- ព័ត៌មានជាតិ

រណសិរ្ស សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ក្រសួង​ការពារ​ប្រទេស​វៀតណាម វាយតម្លៃ​ការអនុវត្ត​គម្រោង​សាងសង់ ជួសជុល កែលំអរ លើក​សោ​ភណ្ឌ​ភាព​ស្តូប​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

​ភ្នំពេញ​. ៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក Vo Minh Luong អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស ប្រធាន​គណៈប្រតិភូ បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី ៨ ស្តីពី​ការអនុវត្ត​គម្រោង​សាងសង់ ជួសជុល កែលំអរ លើក​សោ​ភណ្ឌ​ភាព​ស្តូប​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហូជីមិញ នា​ព្រឹក​ថ្ងៃ​ពុធ ៨​រោច ខែ​អស្សុជ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៥​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​កោត​ស​សើរ​ចំពោះ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការសម្រេច​ឲ្យបាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​កម្រិត​ខ្ពស់​នាពេល​អនាគត និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​វៀតណាម ក្នុង​ការពង្រឹង​កិច្ចសហការណ៍​រវាង​ប្រទេស​ទាំង​២​កាន់តែ​ឱ្យ​រឹងមាំ ស្របតាម ទិស​ស្លោក «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហការ​ប្រតិបត្តិ​ការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​»​។​

​នៅក្នុង​ពិធី​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vo Minh Luong អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​របស់​កម្ពុជា ដែល​បាន​សហការ​យ៉ាង​សកម្ម​ដើម្បី​អនុវត្ត​គម្រោង​ប្រកបដោយ​ប្រសិទ្ធភាព​។

​នៅក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងពីរ​បាន​ឯកភាព ចុះហត្ថលេខា​កំណត់ហេតុ​ទី​៨​នេះ ដែល​ភាគី​កម្ពុជា តំណាង​ដោយ ឯកឧត្តម ញ៉ែម វ៉ា​លី អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតិភូមិ​កម្ពុជា និង​ភាគី​វៀតណាម តំណាង​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vo Minh Luong អនុ​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​៕​

     

Leave a Reply

Your email address will not be published. Required fields are marked *