(ខេត្តកំពង់ស្ពឺ)នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺព្រះសង្ឃ ប្រជាពលរដ្ឋ អាជីវករនិងសប្បុរសជនក្នុងខេត្តកំពង់ស្ពឺ បានបន្តចូលរួមបរិច្ចាគអំណោយជាថវិកាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗតាមលទ្ធភាពនិងសទ្ធាជ្រះថ្លា ឆ្លើយតបតាមការអំពាវនាវរបស់រដ្ឋបាលខេត្ត។
ជាក់ស្ដែងនៅថ្ងៃនេះឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានទទួលអំណោយអំពីក្រុមហ៊ុន HUANDI GLOBAL (CAMBODIA) INDUSTRIAL CO.,LTD. ឧកញ៉ា ហួន លីមីង និងក្រុមគ្រួសារទាំងក្រុមការងារនៅអាគាររដ្ឋបាលខេត្ត មានគ្រឿងឧបភោគ បរិភោគ សម្ភារៈថវិកាមួយចំនួនសម្រាប់ជូនទៅជនភៀសសឹក និងកងកម្លាំងជួរមុខដ៏អង់អាច់ក្លាហានលះបង់សាច់ស្រស់ឈាមស្រស់សម្រាប់ប្រទេសជាតិ។
ឯកឧត្តមបណ្ឌិតអភិបាល បានឱ្យដឹងហើយថា សម្រាប់ខឿនការពារជាតិប្រជាជន បងប្អូនប្រជាពលរដ្ឋយើងបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីជាកិច្ចឆ្លើយតបជាមួយនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈកងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាពីចោលឈ្លានពានថៃ ជាមួយនឹងការចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក ដែលកំពុងតែជ្រកកោននៅតាមទីតាំងសុវត្ថិភាពនានា។ ទាំងអស់នេះគឺជាទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីសមមរភូមិក្រោយ ជួយសមរភូមិមុខ,ស្មារតីខ្មែរជួយខ្មែរ។
សកម្មភាពនេះបាន បង្ហាញឱ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រនិងលើកទឹកចិត្តដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង នឹងសត្រូវឈ្លានពាន ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបន្តមកសម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
ឯកឧត្តមបណិតអភិបាលខេត្តបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សប្បុរសជននានា និងឧកញ៉ា ហួន លីមីង បានយកគ្រឿងឧបភោគបរិភោគថវិកាជូនដល់រដ្ឋបាលខេត្តនាថ្ងៃនេះសម្រាប់ជូនដល់កងកម្លាំងជួរមុខនិងជនភៀសសឹកដើម្បីជាការដឹងគុណកងកម្លាំងបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីដ៏បវរនៃយើង។







