- ព័ត៌មានជាតិ

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ទទួល​ថវិកា និង​អំណោយ​ពី​សប្បុរសជន​នានា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​រដ្ឋបាល​ស្រុក អបអរ​ខួប​លើក​ទី​១៦២ ៨​ឧសភា ២០២៥

​ខេត្ត​កណ្តាល ៖ រសៀល​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អញ្ជើញ​ទទួល​ថវិកា និង​អំណោយ​ពី​សប្បុរសជន​នានា មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​រដ្ឋបាល​ស្រុក ដើម្បី​អបអរ​ខួប​លើក​ទី​១៦២ ៨​ឧសភា ២០២៥ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ក្រោម​ប្រធានបទ «​រួម​គ្នា​ស្ម័គ្រចិត្ត ដើម្បី​សហគមន៍​មាន​សុខភាព​ល្អ និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ​» និង​ខួប​លើក​ទី​៧០​ឆ្នាំ កាកបាទក្រហមកម្ពុជា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល​។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​មានប្រសាសន៍ថា​៖ បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​ប្រកប​ដោយ​សប្បុរស ពោរពេញ​ដោយ​សទ្ធា​ជ្រះថ្លា​របស់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និង​សប្បុរស​នានា ដែល​បាន​បរិច្ចាគ​នូវ​ថវិកា សំភារៈ ដើម្បី​រួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល​នៅពេលនេះ​។ ជានិច្ចកាល​កាកបាទក្រហមកម្ពុជា​ខេត្ត តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​មិន​គិតពី ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ​។

​ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ លោក លោកស្រី អ្នកនាង​កញ្ញា មន្ត្រីរាជការ ប្រធាន​ក្រុមហ៊ុន អាជីវករ ពាណិជ្ជករ សប្បុរសជន​នានា និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ មេត្តា​ចូលរួមចំណែក​គាំទ្រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ខេត្ត​កណ្តាល ដោយ​ឧបត្ថម្ភ​ជា ថវិកា គ្រឿងឧបភោគ បរិភោគ ឬ​សម្ភារៈ​ផ្សេងៗ​តាម​លទ្ធភាព ឫ កម្លាំង​សទ្ធា​ជ្រះថ្លា​។

​ឯកឧត្តម​បាន​បន្តថា​៖ ថវិកា​ទាំងអស់​នេះ គឺ​ពិតជា​មាន​តម្លៃ និង​ឆ្លើយតបបាន​ទាន់ពេលវេលា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ការខ្វះខាត និង​ជួប​នូវ​គ្រោះ​មហន្តរាយ​ផ្សេងៗ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​។

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​នានា សរុប​ចំនួន​៨០,៥៤៤​ដុល្លា​សហរដ្ឋអាមេរិក និង​៧១,៩៧០,០០០​លាន​រៀល និង​ក្រមា​ចំនួន​១០០៕​

Leave a Reply

Your email address will not be published. Required fields are marked *