- ព័ត៌មានជាតិ

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី ជំរុញ​ឲ្យ​មន្ទីរ អង្គភាព​និង អាជ្ញាធរ​មូលដ្ឋាន បង្កើន​កិច្ចសហការ​គ្នា​ឲ្យបាន​ល្អ​ប្រសើរ​បម្រើ​សេវា​សាធារណៈ និង​លើក​កំពស់​គុណភាព​ការងារ​

​មណ្ឌលគិរី ÷ ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី ០២ ខែ​មីនា ឆ្នាំ ២០២២ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី លើក​ទី ៣៣ អាណត្តិ​ទី​៣ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ប៉េង សម្បត្តិ​អភិបាលរង​ខេត្ត​មណ្ឌលគិរី ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង ៣ ប្រភេទ លោក លោកស្រី​អភិបាល​អភិបាលរង​ក្រុង ស្រុក​ទាំង ៥ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចំងាយ Zoom ។

​ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី មានប្រសាសន៍ថា នៅ​មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត មន្ទីរ​អង្គភាព​និង​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង ៥ ក៏​មាន​កិច្ចប្រជុំ​ជាមួយនឹង​គណៈ​អភិបាលខេត្ត ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​របាយការណ៍ សកម្មភាព​ការងារ ខ្លឹមសារ អក្ខរាវិរុទ្ធ ឲ្យបាន​ត្រឹមត្រូវ ដូច្នេះ ប្រធាន​មន្ទីរ​អង្គភាព អភិបាល​ក្រុង​ស្រុក ត្រូវ​ពិនិត្យមើល​ឱ្យបាន​ល្អត់ល្អន់ លើ​របាយការណ៍​សកម្ម​ភាព​ការងារ​របស់​ខ្លួន និង​ត្រូវ​សហការ​ឲ្យបាន​ជិតស្និ​ទ្ធ​ជាមួយ​ការិយាល័យ​សរុប នៃ​រដ្ឋបាល​ខេត្ត ដើម្បី​កែសម្រួល​របាយការណ៍​ឲ្យបាន​ត្រឹមត្រូវ​មុន​ដាក់ជូន​អង្គប្រជុំ ។

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​ជំរុញ​ដល់​អភិបាល​ក្រុង​ស្រុក ត្រូវ​ណែនាំ​ឲ្យ​មន្ត្រីក្រោមឱវាទ អាជ្ញាធរ​ឃុំ សង្កាត់ ពង្រឹង​ការបម្រើ​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ ទាន់ពេលវេលា និង​ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​មន្ទីរ​អង្គភាព​ជំនាញ​ផ្សេងៗ ដើម្បី​ពង្រឹង​ប្រសិទ្ឋភាព​ការងារ ។ ម្យ៉ាងវិញទៀត សូម​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​ការប្រមូល​ចំណូល ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល តាម​វិស័យ​ជំនាញ​របស់​ខ្លួន ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ ព្រោះ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកាជាតិ​យ៉ាងច្រើន ទៅ​លើ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដូចជា​ការទិញ​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនក្រីក្រ និង​ជួយ​លើ​វិស័យ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​វិបត្តិកូ​វីដ​នេះ ។​

​ក្រៅពី​នេះ​ឯកឧត្តម ម៉ែន ង៉ុយ បាន​ស្នើ​ដល់​ប្រធាន​មន្ទីរ​អប់រំ និង​អាជ្ញាធរ​មូលដ្ឋាន ជួយ​ជំរុញ​ដល់ សិស្សានុសិស្ស មាតាបិតា​ដែល​មាន​កូន​គ្រប់​អាយុ ១៨ ឆ្នាំ សូម​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យបាន​គ្រប់គ្នា នឹង​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ ។ ឯកឧត្តម​ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ និង ចាក់​វ៉ាក់សាំង​តាម​ការជូន​ដំណឹង​របស់​ក្រសួង​សុខាភិបា​ល អាជ្ញាធរខេត្ត ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ៕

Leave a Reply

Your email address will not be published. Required fields are marked *