- ព័ត៌មានជាតិ

​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត​

នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤​នេះ គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត ក្រោម​អធិបតីភាព​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​។ មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ រួមមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈ​ចលនា​មហាជន ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង និង​ក្រុមការងារ​ចំណុះ​អគ្គលេខាធិការដ្ឋាន សរុប​ប្រមាណ ៥០ រូប​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម នួន ផា​រ័ត្ន អគ្គលេខាធិការរង​នៃ​គណៈ​ចលនា​មហាជន​បាន​ធ្វើ​របាយការណ៍​អំពី​សមិទ្ធផល​នានា​ដែល​សម្រេចបាន​ដោយ​គណៈ​ចលនា​ជំនាញ​ទាំង​៤ របស់​គណៈ​ចលនា​មហាជន​ដោយ​ក្នុងនោះ​រួមមាន​៖ គណៈ​ចលនា​យុវជន គណៈ​ចលនា​ស្ត្រី គណៈ​ចលនា​សហជីព គណៈ​ចលនា​អង្គការ សមាគមន៍ និង​ដៃគូរ​អភិវឌ្ឍន៍ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​យ៉ាង​សកម្ម​ក្នុង​ការដឹកនាំ តម្រង់ទិស និង​សម្របសម្រួល​ជាប្រចាំ ជាមួយ​រចនាសម្ព័ន្ធ​ចាត់តាំង​តាម​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត ក្នុង​ការតាមដាន គាំទ្រ និង​អនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​វិធានការ និង​អនុសាសន៍​នានា​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​។ ជាមួយគ្នានេះដែរ អគ្គលេខាធិការដ្ឋាន​បាន​បន្ត​តាមដាន ស្វែងយល់​អំពី បញ្ហា​ប្រឈម សភាពការណ៍ និង សតិអារម្មណ៍​មហាជន តាម​រាជធានី​-​ខេត្ត​ជា​ប្រចាំ ដើម្បី​ឱ្យ​ការអនុវត្ត​ការងារ​កាន់តែ​ប្រសើរ​ឡើង​ស្របតាម​ទិសដៅ​ឆ្ពោះ​ទៅ​មុខ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន មា់​ណែត ជា​នាយករដ្ឋមន្ត្រី​។​

​គួរ​បញ្ជាក់​ដែរ​កិច្ចប្រជុំ​នេះ បាន​រៀបចំឡើង​ក្នុង​គោលបំណង​បូកសរុប​លទ្ធផល​ការងារ​សំខាន់ៗ ក្នុង​ឆ្នាំ​២០២៣​កន្លងទៅ ព្រមទាំង​កំណត់​នូវ​ការវាយតម្លៃ​ជារួម ទៅលើ​បញ្ហា​ប្រឈម សំណូមពរ និង​ទិសដៅ​ការងារ​បន្ត សំដៅ​ចូលរួម​គាំទ្រ​ដល់​ការដឹកនាំ​របស់​គណបក្ស និង​រាជរដ្ឋាភិបាល ក្នុង​ការបម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​។​

Leave a Reply

Your email address will not be published. Required fields are marked *