- ព័ត៌មានជាតិ, សន្តិសុខ សង្គម

ស្លាប់ ២ នាក់និង របួស ២ នាក់ ដោយសារម៉ូតូពីរគ្រឿង ប៉ះដៃចង្កូតគ្នា ដួលខ្ទាតមនុស្ស ចូលក្រោមរថយន្ត

កំពង់ស្ពឺ÷ មនុស្ស ២ នាក់ បានស្លាប់ នៅកន្លែងកើតហេតុ និង ២ នាក់ទៀត បានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារម៉ូតូ និងម៉ូតូ ប៉ះដៃចង្កូតគ្នា រួចដួលខ្ទាតមនុស្សចូលក្រោមរថយន្ត។ ហេតុការណ៍នេះ បានកើតឡើង នៅប្រឹកថ្ងៃទី26 កុម្ភៈ2021លើផ្លូវជាតិ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៩ – ៧០ ស្ថិតក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពកន្លែងកើយហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ ម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ ២០ ២០ ពាក់ស្លាកលេខ កណ្តាល 1U-5155 បើកបរដោយឈ្មោះ ប៊ឺន នុត ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ជាសិស្សវិទ្យាល័យ ហ៊ុនសែន ភ្នំស្រួច បានឌុបឈ្មោះ ជៀវ លីន ភេទស្រី អាយុ ២០ ឆ្នាំ នៅភូមិថ្មី ឃុំកំពង់ សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយបានបើកបរ ពីទិសខខាងលិច ទៅខាងកើត ។

លុះបើកមកដល់ចំណុច ខាងលើ ម៉ូតូនេះ ក៏បានប៉ះដៃចង្កូត ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-9024 បើកបរដោយឈ្មោះ ឆោម សុវណ្ណ ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ឌុបឈ្មោះ រុន សុខគា ក្មេងប្រុស ២នាក់នេះ រស់នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ជាមួយគ្នា និងជាសិស្សវិទ្យាល័យ ហ៊ុនសែន ភ្នំស្រួច ដូចគ្នា ដែលកំពុងបើកបរ ក្នុងទិសដៅស្របគ្នា រួចក៍បានដួលចូលក្រោមរថយន្ត មួយគ្រឿង ម៉ាកហ៊ីណូ ( HINO ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3732 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យអ្នកជិះម៉ូតូហុងដា ពាក់ស្លាកលេខ កណ្តាល 1U-5155 ទាំង ២ នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង ក្មេងប្រុស ២ នាក់ ជិះម៉ូតូម៉ាកហុដា ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-9024 បានរងរបួសធ្ងន់។

ប្រភពដដែល បានបន្តថាៈ ក្រោយកើតហេតុ អ្នករងរបួស បានត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យ។ សពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំពោះវត្ថុតាង រថយន្ត និងម៉ូតូទាំង២ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច៕

Leave a Reply

Your email address will not be published. Required fields are marked *