- ព័ត៌មានជាតិ

វិញ្ញាប​នប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួ​ន ៤,០០១​ប័ណ្ណ ត្រូវបាន​ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ​គឺ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ភូមិ​ព្រែក​ប៉ុល និង​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​.០៥.០២.២០២៤

ខេត្ត​កណ្តាល​.. ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ គឺ​ភូមិ​កោះ​ប្រាក់​ឃុំ​ភូមិធំ ភូមិ​ព្រែក​ប៉ុល និង​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ទទួលបាន​វិញ្ញាបនប័ត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ នា​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភះ ឆ្នាំ ២០២៤ នេះ នៅក្នុង​បរិវេណ វត្ត​បន្ទាយ​ដែក​។

​មានប្រសាសន៍​សំណេះសំណាល ក្នុង​ពិធី​នេះ​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា​៖​ក្រោម​បរិយាកាស​សុខសន្តិភាព ស្ថិរភាព​នយោបាយ នៃ​ការដឹកនាំ​ប្រទេស​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អគ្គ​មហា​រដ្ឋបុរស​ដែល​មាន​ទេពកោសល្យ បំផុត​ប្រកបដោយ​គតិបណ្ឌិត បាន​ដឹកនាំ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ការ​បង្រួប បង្រួម​ជាតិ និង​បាន​នាំ​មកឲ្យ​ប្រទេស​ជាតិ​នូវ​ការអភិវឌ្ឍ​រីកចំរើន​ឥតឈប់ឈរ មាន​ស្ថិរភាព មាន​សន្តិភាព ពិតប្រាកដ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន ភាពសុខសាន្ត មាន​ជីវភាព​រស់នៅ​សមរម្យ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្ត​អារាម មន្ទីរពេទ្យ មណ្ឌល​សុខភាព ប៉ុស្តិ៍​សុខភាព ។​ល​។​ក្នុងន័យនេះ យើង​ទាំងអស់គ្នា​ត្រូវ​ប្ដេជ្ញា​ធ្វើ​យ៉ាងណា ថែរក្សា សន្តិភាព ដែលរ​កមក​បាន​ដោយ​លំបាក នេះ ឲ្យនៅ​ស្ថិតស្ថេរ​គង់វង្ស ជូន​ប្រជាពលរដ្ឋ ទុក​ជូន​កូនចៅ​របស់​យើង​ឲ្យបាន​យូរអង្វែង​ច្រើន​ជំនាន់ ដើម្បី​បន្ត ពង្រីក​ឱកាស​អភិវឌ្ឍ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជា​លំដាប់​នូវ​ជីវភាព​រស់នៅ​របស់​យើងទាំងអស់គ្នា​។

​ឯកឧត្តម​បន្តថា​៖​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​បំផុត​លើ​ការអនុវត្ត​កិច្ចការងារ​នេះ ដោយ​បាន​ឧបត្ថម្ភ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​ច្បាប់​ក្នុង​ដំណើរ​ការចុះបញ្ជី​ដីធ្លី នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​របស់​យើង​ឱ្យមាន​ភាព​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត សម្រាប់​ការផ្តល់​បណ្ណ​កម្មសិទ្ធិ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី និង​អ្នក​កាន់កាប់​ដី​ទាំងឡាយ ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ និង​បទដ្ឋាន​បច្ចេកទេស​ស្របតាម​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

​ឯកឧត្តម​បន្ថែមថា​៖ មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត រួម​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ គឺ​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​(​ប្លង់រឹង​) ដល់​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការផ្ដល់​សេវា និង​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ឆាប់​ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ បាន​ទាន់ពេលវេលា និង​មិន​ត្រូវ​បង្ក​ភាពស្មុកស្មាញ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា​៖​ការចែក​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ ជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ការ យកចិត្តទុកដាក់​ខ្ពស់ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការធានា​កម្មសិទ្ធិ​ដីធ្លី ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់​ជីវភាព សុខុមាលភាព កាត់បន្ថយ​ជម្លោះដីធ្លី និង​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​រួមចំណែក​ដល់ ការពង្រឹង​យុត្តិធម៌ និង​ស្ថេរភាព​សង្គម​។

​ឯកឧត្តម បាន​ថ្លែងអំណរគុណ ដល់​ក្រសួង ស្ថាប័ន មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ដែល​បាន​យក ចិត្ត​ទុកដាក់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​សាមគ្គីភាព ចូលរួម​សហការ​គ្នា​ជាមួយ​មន្ត្រី​ចុះបញ្ជី អនុវត្ត​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី ក៏ដូចជា​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ខិតខំ​ពុះពារ​រាល់​ការលំបាក រហូត​ឈានដល់​ការចែក​ប័ណ្ណ​ជូន​ប្រជាជន​រដ្ឋ​នាពេលនេះ ហើយ​សកម្មភាព​របស់ អស់លោក លោកស្រី ក៏​ជា​ការរួម ចំណែក​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​ចតុកោណ ដំណាក់កាល​ទី​៥ របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ដីធ្លី​។​ឯកឧត្តម​ក៏​បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ថែរក្សា​ប័ណ្ណ​នេះ​ឱ្យបាន​ល្អ ហើយ​សូមឱ្យ​ខិតខំ​ថែរក្សា​សារ​ដី​នេះ​ទុក​សម្រាប់​បង្កបង្កើន​ផល និង​ទុក​ដល់​កូនចៅ​របស់​យើង​។

​ថ្លែង​ក្នុង​ពិធី​នេះ លោក សុក កាន់រិទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កណ្ដាល បានឱ្យដឹងថា​៖ បើ​គិត​មកដល់ពេលនេះ រដ្ឋបាលខេត្ត​បាន​ធ្វើ​ការចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ២០៥ លើក​ស្មើនឹង ២៨៩,៩៩៣​ប័ណ្ណ ហើយ​ថ្ងៃនេះ​គឺជា​លើក​ទី​២០៦​នៃ​ការចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចល​វត្ថុ ដែល​នឹង​ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ​មកពី ភូមិ​កោះ​ប្រាក់ (​ឃុំ​ភូមិធំ​) ភូមិ​ព្រែក​ប៉ុល និង​ភូមិ​កណ្តាល​លើ (​ឃុំ​បន្ទាយដែក​) ស្រុក​កៀនស្វាយ សរុប​ចំនួន ៤,០០១​ប័ណ្ណ​៕​

Leave a Reply

Your email address will not be published. Required fields are marked *