- ព័ត៌មានជាតិ

ឥទ្ធិពល​ស្រា​ ​ប៉ូលិស​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា ដោយសារ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​

ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​អន្តរាគ​មន៍​ព្រែក​ឯង ម្នាក់ ពាក់ព័ន្ធ​បទល្មើស​ដក​កាំភ្លើង​បញ្ចូល​គ្រាប់​គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា និង ជា​មិត្តភក្តិ​គ្នា ផងដែរ ដោយសារ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី ។​

​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ប៉ូលិស​រូប​នេះ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា ជនសង្ស័យ​ជា​ប៉ូលិស​រូប​នេះ​មានឈ្មោះ រ៉េត សុគន្ធ អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​នគរបាល​អន្ត​រាគ​មន៍​ព្រែក​ឯង ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​ដូចគ្នា ។​

​អង្គ​ហេតុ​នៃ​ករណីនេះ ត្រូវបាន​សមត្ថកិច្ច ថ្លែងថា កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២២៖៣០​នាទី​យប់ ជនសង្ស័យ​និង​ជនរងគ្រោះ​ជា​មិត្តភក្តិ​នឹង​គ្នា បាននាំគ្នា​ទៅ​ផឹកស៊ី ក្នុង​ភោជនីយដ្ឋាន​មួយ យីហោ ហ្ស៊ឹ​ម ស្ថិតនៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាមួយ​មិត្តភក្តិ​ផ្សេងទៀត ប្រហែល​១០​នាក់ ។​

​លុះ​ពេល​ផឹកស៊ី​បាន​មួយសន្ទុះ​ក្រោយមក ជនសង្ស័យ​ឈ្មោះ រ៉េត សុគន្ធ បាន​ហុច​បារី​មួ​យ​ដើម​ទៅ​អោយ​ជនរងគ្រោះ​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ ។ ប៉ុន្តែ​នៅពេល​ហុច​បារី​នោះ បារី​បាន​ធ្លាក់​ទៅលើ​ដី ហើយ​ជនសង្ស័យ​ក៏​អោន​រើស​បារី​ដែល​ធ្លាក់​ទៅលើ​ដី ហុច​ទៅ​អោយ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ព្រម​យក ដោយ​ចង់បាន​បារី​ថ្មី ធ្វើអោយ​ជនសង្ស័យ និយាយថា ជនរងគ្រោះ​មើលងាយ​ខ្លួន ។​

​ក្រោយមក ជនសង្ស័យ​បាន​ទាញ​អាវុធខ្លី​ម៉ាក Lock19 ផលិត​នៅ​ប្រទេស USA ចេញពី​កាបូប​ដាក់​សម្ភារៈ មក​បញ្ចូល​គ្រាប់ រួច​ភ្ជង់​គំរាម​បាញ់​ទៅលើ​ជនរងគ្រោះ ប៉ុន សិទ្ធា​រាជ្យ ។ ប៉ុន្តែ ពេលនោះ ក៏​ត្រូវបាន​មិត្តភក្តិ​រួម​តុ​ជាមួយគ្នា បាន​ឃាត់​ចេញ​បំបែក​ចេញពី​រៀងៗ​ខ្លួន ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន ។ ចំណែក​ជនរងគ្រោះ បាន​ដាក់​ពាក្យបណ្តឹង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បន្ទាប់មក នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​ក៏​តាម​ចាប់ខ្លួន​ជនសង្ស័យ បាន​តែ​ម្តង ។ ពេលនេះ សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ តាម​នីតិវិធី មុន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *