ្វើឱ្យ​ខ្លោងទ្វារ​ខាងលិច​របស់​ប្រាសាទ​បន្ទាយក្តី មុន​ការងារ​រុះរើ​ជួសជុល​ឡើងវិញ មាន​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង តួ​ប៉ម​ខាងលើ​នៃ​ប្រាង្គ​កណ្តាល​បានរ​លុះ​អស់ នៅសល់​តែ​មុខព្រហ្ម​ចំនួន​ពីរ​ប៉ុណ្ណោះ​។ ចំណែក​ស្លាប​សងខាង នៃ​ថ្ម​ដំបូល​បានរ​លុះ​ធ្លាក់​អស់​មួយចំនួន ហើយ​ថ្ម​ជញ្ជាំង​បាន​ក្រៀក​ហែក​ស្ទើរតែរ​លុះ​ធ្លាក់​មួយ​ភាគ​ធំ​ទៅហើយ​។ បន្ទាប់​ពី​ការយកចិត្តទុកដាក់រ​បស់​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើឱ្យ​ខ្លោងទ្វារ​ដែល​មាន​សភាព​ទ្រុឌទ្រោម​មួយ​នេះ ប្រែ​មក​ជា​រឹងមាំ ស្រស់ស្អាត អាច​ឱ្យ​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​ឆ្លងកាត់​ចូល​ទស្សនា​ប្រាសាទបន្ទាយក្តី​តាម​ច្រក​ខាងលិច​ឡើងវិញ​៕

Leave a Reply

Your email address will not be published. Required fields are marked *