- ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ក្រចេះ បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​ក្រចេះ បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ ២០២២ ក្រោម​អធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​ឯកឧត្តម ហឿ​សុ​ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកំលាំង​ទាំង​បី អភិបាល​ក្រុង​ស្រុក ក្រុមប្រឹក្សា​ក្រុង​ស្រុក មេឃុំ ចៅសង្កាត់ សង្កាត់ មេ​ប៉ុស្តិ៍ និង​ស្មៀន​ឃុំ​សង្កាត់ សរុប​ចំនួន ៤១២ នាក់​។

​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​សម្ដែង​នូវ​ការ កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរ អង្គភាព និង​រដ្ឋបាល​គ្រប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ក្នុង​រយៈពេល​កន្លង​ទៅនេះ ដែល​ទទួលបាន​លទ្ធផល​រីកចម្រើន​ជា​លំដាប់ និង​ដោះស្រាយ​បាន​នូវ​បញ្ហា​ប្រឈម និង​តម្រូវការ​ចាំបាច់ របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ស្របតាម​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល ។

​ឯកឧត្ដម អភិបាលខេត្ត វាយតម្លៃ​ខ្ពស់ ចំពោះ សមិទ្ធផល​នានា ដែល​កើតចេញ​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់​លំដាប់ថ្នាក់ ជាពិសេស​ក្នុង​ការបំពេញ​តួនាទី និង​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​យ៉ាង​សកម្ម​ក្នុង​ការបំពេញ​ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សម្រេចបាន នូវ​សមិទ្ធផល​ក្នុង​ការធានា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ និង​សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ និង​បន្ត​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​បាន​ខិតខំ​ចូលរួម ក្នុង​ការដោះស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជា ពលរដ្ឋ​ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ជា​ពិសេស​ការចូលរួម​ទប់ស្កាត់ និង​ការប្រយុទ្ធប្រឆាំង ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ព្រមទាំង​ចូលរួម​ជំរុញ និង​គាំទ្រ​ដល់​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ក្រចេះ និង​បង្ក​លក្ខណសម្បត្តិ​ដល់​ការបើក​ប្រទេស​ដំណើរការ​ពេញលេញ​លើ​គ្រប់​វិស័យ ហើយ​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​សាធារណៈ​គ្រប់​ថ្នាក់​ក៏​បាន​ធ្វើ​សកម្មភាព​ពេញ លេញ​ទៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ។

​ជាមួយគ្នា​នោះ​ដែរ ទោះ​ស្ថិតក្នុង​ការលំបាក​យ៉ាងណាក៏ដោយ ពិសេស​ក្នុង​បរិបទ​នៃ​ជំងឺ​កូវី​ដ​-១៩ អាជ្ញាធរ បាន​បង្កើន​កិច្ចសហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​នានា ក្នុង​ក្របខណ្ឌ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលគ្រប់​ថ្នាក់ ខិតខំ​រក្សា​ការពារ បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ការខិតខំ​ប្រឹងប្រែង​គ្រប់គ្រង សភាពការណ៍​ផ្ទៃក្នុង ទប់ស្កាត់​ក្រុម​ជ្រុលនិយម និង​ពួក​អគតិ​នានា ក្នុង​និង​ក្រៅប្រទេស ដែល​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ផ្ដួល រលំ​រាជរដ្ឋាភិបាល ព្រមទាំង​សហការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​នានា​ដែល​កើតឡើង​ក្នុង​ខេត្ត​។ ជារួម​លទ្ធផល ការងារ​របស់​រដ្ឋបាល​ខេត្ត​ក្រចេះ គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

​ជា​ទិសដៅ​បន្ត​ការងារ​ក្នុង​ឆ្នាំ​២០២២ នេះ ឯកឧត្ដម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ក៏​បាន​ណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បន្ត​យកចិត្តទុកដាក់ ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច របស់​មន្ត្រីរាជការ ដើម្បីឲ្យ​ការអនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល​។​
១.​បន្ត​ពង្រឹង​វិន័យ​មន្ត្រីរាជការ​ក្រោម​ឱវាទ​តាមដាន​ត្រួតពិនិត្យ​លិខិត​ចេញចូល​ការ​ចរាចរ​លិខិត​ឲ្យបាន​ជាប់​ជា​ប្រចាំ​រក្សា​និង​តម្កល់​ឯកសារ​របស់​សាលាខេត្ត​អោយបាន​គត់មត់​។​
២.​បន្ត​ការធ្វើ​នីត្យានុកូល​កម្ម និង​ការផ្ដល់​សេវា​ឆាប់រហ័ស​ទាន់ពេលវេលា​។​
៣.​ថែរក្សា​គ្រប់គ្រង និង​ប្រើប្រាស់​ត្រា​របស់​រដ្ឋបាល​ខេត្ត​ឲ្យបាន​គត់មត់​។​
៤.​បន្ត​រៀបចំ​កម្មវិធី និង​ការងារ​ប្រចាំ​សប្តាហ៍​ឲ្យបាន​ទៀងទាត់​ជូន​ថ្នាក់ដឹកនាំ​ខេត្ត​។​
៥.​បន្ត​បូក​សរុប​របាយការណ៍​ប្រចាំខែ ត្រីមាស​ឆមាស ៩​ខែ និង​ប្រចាំឆ្នាំ​ជូន​ក្រសួង​មហាផ្ទៃ​តាម​ការកំណត់​ព្រមទាំង​បិទ​ផ្សាយ​ព័ត៌មាន​លើ​ក្តារ​ព័ត៌មាន​ជាប្រចាំ​។​
៦.​គ្រប់គ្រង​ស្ថិតិ​ទិន្នន័យ​ប្រជាពលរដ្ឋ និង​ជំរុញ​ការងារ​អត្រានុកូលដ្ឋាន​។​
៧.​រៀបចំ​បុណ្យជាតិ អន្តរជាតិ ចាត់ចែង​ការងារ​ពិធីការ ការពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាពិសេស​ជាមួយ​ខេត្ត​ប៊ិញ​ភឿក ខេត្ត​ប៊ិញ​យឿង ខេត្ត​ចំប៉ា​សាក់ និង​កិច្ចប្រតិបត្តិការ តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា វៀតណាម ឡាវ​។​
៨. បន្ត​រៀបចំ និង​ជំរុញ​ការរៀបចំ​វេទិកាសាធារណៈ របស់​ក្រុមប្រឹក្សា​ខេត្ត​ក្រុមការងារ​ថ្នាក់​ជាតិ​ន​និង​គោលនយោបាយ​ភូមិ​.​ឃុំ​.​សង្កាត់ មាន​សុវត្ថិភាព​៕

 

Leave a Reply

Your email address will not be published. Required fields are marked *