- ព័ត៌មានជាតិ

ពិធី​កាត់​ស្រះ​សីមា សាងសង់​សាលា​ឆាន់ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ខ្លោងទ្វារ របង​វត្ត និង​សមិទ្ធផល​នានា ក្នុង​វត្ត​ឧត្តម​សាមគ្គី នៅ​ស្រុក​មុខកំពូល​

​ខេត្ត​កណ្ដាល​៖ ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា​ទីប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ អគ្គ​មហា​ឧបាសិកា ហ៊ុន ប៊ុនធឿន រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​ដល់​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ដែល​មាន​សព្វថ្ងៃឲ្យ​នៅ​គង់វង្ស​យូរអង្វែង ដើម្បី​ធ្វើឲ្យ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ឡើង​ថែម​ទៀត​។​

​ការ​ថ្លែង​អំពាវនាវ​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​កាត់​ស្រះ​សីមា សាងសង់​សាលា​ឆាន់ និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ខ្លោងទ្វារ របង​វត្ត និង​សមិទ្ធផល​នានា ក្នុង​វត្ត​ឧត្តម​សាមគ្គី ហៅ វត្ត​ឈើ​ទាល ស្ថិតនៅ​ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មិនា ឆ្នាំ​២០២២ មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង សិស្សានុសិស្ស ពុទ្ធបរិស័ទ​ជា​ច្រើន​រូប​ទៀត​។​

​ក្នុង​ពិធី​នេះ ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង បាន​ថ្លែង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច​ទាំង​ទ្វេ តែង​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​។​

​ឯកឧត្តម​បណ្ឌិត​បាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី គឺ​មាន​ការអភិវឌ្ឍ​រី​ចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​កត្តា​នេះ​គឺ​ផ្តើមចេញ​ពី​ប្រទេស​យើង​មាន​សុខសន្តិភាព​ពេញលេញ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​នេះ ឲ្យនៅ​គង់វង្ស​យូរអង្វែង ពិសេស​សូម​បន្ត​ការគាំទ្រ​កម្មវិធី​នយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ប្រទេស​យើង​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​តទៅទៀត និយាយ​រួម​គឺ​ឲ្យ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​មាន​ការរីកចម្រើន​ទន្ទឹមគ្នា​។​

​ជាមួយគ្នានេះ​ដែរ​លោក​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​បន្ត​អនុវត្ត អភិក្រម ៣​កុំ ៣​ការពារ ដែល​ជា​ជន​ស័ក្កិសិទ្ធិ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​វិធានការ​របស់​ក្រសួង​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្លួន​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩ បំលែង​ថ្មី​ប្រភេទ អូ​មី​ក្រុង​។​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងអំណរគុណ​ដល់ សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​ចំណាយ​នូវ​ថវិការ​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ចំណែក​ជាមួយ​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ្ធ ជុំវិញ​ទី​អារាម​វត្ត ក្នុង​ការកសាង​នូវ​សម្ធិ​ផល​នានា ឡើង​ដើម្បី​ទុក​ជា​កុសលផល​បុណ្យ ទៅ​អនាគតជាតិ ក្នុង​ព្រះពុទ្ធសាសនា​។​

​ឯកឧត្តម​បាន​លើកទឹកចិត្ត ដល់​សិស្សានុសិស្ស​ត្រូវតែ​ខិតខំ​រៀនសូត្រ ធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ និង​ពលរដ្ឋ​ល្អ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​មួយ​ដែល​ពោ​ពេញទៅ​ដោយ​សក្កា​នុព​ល ដើម្បី​កសាង​ព្រះពុទ្ធសាសនា និង​កសាង​ប្រទេសជាតិ​ដ៏​កំសត់​មួយ​នេះ ដែល​ធ្លាប់​តែ​រង​នូវ​ការបំផ្លិចបំផ្លាញ ពី​សង្គ្រាម ឱ្យ​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍ និង​ឈាន​ទៅរក​ភាព​សម្បូរ​សប្បាយ លើ​ឆាក​អន្តរជាតិ​។​

​លោក យី យ៉េន អភិបាល​ស្រុក​មុខកំពូល បានបញ្ជាក​ថា ពិធី​កាត់​ស្រះ​សីមា សាងសង់​សាលា​ឆាន់ និង​សម្ភោ​ធ ឆ្លង ក្លោងទ្វា របង​វត្ត និង​សមិទ្ធផល​នានា នៅក្នុង​វត្ដ​ឧត្ដម​សាមគ្គី គឺជា​សមិទ្ធផល​ដ៏​ធំធេង​បន្ថែមទៀត របស់​ស្រុក​មុខកំពូល ក្នុង​វិស័យ​ពុទ្ធចក្រ សំដៅ​លើកកម្ពស់ វិស័យ​ធម្មការ និង​កិច្ចការ​សាសនា​ឱ្យ​កាន់តែ​រីកចម្រើន ។ លោក​បានឲ្យដឹងថា សាលា​សាលាឆាន់​នេះ គឺ​គ្រោង​សាងសង់​ឡើង​ដោយ​មាន​ទទឹង​ប្រវែង ២០​ម៉ែត្រ និង​បណ្តោយ ៣០​ម៉ែត្រ ។​

Leave a Reply

Your email address will not be published. Required fields are marked *