- ព័ត៌មានជាតិ

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​អញ្ជើញ​ទៅ​កូរ៉េ​ដើម្បី​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​

​ភ្នំពេញ​ ៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​កូរ៉េ ពី​ថ្ងៃ​ទី​១៥ ដល់​១៩ ខែ​ឧសភា ឆ្នាំ​២០២៤ តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម យូ​ន សក​យ៉​ល (Yoon Suk Yeol) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​អញ្ជើញ​អមដំណើរ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត រួមមាន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង រដ្ឋមន្ត្រី មន្ត្រី​សំខាន់ៗ​នៃ​រាជរដ្ឋាភិបាល និង​តំណាង​ពី​សភាពាណិជ្ជកម្ម​កម្ពុជា​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​ថា សម្ដេច​ធិបតី នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម ប្រធានាធិបតី យូ​ន សក​យ៉​ល ដោយ​ពិភាក្សា​ស៊ីជម្រៅ​នូវ​ភាព​ជា​ដៃគូ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ពហុ​វិស័យ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​ឈាន​ទៅ​កម្រិត​ថ្មី​។​
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​បន្តថា ថ្នាក់ដឹកនាំ​ទាំង​ពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​សូម​បញ្ជាក់​ជូន​ថា​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ខាងលើ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏​នឹង​មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ ឯកឧត្តម​នាយក​រដ្ឋ​មន្តី ហា​ន់ ដុក​ស៊ូ (Han Duck-soo) និង ឯកឧត្តម​ប្រធានរដ្ឋសភា គីម ជីន​ស្គូ (Kim Jin-pyo)​។ សម្ដេច​ធិបតី ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ និង​ជួប​ជាមួយ​ក្រុមហ៊ុន កូរ៉េ​សំខាន់ៗ​មួយចំនួន ហើយ​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉​ផង​ដែរ​។​
​សូម​បញ្ជាក់​ជូន​ថា «​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បាន​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ក្នុង​ឆ្នាំ​១៩៧០ ក៏ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​មិនបាន​ល្អ​ប្រសើរ​ឡើយ ដោយ​នៅ​ឆ្នាំ​១៩៧៥ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ដឹកនាំ​របស់​ខ្មែរក្រហម​។ ក្រោយ​មក​របប​ដឹកនាំ​ដោយ​ខ្មែរ ក្រហម​នេះ ត្រូវ​បាន​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩ ដែល​អាច​ឱ្យ​ប្រទេស កម្ពុជា​ក្រោកឈរ​សា​ជា​ថ្មី​បាន និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​មាន​ស្ថិរភាព​ក្នុង​ប្រទេស​ឡើងវិញ​។ ស្របពេល​ជាមួយគ្នានេះ​ដែរ ក្រៅពី​ការធ្វើ​ឱ្យមាន​ស្ថិរភាព​ក្នុង​ប្រទេស រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បានចាប់ផ្តើម​ផ្សារភ្ជាប់ ទំនាក់ទំនង​ការទូត​ឡើង​វិញ​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ទាំង​ក្នុង​តំបន់ និង​នៅលើ​សកលលោក រួមបញ្ចូល​ទាំង​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ធំៗ​ផងដែរ ដូចជា​អង្គការសហប្រជាជាតិ​ជាដើម​។​ល​។​
​ការភ្ជាប់​ទំនាក់ទំនង​នេះ​ក៏​ឈាន​ដល់​ការចុះ​ឯក សារ​ពិធីសា​រលើ​កិច្ចព្រមព្រៀង​នានា​ជាមួយ​រដ្ឋាភិបាល បរទេស ជាពិសេស​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ASEAN ផងដែរ​។​

​ក្នុងពេល​ជាមួយគ្នា​នោះដែរ ទំនាក់ទំនង​រវាង​ប្រទេស ទាំងពីរ កម្ពុជា​- កូរ៉េ ត្រូវបាន​បង្កើតឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ដែល​ចាប់ពីពេលនោះ​មក ទំនាក់ទំនង​ទ្វេរ​ភាគី​នេះ ត្រូវ​បាន​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​។​

​ក្រោយមក ក្រោម​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​នេះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​បង្កើត​ស្ថានទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឆ្នាំ ១៩៩៨​។ ចំណែកឯ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បង្កើត​ស្ថានទូត​របស់ខ្លួន ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ផងដែរ​នៅក្នុង​ឆ្នាំ​២០០១»​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​ក្នុង​គេហទំព័រ​រាជបណ្ឌិត្យសភា​កម្ពុជា​។​

​ដោយឡែក ចំពោះ​លំហូរ​វិនិយោគ នៅក្នុង​ខែ​មករា ដើមឆ្នាំ ២០២៤​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-​កូរ៉េខាងត្បូង សម្រេច​បាន​ទំហំ​ទឹកប្រាក់​ជាង ៦៣​លាន​ដុល្លា​។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​សម្តេច​ធិបតី​។​

​ប្រភព​ដដែល បាន​គូសបញ្ជាក់ថា ក្នុង​ខែ​មករា ប្រទេស​កម្ពុជា បាន​នាំ​ចេញ​នូវ​ទំនេញ​ភាគច្រើន​ជា ផលិតផល​កសិកម្ម សម្លៀក​បំពាក់ កៅស៊ូ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក​។​
​ដោយឡែក កូរ៉េខាងត្បូង ក៏​បាន​នាំ​ចូល​ផលិតផល​មក​កាន់​ទីផ្សា​រ​ប្រទេស​កម្ពុជា រួមមាន រថយន្ត គ្រឿង​អេឡិចត្រូនិក ភេសជ្ជៈ និង​ឱសថ​ជាដើម​។​

 

Leave a Reply

Your email address will not be published. Required fields are marked *