- ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន​ត្បូងឃ្មុំ និង​សាលាបឋមសិក្សា និង​វិទ្យាល័យ​តេជោ​សែន​ត្បូងឃ្មុំ​

ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២២​នេះ ក្នុង​ទី​រួម​ខេត្ត​ត្បូងឃ្មុំ ដោយ​ស្ថិត​នៅក្រោម​អធិបតី​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្រី​នៃ​ព្រៃរាជាណាចក្រ​កម្ពុជា​នឹង​មាន​ការអញ្ជើញ​ចូលរួមជា​កិត្តិយស​ពី​សំណាក់​ឥស្សរៈជន​សំខាន់ៗ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​តាម​ក្រសួង​ស្ថាប័ន​នានា អ្នកតំណាងរាស្ត្រ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​សាលាខេត្ត មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត អភិបាល​-​មន្ត្រីរាជការ​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំង​០៧ កងកម្លាំង​ទាំង​០៣​ប្រភេទ ក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​សូមជម្រាបថា​៖ មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន​ត្បូងឃ្មុំ បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​បញ្ចប់​ការសាងសង់​នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​៥០​លាន​ដុល្លា​អាមេរិក ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​មន្ទីរពេទ្យ​មាន​ផ្ទៃក្រឡា​ទំហំ​៥៥,៨១៤ ម៉ែត្រការ៉េ និង​ក្រឡា​ផ្ទៃ​អគារ មាន​ទំហំ​២៤,៣០០ ម៉ែត្រការ៉េ មាន​កំពស់​២៤​ម៉ែត្រ ចែកចេញ​ជា​០៥​ជាន់ មាន​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ និង​មាន​គ្រែ​សរុប​ចំនួន​៣០០​គ្រែ រួម​ទាំង​មាន​ទទួល​ព្យាបាល វះកាត់ ពិគ្រោះ​យោបល់​ជំងឺ​ទូទៅ ដែល​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ប្រមាណ​៤០០​នាក់ ដែល​ជា​មន្ទីរពេទ្យ​ប្រចាំ​តំបន់​ភូមិភាគ គ្រប់​ដណ្តប់​ប្រជាជន​មួយចំនួន​នៃ​ខេត្ត​ក្រចេះ រតនគិរី ស្ទឹងត្រែង និង​មណ្ឌលគិរី​។​

​ដោយឡែក​៖ សាលាបឋមសិក្សា និង​វិទ្យាល័យ​តេជោ​សែន​ត្បូងឃ្មុំ ដែល​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​ជាមួយគ្នានេះដែរ ត្រូវបាន​សាងសង់​ក្នុង​ទឹកប្រាក់​ប្រមាណ ១,៣៥០,០០០​ដុល្លា ដែល​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។ សាល​រៀនមាន​ផ្ទៃដី​សរុប​ចំនួន ៥៣,៩១០​ម៉ែត្រក្រឡា ដោយ​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​២០១៨ និង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០២០​។​

​ដោយ​វិបត្តិកូ​វីដ​១៩ ពិធី​សម្រោធ​ជា​ផ្លូវការ​ត្រូវ​បាន​អូសបន្លា​យ​រហូត​មកដល់ពេលនេះ តែ​ក៏​បាន​ដាក់ឲ្យ​ដំណើរកា​រសិក្សា​ជា​បណ្តោះអាសន្ន ទាំង​ថ្នាក់បឋមសិក្សា និង​ថ្នាក់​វិទ្យាល័យ ដោយ​មាន​អគារសិក្សា​ចំនួន​២​ខ្នង កំពស់​០៣​ជាន់ មាន​៣៦​បន្ទប់ អគារ​ទីចាត់ការ​ចំនួន​០២​ខ្នង ១០​បន្ទប់ អគារ​ស្នាក់​នៅ​គ្រូបង្រៀន​២​ខ្នង ៤០​បន្ទប់ មាន​សិស្សានុសិស្ស ៥៥៧​នាក់ និង​គ្រូ​បង្រៀន​សរុប ១៨​នាក់​៕

​ប្រភព​៖ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​

Leave a Reply

Your email address will not be published. Required fields are marked *