- ព័ត៌មានជាតិ

មន្ទីរ​កិច្ចការនារី​ខេត្ត​កណ្ដាល រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ស្តីពី “​ការលើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​” នៅ​ស្រុក​លើកដែក​

ខេត្ត​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៥ មន្ទីរ​កិច្ចការនារី​ខេត្ត​កណ្ដាល សហការ​ជាមួយ​រដ្ឋបាល​ស្រុក​លើកដែក បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ស្តីពី “​ការលើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​” ក្រោម​អធិបតីភាព លោកជំទាវ ស្រ៊ុន ស្រី​នាង អភិបាលរង​ខេត្ត​កណ្តាល ដែល​វេទិកា​នេះ​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​វរត្ត​ជោតិ​ការាម ហៅ​វត្ត​ក្អម​សំណរ ស្ថិតនៅ​ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្ត​កណ្តាល​។​

​មានប្រសាសន៍​ក្នុង​វេទិកា លោកជំទាវ ស្រ៊ុន ស្រី​នាង អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា​៖ ការលើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ គឺ​ដើម្បី​ពង្រឹង ថែរក្សា ការពារ​វប្បធម៌ ទំនៀម​ទំលាប់​ប្រពៃណីជាតិ ក្នុង​ការលើកកម្ពស់​សី​ល​ធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ប្រកប​ដោយ​សុភមង្គល សំដៅ​បំផុសស្មារតី​ឱ្យ​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ចេះ​អប់រំ​ខ្លួនឯង យល់ដឹង​កាន់តែច្បាស់​ពី​តម្លៃពិត នៃ​ទំនៀម​ទំលាប់ វប្បធម៌ ប្រពៃណី សីលធម៌ សុជីវធម៌ ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​យើង ហើយក៏​មិន​ចង់​ឃើញ​ប្អូនៗ​យុវវ័យ សិស្សានុសិស្ស ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន មានការ​ភ្លើតភ្លើន ហួសហេតុ​នាំ​ឱ្យ​ប្រាសចាក​ពី​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់ និង​សីលធម៌​សង្គម​ឡើយ​។

​លោកជំទាវ អភិបាលរង​ខេត្ត បន្តថា​៖ ការលើកកម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ជា​វេទិកា​ដ៏​សំខាន់​មួយ​ដែល​រាជរដ្ឋាភិបាល កំពុងតែ​យកចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ និង​ប្អូនៗ​សិស្សានុសិស្ស ដើម្បី​ប្រកាន់​ភ្ជាប់​ពី​តម្លៃ សីលធម៌ សុជីវធម៌ វប្បធម៌ អរិយធម៌ ដ៏​ផូរផង់ ដ៏​វិសេសវិសាល ដែល​បាន​បន្សល់ទុក​ពី​បុព្វបុរស​យើង នូវ​មរតក​ថ្លៃថ្លា​ដ៏​សម្បូរ​បែប​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ ការលើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​នេះ ក៏​ជា​ការជំរុញ ការផ្សព្វផ្សាយ​លើកកម្ពស់​មនសិការ និង​ស្មារតី​ចូលរួម និង​ទទួលយក នូវ​ចំណេះដឹង​សំដៅ ជំរុញ​ការគោរព ថែរក្សា អភិរក្ស ដើម្បី​សាមគ្គីភាព ឯកភាព​ជាតិ សុខដុមរមនា និង​ភាពសុខសាន្ត​របស់​សង្គម​ជាតិ​។

​ជាមួយគ្នា​នេះ​ផង​ដែរ លោកជំទាវ អភិបាលរង​ខេត្ត បាន​អំពាវនាវ​ដល់​អាជ្ញាធរ លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល សូម​ពង្រឹង និង​បង្កើន​កិច្ចសហការ​ក្នុង​ការអប់រំ​អំពី​សីលធម៌ និង​សុជីវធម៌​ដល់​កូនៗ សិស្ស និស្សិត និង​យុវជន​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​អប់រំ រួម​ទាំង​ការ​បន្ត​លើកកម្ពស់​ការគោរព​សីលធម៌ តម្លៃ​ស្ត្រី សេចក្តីថ្លៃថ្នូរ ក្នុង​គ្រួសារ និង​សង្គម​ខ្មែរ​។ បណ្តុះ ទម្លាប់​មាន​សីលធម៌ គុណធម៌ និង​សុជីវធម៌ និង​ទម្លាប់​គោរព​ច្បាប់​និង​វិន័យ​។​

Leave a Reply

Your email address will not be published. Required fields are marked *