- ព័ត៌មានជាតិ

ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ដឹកនាំ​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ លើក​ទី​២ នៃ​ខែ​មេសា ឆ្នាំ​២០២៤ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​លើក​ទិសដៅ​ការងារ​បន្ត​

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ដឹកនាំ​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ លើក​ទី​២ នៃ​ខែ​មេសា ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​លើក​ទិសដៅ​ការងារ​បន្ត​។​

​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​សួរ​សុខ​ទុក និង​ជូនពរ​សិរី​សួស្តី​ឆ្នាំ​ថ្មី​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល​ក្រោយពី​បាន​ចូលរួម​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។ ទន្ទឹមនឹងនេះ​ដែរ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សុខាភិបាល ចំពោះ​ការអនុវត្ត​ការងារ​ជាច្រើន​កន្លងមក​បាន​ល្អ​ប្រសើរ ហើយ​ការងារ​ដែល​មិន​ទាន់​អនុវត្ត​បាន​ល្អ ត្រូវ​ចូលរួម​អនុវត្ត​បន្ថែម​ទៀត ដោយ​ធ្វើ​ការប្រមើលមើល​នូវ​បទពិសោធន៍​ល្អៗ ដែល​ជា​លទ្ធផល​អនុវត្ត​បានល្អ​កន្លងមក​។ ក្នុងនោះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​កម្រិត​អគ្គនាយកដ្ឋាន ជា​ពិសេស​កម្រិត​នាយកដ្ឋាន​ជំនាញ​ត្រូវ​តែ​មាន​ការ​ជួបប្រជុំ​ក្រុម​ការងារ​ឱ្យបាន​២​ដង ក្នុង​មួយ​សប្តាហ៍ ក្នុង​ការដាក់ចេញ​ផែនការ និង​ពិនិត្យ​វឌ្ឍនភាព​ការងារ​ជាប្រចាំ ដើម្បី​អនុវត្ត​ការងារ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នូវ​ទស្សនវិស័យ​របស់​ក្រសួង​សុខាភិបាល ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិទី​៧​។​

​ក្នុងនោះ​គោលដៅ​ដែល​ត្រូវ​យកចិត្តទុកដាក់​គឺ​ត្រូវ​កាត់បន្ថយ​អត្រា​ឈឺ​ដោយ​ជំងឺមិនឆ្លង ជំរុញ​នូវ​ការលើកកម្ពស់​សុខភាព​បន្ត​ពូជ ម្តាយ និង​ទារក បង្កើន​សមត្ថភាព​ស្ថាប័ន ដើម្បី​ផ្លាស់ប្តូរ​ការដឹកនាំ​ឱ្យ​ត្រូវ​នឹង​បរិបទ​បច្ចុប្បន្ន ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន អង្គភាព ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​។​

​ជា​ចុងក្រោយ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​ត្រូវ​ត្រៀម​ចំពោះ​បញ្ហា​ប្រឈម​ចំពោះ​មុខ​ដូចជា ឆ្លើយតប​ជាមួយ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ជំងឺឆ្លង សុខភាព​សាធារណៈ ដោយ​បង្កើន​ការផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព រហូត​ដល់​កាត់បន្ថយ​នូវ​ជំងឺ​រ៉ាំរ៉ៃ ដែល​អាច​នឹង​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​តាមដាន​ការងារ​ទប់ស្កាត់​ជំងឺឆ្លង​ដូចជា​ជំងឺអេដស៍ ជំងឺគ្រុនចាញ់​។​ល​។​

​សូម​បញ្ជាក់​ផង​ដែរ​កិច្ចប្រជុំ​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​ហ៊ី​ប្រី​ដ៍ (Hybrid) ដែល​មាន​ការអញ្ជើញ​ចូលរួម​ផ្ទាល់​នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​រួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង ប្រធា​នាយកដ្ឋាន នៃ​ក្រសួង​សុខាភិបាល ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​ដែល​ជា​ទីប្រឹក្សា​នៅតាម​បណ្តា​ខេត្ត តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ​។​

Leave a Reply

Your email address will not be published. Required fields are marked *