- ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​

នៅ​ថ្ងៃ​ចន្ទ ៤​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះកុសុមៈ​(​ពេទ្យ​លោកសង្ឃ​) ដែល​ជា​មន្ទីរពេទ្យ​បំពាក់​បរិក្ខារ​វេជ្ជសាស្ត្រ​បម្រើ​ការព្យាបាល​ដ៏​ទំនើប ដែល​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​។​

​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ត្រូវបាន​សាងសង់ ដោយ​ចំណាយ​ថវិកា​ជាង ៨០​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​។ មន្ទីរពេទ្យ​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ដោយ​ចំណាយ​ពេល ៣៩​ខែ​។ អគារ​មន្ទីរពេទ្យ​ថ្មី​នេះ ត្រូវបាន​សាងសង់​លើ​ទំហំ​ដី​ជាង ១៣​ពាន់​ម៉ែត្រក្រឡា មាន​កម្ពស់ ១១​ជាន់ ជាមួយ​ប្រវែង ៥៣​ម៉ែត្រ​។ ចែកចេញ​ជា​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ផ្នែក​សង្គ្រោះបន្ទាន់ ផ្នែក​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ ផ្នែក​ជំងឺ​ទូទៅ ជំងឺ​វះកាត់ ផ្នែក​សម្ភព រោគ​ស្ត្រី ព្រមទាំង​សេវា​ជំនួយ​ផ្សេងៗ​ទៀត​។ នៅលើ​ដំបូល​អគារ​មាន​ចំណត​ឧត្ថម្ភាគចក្រ​ចុះចត ទម្ងន់​ពី ៣​តោន ទៅ ៥​តោន​ថែមទៀត​ផង​។​

​មន្ទីរពេទ្យ​នេះ​មាន​គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​រហូតដល់​ទៅ ៤០០​គ្រែ​។ មន្ទីរពេទ្យ​ថ្មី​នេះ ជា​មន្ទីរពេទ្យ​ដ៏​ធំ​មួយ​ក្នុងប្រទេស​កម្ពុជា ដែល​អាច​ផ្តល់​សេវា​ថែទាំ​ជូន​ប្រជាជន​នៅ​ទូទាំង​ប្រទេស ដែល​មាន​អាការៈ​ជំងឺ​ធ្ងន់ៗ ហើយក៏​ជា​កន្លែង​បណ្តុះបណ្តាល​ធនធានមនុស្ស​មួយ​ដ៏​សំខាន់​ផង​ដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *