- ព័ត៌មានជាតិ

​ឯកឧត្តម ងី ច័ន្ទ្រផ​ល បាន​ណែនាំ​ដល់​មន្ត្រី និង​សមត្ថកិច្ច​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​ពង្រឹង​កិច្ចសហការ​គ្នា ក្នុង​ការបង្ការ​ទប់ស្កាត់​បទល្មើស​នានា និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ឲ្យមាន​តម្លាភាព និង​ប្រកបដោយ​ប្រសិទ្ធភាព​

មណ្ឌលគិរី​៖ ឯកឧត្តម ងី ច័ន្ទ្រផ​ល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួមទាំង ឯកឧត្តម លោកជំទាវ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង​មន្ត្រីរាជការ​ជាច្រើនរូប ដែល​ប្រព្រឹត្ត​ទៅ​នៅ​អគារ​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២២​។​

ឯកឧត្តម ងី ច័ន្ទ្រផ​ល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​សមត្ថកិច្ច និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​យ៉ាងសកម្ម ក្នុង​ការបំបេញ​តួនាទី ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សម្រេច​នៅ​សមិទ្ធផល ក្នុង​ការធានា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការ​លើ​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល សំដៅលើ​កម្ពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ពលរដ្ឋ​។ ឯកឧត្តម ក៏បាន​ផ្តល់​នូវ​គោល​ការណែនាំ​ជា​គន្លឹះ​សំខាន់ៗ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ត្រូវ​អនុវត្ត​បន្ត​៖ ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ឯករាជ្យ បូរ​ណ​ភាណ​ទឹកដី អធិបតេយ្យភាព​ជាតិ​, ត្រូវ​បង្កើន​កិច្ចសហការ​គ្នា ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​, ត្រូវ​ពន្លឿន​ការដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ឲ្យ​ឆាប់រហ័ស​, ត្រូវ​បង្កើន​ការតាមដាន និង​ការគ្រប់គ្រង​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដីធ្លី​របស់​ប្រជាពលរដ្ឋ នៅតាម​តំបន់ការពារធម្មជាតិ​, ត្រូវ​ចុះ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ឲ្យ​យល់​ច្បាស់​អំពី​ច្បាប់​ស្តីពី​ព្រៃឈើ ច្បាប់​ស្តីពី​ជលផល និង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​, ត្រូវ​បន្ត​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ឲ្យ​រក្សា​នូវ​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្ត​នូវ​វិធានការ ៣​កុំ និង​៣​ការពារ និង​ជំរុញ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ និង​ដូស​ជំរុញ​ជូន​
បន្ថែម​លើស​នេះ ឯកឧត្តម ងី ច័ន្ទ្រផ​ល ក៏​បាន​ណែនាំ​ដល់​មន្ត្រីរាជការ និង​សមត្ថកិច្ច និង​អាជ្ញាធរ​ក្រុង​/​ស្រុក ត្រូវ​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ទំនាក់ទំនង​ការងារ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ខេត្ត​មណ្ឌលគិរី មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ជា​លំដាប់​។​

នា​ឳ​កាស​នោះដែរ ឯកឧត្តម ងី ច័ន្ទ្រផ​ល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ជូន​មន្ត្រីរាជការ ដែល​មាន​ស្នាដៃ​ល្អ ក្នុង​ការអនុវត្ត​ការងារ​នា​ពេលកន្លងមក​៕

Leave a Reply

Your email address will not be published. Required fields are marked *