ភ្នំពេញ ៖ បន្ទាប់ពីសារភាពប្រាប់ប្តីចាញ់ល្បែងអស់ប្រាក់ប្រមាណជាង២ម៉ឺនដុល្លាររួចមក ត្រូវប្តីបណ្តេញចេញពីផ្ទះ គ្មានទីពឹង ស្នាក់អាស្រ័យនារីកម្សត់ម្នាក់មានផ្ទៃពោះ៥សប្ដាហ៍ ទៀតនោះ បានសម្រេចចិត្ត ធ្វេីអត្តឃាតលោតទឹករហូត២ដងតែមិនស្លាប់ដោយសារតែប៉ូលិស និងសន្តិសុខ ជួយរារាំងទាន់ពេលទាំង២ករណី ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ច ករណី លេីកទី១ នាងមក លោតទឹកសម្លាប់ខ្លួននៅចំណុច នៅ ស្ពានជ្រោយចង្វារ វេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ហេីយត្រូវបានប៉ូលិសរារាំងទាន់ពេល ឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍នគរបាលអប់រំ និងលួងលោម អោយត្រឡប់ទៅផ្ទះវិញ។ ករណី លេីកទី២ ក្រោយមកនាងមិនសុខចិត្តស្រាប់តែទៅលោតទឹកជាថ្មីម្តងទៀត នៅមុខព្រះបរមរាជវាំង តែត្រូវបានសន្តិសុខសាលាខណ្ឌដូនពេញ ជួយសង្គ្រោះ ទាន់ពេលវេលាកាលពីវេលាម៉ោង១២ និង ១០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
នាងប្រាប់សមត្ថកិច្ចថា ឈ្មោះ ចែត រិទ្ធី អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ នាងថា កំពុងពរពោះកូន៥សបា្តហ៍ ឯស្រុកកំណើតនៅ ស្រុកលើកដែក ខេត្តសៀមរាប ។
នាងបានរៀបរាប់លម្អិតប្រាប់សមត្ថកិច្ចថា , មូលហេតុដែលនាងគិតខ្លីប៉ុនប៉ងលោតទឹក សម្លាប់ខ្លួន គឺដោយសារនាងជ្រុលខ្លួនលេងល្បែងចាញ់ប្រាក់អស់២ម៉ឺនដុល្លារ នៅកាស៊ីណូ ហើយបានសារភាពប្រាប់ប្តី ក៏បង្កជាជម្លោះគ្រួសារ ឈ្លោះប្រកែក គ្នាពេញផ្ទះតែម្តង ។ លេីសពីនេះនាងត្រូវប្តីបោះបង់ និងមិនទទួលស្គាល់កូនក្នុងផ្ទៃ ឯគ្រួសារខាងប្តី ក៏មិនទទួលស្គាល់ទៀត ហើយរូបនាងផ្ទាល់ ក៏មិនហ៊ានត្រឡប់ទៅរកសាច់ញាតិ ខ្មាស់គេ ។ អស់លទ្ធភាពគ្មានទីពឹង គិតអ្វីមិនចេញ ព្រោះតែកំហុសខ្លួនប្រព្រឹត្តខុស ទើបគិតខ្លី ចង់គេចពីបញ្ហាស្មុគស្មាញទាំងនោះ ក៏សម្រេចចិត្តជ្រេីសរេីសចង់បញ្ចប់ជីវិតដោយលោតទឹក ។
មិនគួរសោះជម្រើសទាំង២ខាងលើ គឺលេងល្បែងនិងលោតទឹកសម្លាប់ខ្លួន ! បើជីវិតយើងនៅមាន ក្តីសង្ឃឹមនៅតែមាន និងបោះបង់រឿងអបាយមុខនោះចោល សាងនូវសេចក្តីល្អ ជីវិតមានសុភមង្គលឡើងវិញ៕






