«យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន», នេះគឺជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នាសាលាប៊ែលធី អន្តរជាតិ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាង ២០០០ នាក់អញ្ជើញមកពីក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកសារព័ត៌មាន និស្សិត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងព្រះសង្ឃ។
ឯកឧត្តមរដ្ឋមន្ត្រី ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ ហើយជាង នេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹងនិងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន។ ឯកឧត្តមក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមប្រើប្រាស់ APP NoDrug ទាំងអស់គ្នាព្រមទាំងជួយផ្សព្វផ្សាយដល់សមាជិកគ្រួសារ មិត្តភ័ក្តិឱ្យប្រើប្រាស់ទាំងអស់គ្នា។
ឯកឧត្តមបានថ្លែងថា គ្រប់ភាគីទាំងអស់ត្រូវចូលរួមកិច្ចការងារអប់រំ បំផុសចលនា លើកទឹកចិត្តឱ្យមានការចូលរួមច្រើនកុះករពីគ្រប់សមាសភាពនៃសង្គម សំដៅបង្កើតបានជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជាពិសេស ស្រទាប់យុវជនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក «៣កុំ ១រាយការណ៍»។ ទន្ទឹមគ្នានេះ ត្រូវជំរុញចលនាផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានសកម្ម ផុលផុសតាមគ្រប់រូបភាព គ្រប់ទីកន្លែង ចំគោលដៅ និងចំមុខសញ្ញា ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីបានជ្រួតជ្រាប យល់ដឹងអំពី គ្រោះថ្នាក់ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្លើយបដិសេធចំពោះគ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងពិធីនេះដោយគូសបញ្ជាក់អំពីសារៈសំខាន់នៃកម្មវិធីទូរស័ព្ទដៃនេះថាជាមធ្យោបាយដ៏ចាំបាច់ស្របនឹងការវិវត្តបច្ចុប្បន្ននៃសង្គមឌីជីថល និងវាអាចផ្តល់ប្រសិទ្ធភាពក្នុងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ដោយពាំនាំនូវព័ត៌មានសំខាន់ៗ និងចំណេះដឹងពាក់ព័ន្ធឱ្យកាន់តែខិតជិតប្រជាពលរដ្ឋណៅគ្រប់ទិសទី និងគ្រប់ស្រទាប់វណ្ណៈទាំងអស់ក្នុងសង្គម។ កម្មវិធីទូរស័ព្ទដៃនេះ អាចពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំ ឱ្យបានទៅដល់ប្រជាពលរដ្ឋស្ទើរគ្រាប់អ្នកដែលមានទូរស័ព្ទដៃប្រើ មិនថា ចាស់ឬក្មេង នៅទីប្រជុំជន នៅជនបទ ឬនៅក្រៅប្រទេសឡើយ គឺអាចទទួលបានព័ត៌មាន ទទួលបានការអប់រំ ទទួលបានការកំសាន្តសប្បាយ ហើយជាមួយគ្នានោះ ក៏អាចចូលរួមជាយោបល់ លើកជាសំណូមពរ ផ្តល់ជាព័ត៌មាន ឬរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីទទួលបានការឆ្លើយតប ឬកិច្ចអន្តរាគមន៍តាមបញ្ហាដែលពួកគាត់បានជួបប្រទះ ក្នុងនោះរួមទាំងការឆ្លើយតបចំពោះបងប្អូនដែលមានកូនចៅ ឬញាត្តមិត្តញៀនគ្រឿងញៀន ក៏អាចស្វែងរកព័ត៌មាន និងស្នើសុំកិច្ចអន្តរាគមន៍ តាមរយៈកម្មវិធីទូរស័ព្ទដៃនេះផងដែរ។






