- សន្តិសុខ សង្គម

បំបែកសំណុំរឿង​ឃាតកម្ម កម្លាំង​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជា​ជនជាតិ​ចិន​ពាក់ព័ន្ធ​នឹង​ករណី​កម្ម​នៅ​ក្រុងព្រះសីហនុ​

(​ភ្នំពេញ​)៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បំបែក​សំណុំរឿង​ឃាតកម្ម​សម្លាប់​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ដោយ​ជោគជ័យ​នៅ​យប់​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២២​នេះ ដោយ​ជនដៃដល់​ត្រូវ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​នៅ​ក្នុង​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយ​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការ​រង​ទទួល​ផែន និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យកម្លាំង​ជំនាញ​បើ​កការស្រាវជ្រា​វ​បន្ទាន់​ក្រោយ​កើតហេតុ និង​មាន​ការសម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​ដឹកនាំ​ប្រតិបត្តិការ​នេះ បានឲ្យដឹងថា ក្រោយពី​ទទួលបាន​បទបញ្ជា កម្លាំង​ជំនាញ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វេី​ការស្រាវជ្រាវ​រហូត​ដល់​រសៀល​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២២​នេះ ទើប​កំណត់​បាន​ទីតាំង​លាក់ខ្លួន របស់​ជនសង្ស័យ និង​ឈាន​ទៅដល់​ការឃាត់ខ្លួន​បាន​នៅ​ចំណុច​សណ្ឋាគារ ម៉ាន់​ស៉ី​គ័ង ស្ថិតនៅក្នុង​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លោក​បញ្ជាក់ថា ជនដៃដល់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ LI XIAO JIANG ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ EG 9171185 និង​បាន​ដកហូត​អាវុធខ្លី មួយ​ដេ​ី​ម ម៉ាក BERETTA (​ប្រើ​ហ្គាស​), ប្រាក់​ដុល្លារ​សែន ០១​ដុំ និង​ទូរស័ព្ទ ០១​គ្រឿង​។ ដោយឡែក​ជនរងគ្រោះ​មានឈ្មោះ LOU ZHIJIN ភេទ​ស្រី អាយុ ៤២​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E 88842731 បាន​យក​ខ្សែ​ចងដៃ​, ចង​ជើង​ជាប់ ហើយ​ច្របាច់​បំពង់ក នឹង​ផ្ទប់​ផ្លូវដង្ហើម រហូតដល់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។

​សូមជម្រាបថា នៅវេលា​ម៉ោង ១៖០០​នាទី​រសៀល ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ មាន​ករណី​ឃាតកម្ម​កើតឡើង ស្ថិតនៅ​ក្នុង​បន្ទប់​ជួល មួយកន្លែង ជាន់​ទី​០១ តាម​បណ្តោយ​ផ្លូវ​លេខ​១០២ ក្រុម​០២ ភូមិ​០៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ថា មាន​មនុស្ស​ដេក​សម្លាប់​នៅ​ក្នុង​បន្ទប់ ហើយ​កម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ​តែម្ដង​។ បច្ចុប្បន្ន​ជនដៃដល់ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សី​ហុន ដែល​ជា​ម្ចាស់​ករណី ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​

Leave a Reply

Your email address will not be published. Required fields are marked *