- ព័ត៌មានជាតិ

ភូមិ​ចំនួន​៥ ស្ថិតក្នុង​ឃុំ​សំរោង​ធំ ត្រូវ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​មក​ពិនិត្យ​ពី​ភាពត្រឹមត្រូវ​ពិតប្រាកដ​

​ខេត្ត​កណ្តាល​៖ ដើម្បី​ពន្លឿន​ក្នុង​ការចេញ​ប័ណ្ណកម្មសិទ្ធ​ជូនប្រជា​ពលរដ្ឋ​អោយបាន​ឆាប់​តាម​ផែនការ​ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៥ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​កណ្ដាល បាន​រៀបចំ​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ចំនួន​៥​ភូមិ គឺ​ភូមិ​ព្រែកត្រែង ភូមិ​ព្រែកត្រែង​២ ភូមិ​សំរោង​ក្អែរ ភូមិ​សំរោង​ក្អែរ​២ និង​ភូមិ​សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ដែល​មាន​ចំនួន​៤,៥៧៣ ក្បាលដី ។

​ថ្លែង​ក្នុង​ពិធី​នោះ​លោក លោក ព្រំ ឆាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កណ្តាល បាន​ថ្លែងថា​៖ គោលបំណង​អំពី​ការបិទ​ផ្សាយ​ជា​សាធារណៈ​នាពេលនេះ គឺ​ដើម្បី​ទុក​ឱកាស​អោយ​បងប្អូន​ជា​អ្នកកាន់កាប់​ដី និង​អ្នកពាក់ព័ន្ធ​មក​ពិនិត្យ​នូវ​ទិន្នន័យ​អោយបាន​ត្រឹមត្រូវ ដូច​ជា​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ប្រភេទ​ទ្រព្យ បើ​មាន​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​អាច​ធ្វើ​ការជំទាស់​តវ៉ា​លើ​ទិន្នន័យ​ដែល​មាន​នៅក្នុង​ឯកសារ​វិនិច្ឆ័យ រួម​មាន​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​អ្នក​កាន់កាប់​ដី ហើយ​ការជំទាស់​តវ៉ា​អាចធ្វើ​បាន​អំឡុងពេល​១៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ប្រកាស​បិទ​ផ្សាយ​នេះ​តទៅ​ហើយ​ក្នុង​រយៈពេល ១៥​ថ្ងៃនេះ​គណៈកម្មការ​រដ្ឋបាល និង​មន្ត្រី​សុរិយោដី​នឹង​នៅ​ប្រចាំការ​រាល់​ថ្ងៃ​ទាំង​ថ្ងៃ​ឈប់សម្រាក និង​ថ្ងៃបុណ្យ​ផ្សេងៗ ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៥ ដើម្បី​រង់ចាំ​ពន្យល់​ទិន្នន័យ​ទាំងឡាយ និង​ទទួល​ពាក្យបណ្តឹង ដោះស្រាយ​ការតវ៉ា និង​វិវាទ​ផ្សេងៗ​។

​លោក​អនុប្រធាន​មន្ទីរ​បាន​បន្តថា​៖ បន្ទាប់​ពី​លទ្ធផល​នៃ​ការបិទ​ផ្សាយ​រយៈពេល​១៥​ថ្ងៃ យើង​នឹង​ទទួលបាន​នូវ​ទិន្នន័យ​ត្រឹមត្រូវ ដើម្បី​បំពេញ​នីតិវិធី​ឈានដល់​ការចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​កាន់កាប់​ដី និង​ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព សុខុមាលភាព ស្ថេរភាព​សង្គម ការអភិវឌ្ឍ និង​ប្រើ ប្រាស់​ដីធ្លី​ប្រកបដោយ​ទំនុកចិត្ត​។

​ក្នុងឱកាស​នោះ​លោក ស៊ុម ធន់ អភិបាលរង​ស្រុក​កៀនស្វាយ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ មក​ចូលរួម​ពិនិត្យ និង​ផ្ទៀងផ្ទាត់​លើ​ទិន្នន័យ​នៃ​ឯកសារ​វិនិច្ឆ័យ​ដែល​ដាក់​បិទ​ផ្សាយ​ជូន​ដោយ​គណៈកម្មការ​រដ្ឋបាល ចំនួន​០៥​ភូមិ​ខាងលើ ក្នុង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ អោយបាន​គ្រប់ៗ​គ្នា​៕​

Leave a Reply

Your email address will not be published. Required fields are marked *