- ព័ត៌មានជាតិ

​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២១ និង លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២២ របស់​រដ្ឋបាល​ខេត្ត​កណ្តាល​

ខេត្ត​កណ្ដាល​៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្ដាល ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ជំរុញ​ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល ក្រុង​-​ស្រុក ខិតខំ​សម្របសម្រួល និង ពង្រឹង​ការផ្តល់សេវា​តាម​អង្គភាព​ច្រកចេញចូល តែ​មួយ​នៅ​សាលាខេត្ត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជំរុញ​បែបនេះ ក្នុងឱកាស​ឯកឧត្តម​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២១ និង លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២២ របស់​រដ្ឋបាល​ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​កណ្ដាល​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ បន្តថា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ រដ្ឋបាល​ខេត្ត​ត្រូវ​ខិតខំ​សម្របសម្រួល និង ពង្រឹង​ការផ្តល់សេវា​តាម​អង្គភាព​ច្រកចេញចូល​តែ​មួយ ព្រមទាំង​ពិនិត្យ តាមដាន និង គាំទ្រ​ដល់​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ និង ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ក្រុង​-​ស្រុក ដើម្បី​ធានា​ថា ការផ្តល់​សេវា​រដ្ឋបាល​ទាំងនេះ ដំណើរការ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ស្រប​តាម​គោលការណ៍ បែបបទ និង​នីតិវិធី ដែល​ត្រូវបាន​កំណត់ ។ ទន្ទឹមនេះ ត្រូវ​ខិតខំ​ជំរុញ និង សម្របសម្រួល​ជាមួយ​មន្ទីរ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពន្លឿន​ការផ្ទេរ​សេវា​នានា​ដែល​នៅ​សេសសល់ មក​ឱ្យ​អង្គភាព​ច្រកចេញចូល​តែ​មួយ​នៅ​សាលាខេត្ត រួម​ទាំង​ផ្តល់​ការគាំទ្រ​ខាង​បច្ចេកទេស និង ការកសាង​សមត្ថភាព​ដល់​ការ ផ្តល់​សេវា​ទាំងនេះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។ ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ផ្ដល់​សេវា នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​ការបំពេញ​ការងា​រ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ព្រមទាំង​ខិតខំ​កែលម្អ​ឥរិយាបថ​ក្នុងការ ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ រួមគ្នា​ដោះស្រាយ​សំណើ​, សំណូមពរ និង បញ្ហា​ប្រឈម នានា​នៅ​មូលដ្ឋាន​ប្រកបដោយ​តម្លាភាព​, គណនេយ្យភាព និង យុត្តិធម៌ ដោយ​មិន​ត្រូវ​មានការ រើសអើង​, ការបែងចែក​ប្រកាន់​បក្សពួក​, គ្រួសារនិយម និង និន្នាការ​នយោបាយ ដើម្បី​បង្កើន​ជំនឿ ទុកចិត្ត និង ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ។​

​ក្រៅពីនេះ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ បានស្នើ​ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល ត្រូវខិតខំ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឱ្យបាន​ឆាប់រហ័ស ជៀសវាង​ទុក​វិវាទ​ទាំង នោះ​ឱ្យ​រីក​រាលដាល និង កាន់តែ​ស្មុគស្មាញ ពិបាក​ក្នុង​ការដោះស្រាយ ។ រដ្ឋបាល​ខេត្ត​កណ្តាល​ចាំបាច់​ត្រូវ​បន្ត​យកចិត្តទុកដាក់ ក្នុង​ការដោះស្រាយ​បញ្ហា​សំរាម កាក​សំណល់​រឹង សំណល់​រាវ និង ការសម្អាត​ទីក្រុង ដើម្បី​ឱ្យ​ខេត្ត​កណ្តាល​មាន​សោភ័ណភាព​ល្អ សណ្ដាប់ធ្នាប់ អនាម័យ និង បរិស្ថាន​ស្អាត ក្លាយជា​ទីក្រុង​បៃតង ដែល​ជា​ទី​កន្លែង​ផ្តល់​នូវ​សុខុមាលភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ភ្ញៀវ ទេសចរ​ជាតិ និង អន្តរជាតិ​។ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ក្នុង​ខេត្ត​កណ្តាល ត្រូវ​បន្ត​ចូលរួម ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ឯករាជ្យ បូរណភាព​ទឹកដី អធិបតេយ្យភាព ជាតិ និង ត្រូវ​ការពារ​សន្តិសុខ​ជាតិ ឱ្យបាន​រឹងមាំ សំដៅ​ធានាបាន​នូវ​ប្រក្រតីភាព​នៃ​ស្ថាប័ន​ជាតិ ការពារ​ព្រះមហាក្សត្រ ការពារ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ បន្ថែមថា ថ្នាក់ដឹកនាំ​រដ្ឋបាល​គ្រប់​ថ្នាក់​ត្រូវ​ពង្រឹង​របៀប របប​ធ្វើ​ការងារ ទំនាក់ទំនង​ការងារ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ត្រូវធ្វើ​ជា​ស្នូល​ក្នុង​ការពង្រឹង​របៀបរ​បប​ការងារ​ផ្ទៃក្នុង ក្រុមប្រឹក្សា និង គណៈ​អភិបាល​របស់ខ្លួន​ស្របតាម​ច្បាប់ និង លិខិតបទដ្ឋាន​នានា​ជា​ធរមាន ។​

 

 

Leave a Reply

Your email address will not be published. Required fields are marked *