- ព័ត៌មានជាតិ

អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បដិសេធ​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ពី​ការចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើជា​ទាសករ​លក់​ឈាម នៅ​តំបន់​ឆៃ​ណា​ថោ​ន ខេត្ត​ព្រះ សីហនុ​

ភ្នំពេញៈ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ​បានឲ្យដឹងថា រយៈពេល​ថ្មីៗ​កន្លងមកនេះ មាន​សារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន បានធ្វើការ ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការចាប់​បង្ខាំង​ជនជា​តិចិ​ន​ធ្វើជា​ទាសករ​លក់​ឈាម នៅ​តំបន់​ឆៃ​ណា​ថោ​ន ខេត្ត​ព្រះ សីហនុ ដោយ​បាន​ធ្វើឲ្យ​ប៉ះពាល់​បរិយាកាស និង​ចិត្តសាស្ត្រ​សង្គម ព្រមទាំង​ធ្វើឲ្យ​មាន​ការភ័ន្តច្រឡំ​ពី​សំណាក់ សាធារណៈ​មតិ​ជាតិ អន្តរជាតិ​ជាច្រើន​។​

អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បដិសេធ​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ពី​ការចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើជា​ទាសករ​លក់​ឈាម នៅ​តំបន់​ឆៃ​ណា​ថោ​ន ខេត្ត​ព្រះ សីហនុ គឺជា​ព័ត៌មាន​ប្រឌិត និង​ធ្វើឲ្យ​ប៉ះពាល់​បរិយាកាស និង​ចិត្តសាស្ត្រ​សង្គម ព្រមទាំង​ធ្វើឲ្យ​មាន​ការភ័ន្តច្រឡំ​ពី​សំណាក់​សាធារណៈ​មតិ​ជាតិ អន្តរជាតិ​ជាច្រើន​។​

ករណីនេះ អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អកុសល​ខាងលើ អគ្គស្នងការដ្ឋាន​គរ​ជាតិ បាន​ចង្អុល​ដឹកនាំ​អង្គភាព​ជំនាញ ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ជា​បន្ទាន់ ដោយ​ធ្វើ​ការត្រួតពិនិត្យ​ទីតាំង​ពាក់ព័ន្ធ​ជាច្រើន​កន្លែង និង​ប្រមូល​ចម្លើយ​សាក្សី​មួយចំនួន ព្រមទាំង​បាន​រកឃើញថា ព័ត៌មាន​ខាងលើ​ជា​ព័ត៌មាន​ប្រឌិត ដែល​រៀបចំ​ដោយ​ឈ្មោះ LI YA YUAN LUN ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣១​ឆ្នាំ (​ស្នាក់​នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៊ីធ​ន​កម្ពុជា​-​ចិន រាជធានី​ភ្នំពេញ​) និង​អ្នកពាក់ព័ន្ធ​ចំនួន ០៣​នាក់ ដែល​ក្នុងនោះ ៖
១.​ឈ្មោះ LI YA YUAN LUN ដែល​អះអាង​ថា ជា​ជនរងគ្រោះ ធាតុ​ពិត​ជន​រូប​នេះ​បាន​លួច​ឆ្លងដែន ចូល​ប្រទេស កម្ពុជា​ដោយ​ខុសច្បាប់ ប៉ុន្តែ​អាស្រ័យ​ដោយ​មាន​ជំងឺ​ប្រចាំកាយ ក៏​បាន​ទាក់ទង​មនុស្ស​មួយ​ក្រុម ដើម្បី​ជួយ​រក​វិធី​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​។​
២.​អ្នកពាក់ព័ន្ធ​ចំនួន​បីនាក់ គឺជា​អ្នក​ជួយ​ដល់​ឈ្មោះ LI YA YUAN LUN ក្នុង​ការរៀបចំ​គម្រោង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​អំពី​ការ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម និង​ធ្វើ​ជា​ទាសករ​លក់​ឈាម ដើម្បី​ជា​លេស​ជួយ​ដល់​ឈ្មោះ LI YA YUAN LUN គេចផុត​ពី​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នៅ​កម្ពុជា​។​

បច្ចុប្បន្ន ឈ្មោះ LI YA YUAN LUN និង​អ្នកពាក់ព័ន្ធ​ចំនួន​បី​នាក់ (​ស្រី ០១​នាក់​) ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

ជាមួយគ្នានេះ អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន សារព័ត៌មាន និង ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ធ្វើការ​កែសម្រួល​ឡើងវិញ​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ខាងលើ ដើម្បី​ចៀសវាង​ការភ័ន្តច្រឡំ​ពី​សាធារណៈមតិ​ជាតិ អន្តរជាតិ​។

ទន្ទឹមគ្នានេះ សំណូមពរ​ដល់​អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ គប្បី​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ដោយ​មិន​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ ជាពិសេស​ចៀស​វាំង​ធ្វើការ​សន្និដ្ឋាន ហេតុការណ៍​ណាមួយ​ដោយ​អត្តនោម័ត ពុំ​មាន​ភស្តុតាង​ច្បាស់លាស់ នាំឲ្យ​ប៉ះពាល់​ដល់​បរិយាកាសស​ង្គ​ម និង បង្ក​ឲ្យមាន​ភាពភ័យខ្លា​ច​ដល់​ទេសចរណ៍​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគ​បរទេស​នៅ​កម្ពុជា​៕​

Leave a Reply

Your email address will not be published. Required fields are marked *