- ព័ត៌មានជាតិ

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​សាលប្រជុំ និង​សមិទ្ធផល​នានា ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ប​វេល ខេត្ត​បាត់ដំបង​

នា​ព្រឹក​ថ្ងៃ​សៅរ៍ ៣​កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​សាលប្រជុំ និង​សមិទ្ធផល​នានា ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ប​វេល ខេត្ត​បាត់ដំបង​។​

​ជា​កិច្ច​ចាប់ផ្ដើម​លោក នូ ប៊ុន​យ៉ាន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ប​វេ​លបាន​រាយការណ៍​ជូន​សម្ដេច​ក្រឡាហោម ព្រមទាំង​អង្គពិធី​អំពី​ប្រវត្តិ​សង្ខេបនៃ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ប​វេល ដំណើរការ​សាងសង់ និង​ការប្រើប្រាស់​អគារ​សាលប្រជុំ និង​សមិទ្ធផល​នានា​ដែល​សម្ពោធ​នា​ថ្ងៃនេះ ព្រមទាំង​ការងារ​គ្រប់គ្រង​សមាជិក​សមាជិការ​គណ​បក្ស​ស្រុក​ប​វេល​។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ ក្នុងនាម​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ក្នុងនាម​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​ក្រឡាហោម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក គណៈកម្មាធិការ​គណបក្ស​ស្រុក ឃុំ ភូមិ និង​សមាជិក សមាជិការ​គណបក្ស ព្រម​ទាំង​អ្នកគាំទ្រ​គណបក្ស​ទាំងអស់​ដែល​បាន​រួម​សាមគ្គី​សហការគ្នា​កសាង​សមិទ្ធផល​ជាច្រើន​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍​បន្ត​ថា សមិទ្ធផល​ប្រារព្ធ​ពិធី​សម្ពោធ​នាឱកាស​នេះ​ជា​សមិទ្ធផល​កើតចេញ​ពី​កម្លាំង​សាមគ្គី​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា និង​ស្មារតី​ជឿជាក់​របស់​សប្បុរសជន​មកលើ​ការដឹកនាំ គ្រប់គ្រង​ប្រទេសជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជំនឿ​ទុកចិត្ត​មក​លើ​ក្រុមការងារ​គណបក្ស​ខេត្ត​បាត់ដំបង និង​ស្រុក​ប​វេល ក្នុង​ការគ្រប់គ្រង ចាត់ចែង​ធនធាន​នេះ​ប្រកបដោយ​តម្លាភាព និង​គុណភាព​។​

​នា​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម មានប្រសាសន៍​រម្លឹក​ជូន​អង្គពិធី​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ស្រុក​ប​វេល កាលពី​អតីតកាល ជាពិសេស​នៅក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​ជាមួយ​កងទ័ព​ខ្មែរក្រហម រហូត​មាន​ការ​ដាក់​ចេញ​នយោបាយ​ឈ្នះៗ ទើប​ស្រុក​ប​វេល​និយាយ​ដោយឡែក និង​ទូទាំង​ប្រទេស​និយាយ​ជា​រួម​បាន​ស្គាល់​នូវ​សុខសន្តិភាព​ទូទាំង​ប្រទេស ដែល​ជា​កត្តា​នាំមក​នូវ​ការអភិវឌ្ឍ និង​រីកចំរើន ក្នុងនោះ​ក៏​មាន​ស្រុក​ប​វេល​នេះដែរ​។​

​សម្ដេច​មានប្រសាសន៍ បន្តថា​ការ​រម្លឹក​ដល់​អតីតកាល​ដ៏​ឈឺចាប់​ខ្លោចផ្សា​ពី​អតីតកាល និង​ការខិតខំ​ក្រោកឈរ​ឡើង​រួម​គ្នា​ជម្នះ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ផលវិបាក​នានា​ជា​ច្រើន​រាប់​មិន​អស់​រហូត​ធ្វើឱ្យ​មាន​ការអភិវឌ្ឍ​ស្រុក​ភូមិ និង​ប្រទេសជាតិ​ដូច​បច្ចុប្បន្ន​នេះ គឺ​អាស្រ័យ​ដោយសារ​យើង​ទាំងអស់គ្នា​បាន​សម្រេចចិត្ត​ជ្រើសរើស បាន​ត្រឹមត្រូវ​នូវ​គណបក្សនយោបាយ ដើម្បី​ដឹកនាំ និង​គ្រប់គ្រង​ប្រទេសជាតិ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្ដេច​ក្រឡាហោម អនុប្រធាន​គណបក្ស បាន​សង្កត់ធ្ងន់​ថា​ជា​គណបក្ស​កើតចេញ​ពី​ប្រជាជន ដើម្បី​ប្រជាជន ជា​គណបក្ស​នយោបាយ​ដែល​មាន​ឧត្តមគតិ​ស្នេហា​ជាតិ និង​ប្រជាជន​យ៉ាង​ពិតប្រាកដ ជា​គណបក្ស​នយោបាយ​មួយ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ ជា​គណបក្ស​មាន​អាទិភាព​ជាង​គេ​ក្នុង​សង្គម​កម្ពុជា នា​រយៈពេល​ជាង​៧០​ឆ្នាំ​មកហើយ និង​ក៏​ជា​គណបក្ស​ដែល​សម្រេចបាន​ស្នាដៃ​ធំៗ​ជាច្រើន​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​សម្ដេច មានប្រសាសន៍​សង្កត់ធ្ងន់​ថា​ស្នាដៃ​ធំៗ​ទាំងនោះ​រួមមាន ការចូលរួម​ដណ្ដើម​ឯករាជ្យ​ពី​បារាំង ការរំដោះ​ប្រទេស​ពី​របប​ប្រល័យ​ពូជសាសន៍ ការកសាង​ប្រទេស​ពី​បាតដៃ​ទទេ ការចរចា​ស្វែងរក​ការបង្រួបបង្រួម​ជាតិ និង​ការគាំទ្រ​ដំណើរ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការផ្ដួចផ្ដើម​និង​អនុវត្ត​នយោបាយ​ឈ្នះៗ​នាំមក​នូវ​សុខសន្តិភាព ឯកភាព​ជាតិ និង​ទឹកដី ការបន្ត​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សង្គម ដើម្បី​បង្ក​ឱកាស​ដល់​ការអភិវឌ្ឍ​ជាតិ​ដូច​បច្ចុប្បន្ន​។​

​ពី​វេទិកា​អធិបតី​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ក្ដីសង្ឃឹម​ជឿជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ប​វេល ក្រោម​ការចាត់ចែង​របស់​ក្រុម​ការងារ និង​គណបក្ស​នៅនឹងកន្លែង ព្រមទាំង​ការគាំទ្រ​ពី​ក្រុមការងារ និង​គណបក្ស​ខេត្ត​បាត់ដំបង នឹង​បន្ត​រួម​គ្នា​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​នូវ​កិច្ចការ​ទាំងអស់​ដែល​មាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​គណបក្ស ដោយ​សម្ដេច​ផ្ទាល់​ក៏​នឹង​ចូលរួម​ចំណែក​គាំទ្រ​អស់ពី​លទ្ធភាព​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *