មណ្ឌលគិរី ÷ នៅរសៀលថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២២ លោក សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និង ប្រតិភូនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍និងសហប្រតិបត្តិការ (SDC) បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និង ពិនិត្យមើលស្ថានភាពការសិក្សារបស់សិស្ស ដោយមានការចូលរួមពីអនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកគ្រូអ្នកគ្រូ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ។
លោក កោ គឹមអាន ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានរាយការណ៍ជូនលោកអភិបាលរងខេត្ត និង គណៈប្រតិភូ SDC ពីស្ថានភាពទូទៅ ការបណ្តុះបណ្តាល សមិទ្ធផល បញ្ហាប្រឈម ដំណោះស្រាយ និង ផែនការសកម្មភាពនាពេលខាងមុខ ។ លោកប្រធានមជ្ឈមណ្ឌល ក៏បានស្នើសុំឱ្យគណ:ប្រតិភូ SDC ជួយផ្ដល់ការឧបត្ថម្ភជាថវិកា សំភារៈ និងជួយកសាងអគារស្នាក់នៅសម្រាប់សិស្សានុសិស្សផងដែរ ។
លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរីបានថ្លែងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ SDC ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ក្នុងគោលដៅបណ្ដុះបណ្ដាលធនធានមនុស្ស អភិវឌ្ឍជំនាញ និងបង្កើនកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ លោកអភិបាលរងខេត្ត បានសំណូមពរដល់ទីភ្នាក់ងារ SDC បន្តកិច្ចសហប្រតិបត្តិការនិងគាំទ្រយ៉ាងពេញទំហឹងដល់មជ្ឈមណ្ឌលក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅខេត្តមណ្ឌលគិរី ។
លោកស្រី ណាឌា អូហ្វីជរ (Nadia Offiger ) នាយករងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍និង សហប្រតិបត្តិការ បានថ្លែងកោតសរសើរដល់មជ្ឈមណ្ឌលដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ ឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រធានមជ្ឈមណ្ឌល លោកស្រីបានមានប្រសាសន៍ថា ក្រុមការងាររបស់លោកស្រី នឹងយកសំណើរបស់មជ្ឈមណ្ឌល ទៅពិភាក្សាបន្ថែមទៀតជាមួយនិងទីភ្នាក់ងារ SDC ។ លោកស្រីក៏បានបញ្ជាក់ដែរថា ទីភ្នាក់ងារ SDC នឹងបន្តកិច្ចសហប្រតិបត្តិការ គាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលដៅបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមទីជនបទ ៕






