- ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត កម្ពុជា​-​ថៃ ខេត្ត​បន្ទាយមានជ័យ​

​នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត កម្ពុជា​-​ថៃ ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ កឹម​យ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អគ្គស្នងការ​នគរបាល​ជាតិ អភិបាល​រាជធានី​-​ខេត្ត អភិបាល​ស្ដីទី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ជា​កិច្ច​ចាប់ផ្តើម​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សេង យូរ​អ៊ា​ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ បានធ្ចើ​សេចក្តីរាយការណ៍​សង្ខេ​បថា អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត កម្ពុជា ថៃ បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ និង​បាន​បញ្ចប់​ការសាងសង់​កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ដោយ​ចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​។

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​បន្ត​ថា អគារ​ទាំងនេះ​រួមមាន អគារ​បំពេញបែបបទ​ចេញចូល មាន​ទំហំ​៣៥,៨០​ម៉ែត្រ គុណ​៥៦,៣៩​ម៉ែត្រ កម្ពស់​៣​ជាន់ បំពាក់​ដោយ​ឧបករណ៍ បរិក្ខា​អគ្គីសនី ម៉ាស៊ីនត្រជាក់ កង្ហារ​ប៊ឺត​ខ្យល់ បណ្ដាញ​ការពារ​អគ្គិភ័យ កាំ​មេ​រ៉ា​សុវត្ថិភាព ប្រព័ន្ធ​ទូរ​សព្ទ ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ប្រព័ន្ធ​សំឡេង ប្រព័ន្ធ​ការពារ​រន្ទះ ជណ្ដើរយន្ត​ចំនួន​៤ និង​ចែក​ជា​ពីរ​ផ្នែក ផ្នែក​ខាងស្ដាំ​ប្រើប្រាស់​សម្រាប់​អ្នកដំណើរ​ចេញ និង​ផ្នែក​ខាងឆ្វេង​សម្រាប់​អ្នកដំណើរ​មកដល់​។

​លើសពីនេះ​ទៀត ឯកឧត្តម នាយ​ឧត្តមសេនីយ៍​បន្ត​ថា ទន្ទឹម​គ្នា​នេះ​ក៏​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រៅ​អគារ រួម​មាន​ជួសជុល​កែលម្អរ​អគារ​បំពេញបែបបទ​ចាស់​សម្រាប់​មន្ត្រី​ស្នាក់នៅ សាងសង់​អគារ​សម្រាប់​អ្នកដំណើរ​រង់ចាំ​ចេញ​និង​មកដល់​ចំនួន​២​ខ្នង ស្ថាបនា​ផ្លូវ​បេតង់​អ៊ុត​កៅស៊ូ រៀបចំ​សួនច្បារ តម្លើង​បង្គោល​ភ្លើង​បំភ្លឺ សាងសង់​របង​ព័ទ្ធជុំវិញ តម្លើង​ត្រង់​ស្វ័​រនិង​ត​បណ្ដាញ​ទឹក​ចូល​បរិវេណ​អគារ​។ ឯកឧត្តម​បន្ថែម​សមិទ្ធផល​នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ បង្ការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន ឆ្លើយ​ប​តាម​សំណូមពរ និង​ស្ថានភាព​ជាក់ស្ដែង​របស់​មន្ត្រី​ជំនាញ​។

​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ដែល​បាន​យកចិត្តទុកដាក់​យ៉ាង​សកម្ម​ជាមួយ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​ក្រុម​វិស្វករ​ជំនាញ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​ជម្នះ​ការលំបាក​ផ្សេងៗ​រហូត​ធ្វើឱ្យ​សម្រេច​បាន​សមិទ្ធ​ដែល​បាន​ប្រារព្ធ​ពិធី​សម្ពោធ​នា​ថ្ងៃនេះ​។​
​សម្ដេច​ក្រឡាហោម បាន​រម្លឹកថា​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ ជា​ច្រកទ្វារ​ឆ្លងកាត់​ព្រំដែន​មាន​អាយុកាល​ចំណាស់​មួយ​នៅ​កម្ពុជា​។​

​សម្ដេច​ក្រឡាហោម ក៏​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ថៃ ពិសេស​រដ្ឋបាល​ខេត្ត​ស្រះកែវ ដែល​ជា​និច្ច​ជា​កាល​បានផ្ដល់​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​កម្ពុជា រួមចំណែក​អភិវឌ្ឍន៍​តំបន់​ប៉ោត​ប៉ែ​ត​និយាយ​ដោយឡែក និង​ព្រះរាជាណាចក្រ​កម្ពុជា​និយាយ​ជា​រួម​។ សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ដែល​បាន​ខិតខំ​អភិវឌ្ឍ​ក្រុង​ឱ្យ​មាន​ការរីកចំរើន​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្រោយ​ពេល​រាជរដ្ឋាភិបាល​សម្រេច​បង្កើតក្រុង​ប៉ោយប៉ែត​។

​សម្ដេច​បាន​គូសបញ្ជាក់ថា​ច្រកទ្វារ​អន្តរជាតិ​នេះ ប្រៀប​បាន​នឹង​កន្លែង​ផ្ដល់​សេវា​សាធារណៈ​មួយ​ជូន​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ដែល​ត្រូវ​ធ្វើដំណើរ ដឹក​ជំនិញ ចេញចូល តាម​គ្រប់​មធ្យោបាយ និង​ចម្រុះ​ជាតិ​សាសន៍ ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​មាន​តួនាទី​បង្កលក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង រួម​ទាំង​ការត្រួតពិនិត្យ​ដើម្បី​រក​ឱ្យ​ឃើញ​បទល្មើស​នៃ​ការចេញចូល​នោះដែរ​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍​បន្ថែម​ថា ច្រកទ្វារ​អន្តរជាតិ​នេះ​ក៏​ជា​ច្រកទ្វារ​សំខាន់​នៃ​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៥ និង​ខេត្ត​សៀមរាប​តាម​ផ្លូវជាតិ​លេខ​៦​ផងដែរ​។ សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​គូសបញ្ជាក់​ជា​ថ្មី​ទៀត អំពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ក៏​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួម​ទាំង​ការជំរុញ និង​លើកកម្ពស់​ការ​បង្ខិត​រដ្ឋបាល​ឱ្យ​នៅ​ជាប់​ប្រជាពលរដ្ឋ ដើម្បី​យកចិត្តទុកដាក់​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ឈាន​ទៅ​កាត់បន្ថយ​ភាពក្រីក្រ ដែល​ជា​ការប្ដេជ្ញា​ចិត្ត និង​ជា​ឆន្ទៈ​នយោបាយ​ដ៏​មុះមុត​របស់​រាជរដ្ឋាភិបាល​៕​

Leave a Reply

Your email address will not be published. Required fields are marked *