- ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កណ្ដាល​រៀបចំ​ទិវា​តំបន់ដីសើម​អន្តរជាតិ ០២​កុម្ភៈ ក្រោម​ប្រធានបទ «​តំបន់ដីសើម និង​សុខុមាលភាព​ប្រជាជន​» នៅ​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្អម​សំណ ០២.០២.២០២៤

ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​កណ្ដាល បាន​រៀបចំ​ទិវា​តំបន់ដីសើម​អន្តរជាតិ ០២​កុម្ភៈ ក្រោម​ប្រធានបទ «​តំបន់ដីសើម និង​សុខុមាលភាព​ប្រជាជន​» ក្រោម​អធិបតីភាព​ឯកឧត្តម សឹម យ៉ា​រ៉ែន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរង​ខេត្ត​កណ្ដាល ដែល​ប្រារព្ធ​ធ្វើ​នៅ​វិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្ដាល​។​

​ឯកឧត្តម សឹម យ៉ា​រ៉ែន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រារព្ធ ទិ វា​តំបន់ដីសើម​អន្តរជាតិ ដែល​ស្របទៅនឹង កម្មវិធី​បរិស្ថាន​សហ​ប្រជាជាតិ មាន​ប្រទេស​សមាជិក​ជាច្រើន​តែង​បាន ប្រារព្ធ​ទិវា​នេះ នៅ​ថ្ងៃ​ទី​២ កុម្ភៈ ក្នុង​គោលបំណង​ដ៏​សំខាន់ លើកកម្ពស់​ការយល់ដឹង ដល់​ស្ថាប័ន​ពាក់ព័ន្ធ សាធារណជន និង​សហគមន៍​មូលដ្ឋាន អំពី​ភាពចាំបាច់ សំខាន់​ជា​អន្តរជាតិ និង​អត្ថប្រយោជន៍​នៃ​តំបន់​រ៉ា​ម​សារ ព្រមទាំង​ចលនា​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​ចូលរួម​ថែរក្សា ការពារ ស្ដារ និង​អភិរក្ស​តំបន់ ដី​សើម​នៅ​កម្ពុជា ជាពិសេស ធនធាន​នៅក្នុង ធនធាន​នៅក្នុង និង​ជុំវិញ​ត់​តំបន់ដីសើម​។​

​ឯកឧត្តម​បាន​បន្តទៀតថា​៖ ដោយ​មើលឃើញ​ពី​ភាពចាំបាច់ ការពារ អភិរក្ស និង​ការប្រើប្រាស់​តំបន់ដីសើម ធនធាន​ជាច្រើន​នៃ​តំបន់ដីសើម ជាពិសេស សត្វ​ស្លាប​ទឹក រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធ​នៃ​អនុសញ្ញា​រ៉ា​ម​សារ នៅ​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ​១៩៩៩​។ ក្នុងពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន តំបន់​រ៉ា​ម​សារ ដែល​ជា​តំបន់ដីសើម​ចំនួន ៥​កន្លែង ទី​១) តំបន់​រ៉ា​ម​សារ​កោះ​កា​ពិ ទី​២) តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ទី​៣) តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ទី​៤) តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ និង​ទី​៥) តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង ក្នុងនោះ​ដែរ​យើង​ក៏មាន​តំបន់ការពារធម្មជាតិ ដែល​ជា​តំបន់ដីសើម​មាន​សារៈសំខាន់​សម្រាប់ បរិស្ថាន និង​សង្គមជាតិ ដូចជា តំបន់ការពារទេសភាព​អន្លង់​ព្រីង តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ តំបន់ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តាឡី​បឹង​ស្នេហ៍ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែ​ង តំបន់ការពារទេសភាព​បឹង​កា​ដេរ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប និង ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​។​

​ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរង​ខេត្ត​កណ្ដាល បាន​កោតសរសើរ ចំពោះ​សកម្មភាព​របស់​មន្ទីរ​បរិស្ថាន​ខេត្តកណ្ដាល ដែល​បាន​សហការ​សម្របសម្រួល​ជាមួយ​រដ្ឋបាល​ស្រុក​លើកដែក ដើម្បី​រៀបចំ​ទិវា​នេះ​ឡើង គឺជា​ការឆ្លុះបញ្ចាំង​នូវ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការរួមចំណែក ដល់​កិច្ច​ការពារ អភិរក្ស អភិវឌ្ឍន៍ និង​ស្ដារ​តំបន់ដីសើម ដែល​ជា​សម្បត្តិ​ដ៏​មានតម្លៃ មិន​អាច​កាត់ថ្លៃ​បានរ​បស់​យើងទាំងអស់គ្នា ដែល​ត្រូវ​គ្រប់គ្រង ថែរក្សា​បានល្អ​ជានិច្ច​និរន្តរ៍ និង​កំពុង​អនុវត្ត​នូវ​បន្ទាត់នយោបាយ​ជាតិ មួយ​យ៉ាង​រឹងមាំ​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​កំណត់​យក​ថ្ងៃទី​២ ខែ​កុម្ភៈ ជា​រៀងរាល់ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​តំបន់ដីសើម​អន្តរជាតិ នៅទីនេះ សម្រាប់​ខេត្ត​កណ្តាល​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត​កណ្ដាល​បាន​បន្តទៀតថា​៖ តំបន់ដីសើម គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​បរិស្ថាន​ធម្មជាតិ ដោយសារ​តំបន់ដីសើម ជួយ​ទប់ស្កាត់​ការបាក់​ច្រាំង ទប់ស្កាត់​ទឹកជំនន់ ស្រូប​ជាតិពុល លើកកម្ពស់​គុណភាព​ទឹក ហើយ​វា​បាន​ផ្ដល់​ទីតាំង​សម្រាប់​ធ្វើ​ជម្រក​របស់​សត្វ​ស្លាប សត្វព្រៃ​ច្រើន​ប្រភេទ ព្រៃឈើ និង​ជា​ទីតាំង​សម្បូរ​បែប​នៃ​ជីវចម្រុះ​រស់នៅ ដែល​ទ្រទ្រង់​ដល់​មុខងារ និង​ផ្តល់​នូវ​សេវា នានា​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ដែល​មាន​សារៈសំខាន់​សម្រាប់​សុខុមាលភាព​របស់​ប្រជាជន និង​ផ្តល់​នូវ​សន្តិសុខ​ស្បៀង​សុខភាព ខ្យល់អាកាស​បរិសុទ្ធ ទឹកស្អាត ទឹក​ស្រោចស្រព ការដឹកជញ្ជូន ឬ​នាវាចរ​តាម​ផ្លូវទឹក ឱសថ ការ កម្សាន្ត ហើយ​ក៏​ចូល​រួមចំណែក​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន និង​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ជាតិ​។​

​លោក ពៅ សោមា​ណាក់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានអោយដឹងថា​៖ មន្ទីរ​បាន​នាំយក​កូន​ឈើ​១៦០​ដើម ប្រភេទ​កូន​ព្រៃ​លិច​ទឹក ដើម​សណ្តាន់ និង ដើម​ម្តេញ ១៥៤​ដើម និង​ព្រៃ​ដី​គោក ដើម​ខិត្ត​បាស និង​ដើម​លាភ ៦​ដើម សម្រាប់​បែងចែក​ដាំ​នៅតាម មូលដ្ឋាន​ក្នុង​ឃុំ​នេះ​។​
– ដាំ​ផ្ទាល់​នៅ​វាលទំនាប​បឹង​វែង​ភូមិ​ក្អម​សំណ​ក្រោម ១៣៤​ដើម ជា​ប្រភេទ​ព្រៃ​លិច​ទឹក សណ្ដាន់ និង​ម្ដេញ ចែក​ជូន​ដាំ​បន្ត​ភូមិ​រាំង​ជួរ ១០​ដើម និង​ភូមិ​ក្អម​សំណ​លើ ១០​ដើម ប្រភេទ​ព្រៃ​លិច​ទឹក និង​ទុក​ដាំ​ផ្ទាល់ នៅក្នុង​បដិវេណ​សាលា ៦ ដើម ប្រភេទ​ព្រៃ​ដី​គោក ហើយ​មន្ទីរ​គ្រោង​នឹង​បណ្ដុះ​កូនឈើ​ឲ្យបាន​១​ឆ្នាំ​ចំនួន ៣៥០០០​ដើម​។​

Leave a Reply

Your email address will not be published. Required fields are marked *