- ព័ត៌មានជាតិ

សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ជា​អង្គ​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៤ ទូទាំង​ខេត្ត​ព្រៃវែង

​នា​ព្រឹក​ថ្ងៃ​សៅរ៍ ៤​កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២៤​នេះ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ជា​អង្គ​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៤ ទូទាំង​ខេត្ត​ព្រៃវែង នៅ​មន្ទីរ​គណបក្ស​ខេត្ត​ព្រៃវែង​។​

​អញ្ជើញ​មានប្រសាសន៍​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នោះ ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្តេច​សូម​សម្តែង​នូវ​ការគោរព​អរគុណ និង​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ អស់លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្ត​ព្រៃវែង ដែល​បាន​ប្តេជ្ញាចិត្ត​ចូលរួម​យ៉ាង​សកម្ម ក្រោម​ការដឹកនាំ​របស់​គណបក្ស និង​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ កន្លង​ទៅ​ថ្មីៗ​នេះ ចូលរួម​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ដណ្តើមបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​ការបោះ​ឆ្នោត​ដ៏​មាន​សារសំខាន់​នេះ​។​

​ទន្ទឹមនេះ សម្តេច សូម​ថ្លែង​នូវ​ការកោតសរសើរ អរគុណ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គណៈកម្មាធិការ​គណបក្ស និង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​នៃ​ខេត្ត​ព្រៃវែង ដែល​បាន​ខិតខំ​បំពេញ​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការសម្របសម្រួល​ចាត់ចែង​ការងារ​បោះឆ្នោត​របស់​គ​ណ​បក្ស ដោយ​បាន​លះបង់​នូវ​កម្លាំងកាយ ប្រាជ្ញា​ស្មារតី និង​ធនធាន​ផ្ទាល់​ខ្លួន​យ៉ាងច្រើន ក្នុង​ការចុះ​បំពេញ​ការងារ​តាម​មូលដ្ឋាន ដើម្បី​ចិញ្ចឹម​ចលនា និង​ការកសាង​កម្លាំង នយោបាយ​នៅ​តាម​មូលដ្ឋាន​នានា សំដៅ​ពង្រឹង និង​លើកកម្ពស់​ការចូលរួម ការគាំទ្រ ពី​ប្រជាពលរដ្ឋ និង​អង្គ​បោះឆ្នោត​អសកល​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម ធ្វើឱ្យ​គណបក្ស​យើង​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុង​ការបោះឆ្នោត​ជា បន្តបន្ទាប់​នា​រយៈពេល​កន្លងមក ជាពិសេស​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤​។​

​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្តេច សូម​លើក​ទឹកចិត្ត​ដល់​អស់លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្ត​ព្រៃវែង ដែល​ជា​អង្គ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក សូមមេត្តា​បន្ត​ពង្រឹង​ការប្តេជ្ញាចិត្ត​រួម​គ្នា​ជា​ធ្លុង​មួយ ជុំវិញ​ការដឹកនាំ​របស់​គណបក្ស ធ្វើ​ការគាំទ្រ និង​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​ដ៏​មាន​សារសំខាន់​នេះ ដោយ​ធ្វើ​ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​បំពេញ​បេសកកម្ម​បម្រើ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា ឱ្យ​សម្បូរ​សប្បាយ​រុងរឿង​ប្រកបដោយ​ភាពសុខដុមរមនា និង​សុភមង្គល​។​

​សម្ដេច ក៏បាន​ផ្តល់​ជា​អនុសាសន៍​លើ​កិច្ចការ​សំខាន់ៗ មួយចំនួន ផងដែរ​ដើម្បី​ដណ្តើម​ជោគជ័យ​ឱ្យបាន​ដាច់ខាត​ជូន​គណបក្ស​ក្នុង​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤​នេះ​។​

​ចុងបញ្ចប់​នេះ ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង មាន​ក្តីសង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​លើ​ការប្តេជ្ញាចិត្ត ការចូលរួម និង​ការគាំទ្រ​របស់​ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជា​ថ្នាក់ដឹកនាំ មន្ត្រី​នៃ​ក្រុមការងារ​, ថ្នាក់ដឹកនាំ មន្ត្រី នៃ​គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់​ខេត្ត​ព្រៃវែង បេក្ខជន​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក និង​អង្គ​បោះឆ្នោត​ទាំងអស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្ត​ព្រៃវែង នឹង​រួមគ្នា​ដណ្តើម​ជោគជ័យ​ឱ្យបាន​ដាច់ខាត​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៤ នេះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *