- ព័ត៌មានជាតិ

សិស្ស​និទ្ទេស A ចំនួន ២៦​នាក់ នៅ​ខេត្ត​ស្វាយរៀង ទទួល​បាន​ម៉ូតូ​មួយគ្រឿង ពី​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សិស្សា នុ​សិស្ស និទ្ទេស A ចំនួន ២៦​នាក់ ដែល​បាន​ប្រឡង​ជាប់​សញ្ញា​ប័ត​មធ្យមសិក្សា​ទុតិយភូមិ ក្នុងសម័យ​ប្រឡង​ថ្ងៃទី ២៧ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ខេត្ត​ស្វាយរៀង នា​រសៀល ថ្ងៃអាទិត្យ ៦​រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​ស្វាយរៀង ។

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល​នៅ​ក្តីនឹ​រលឹក និង​ការគិតគូរ​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ចៅៗ​នាពេលនេះ ។​

​លោកជំទាវ​ក៏បាន​ស្វាគមន៍ និង​មាន​មោទនៈភាព ជ័យលាភី​ចំពោះ​សិស្ស​និទ្ទេស A ទាំងអស់ និង​អបអរ​សារ​ទ​ចំពោះ​សិស្សា នុ​សិស្ស ទាំង ២.៥១៦​នាក់ ដែល​បាន​ប្រឡង​ជាប់​នៅក្នុង​ឆ្នាំ​សិក្សា ២០២០-២០២១ នេះ ។ លទ្ធផល​ដែល​បាន​ទទួល​ថ្ងៃនេះ គឺ​ដោយសារតែ​មាន​ចំណែក​ការខិតខំ​របស់​សិស្ស មាតាបិតា និង​របស់​លោក អ្នកគ្រូ និង​ការធ្វើកំណែទម្រង់​របស់​រដ្ឋាភិបាល​លើ​វិស័យ​អប់រំ ។

​លោកជំទាវ​ក៏បាន​អំពាវនាវ​ឱ្យ​បន្ត​ការខិតខំ​តទៅទៀត ទាំង​សិស្ស​ប្រឡង​ជាប់ ទាំង​សិស្ស​ប្រឡង​មិន​ជាប់​។ សិស្ស​ប្រឡង​ជាប់​ត្រូវ​បន្ត​ការខិតខំ ដើម្បី​ឈាន​ឆ្ពោះទៅរក​ការសិក្សា​ខ្ពស់ជាង​។ ចំណែកឯ​អ្នក​ដែល​ប្រឡង​មិន​ជាប់ ត្រូវខិតខំ​រៀន​បន្ត​ដើម្បី​ប្រឡង​ឆ្នាំក្រោយ ឬ​ត្រូវ​រៀន​យក​បរិញ្ញាបត្ររង ឬ​បច្ចេកទេស ៕

​សិស្ស​និទ្ទេស A ទាំង​២៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ៖ ម៉ូតូ មួយគ្រឿង ចំណែកឯ​ស្លាក​លេខ និង​មួកសុវត្ថិភាព ត្រូវបាន​ផ្តល់ជូន​ដោយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង និង​ថវិកា ១០​ម៉ឺន​រៀល ឧបត្ថម្ភ​ដល់​ការិយាល័យ​អប់រំ​ស្រុក ៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល និង​នាយក​សាលា​ទាំង ១១ ដែល​មាន​សិស្ស​ជ័យលាភី ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល​៕

Leave a Reply

Your email address will not be published. Required fields are marked *