- ព័ត៌មានជាតិ

ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញ​ជា​អធិបតី​ក្នុង​វិធី​បើក​សន្និបាត​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ និង​ផែនការ​សកម្មភាព​ឆ្នាំ​២០២២​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២២​នេះ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​វិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ និង​ផែនការ​សកម្មភាព​ឆ្នាំ​២០២២ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ​។ ក្នុង​ពិធី​សន្និបាត​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ និង​បណ្ឌិត្យសភា​នគ​បាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​-​មន្ត្រី​នៃ​អង្គភាព​ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ជាច្រើន​រូប​ផង​ដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​១ ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​ធ្វើ​សេចក្តីថែ្លង​សន្ទរកថា​ស្វាគម៍ ប្រកប​ដោយ​សេចក្តី​គោរព​ក្នុង​មនោសញ្ចេតនា​រីករាយ ស្ម័គ្រស្មោះ​ចំពោះ ឯកឧត្តម ប៉ាវ ហម ផាន ដែល​បាន​ផ្តល់​កិត្តិយស​ដ៏​ឧត្តុងឧត្តម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​ប្រចាំឆ្នាំ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នា​ឱកាស​នេះ​។​

​ឯកឧត្តម​មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​បំពេញ​ការងារ​ប្រកបដោយ​ផ្លែផ្កា ដោយ​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី ភារកិច្ច នៅតាម​អង្គភាព និង​វិស័យ​ជំនាញ​នីមួយៗ​។ ជាមួយគ្នានេះ ពាក់ព័ន្ធ​នឹង​សមិទ្ធផល​ខាងលើ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ជា​បញ្ហា​ត្រូវ​ខិតខំ​បំពេញ​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប​បាន ទៅតាម​បទដ្ឋាន​សម្រាប់​ការងារ​គ្រប់គ្រង​ជន​ជាប់ឃុំ ដែល​ធានា​បាន​សន្តិសុខ សុវត្ថិភាព សុខភាព និង​មនុស្សធម៌​។ ក្នុងនោះ​ពន្ធនាគារ​នៅ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​ក្របខណ្ឌ​មន្ត្រី​ពន្ធនាគារ​ជាហេតុ​ធ្វើឱ្យ​ការឆ្លើយតប​ទៅតាម​បទដ្ឋាន​អប្បបរមា​សម្រាប់​ការឃុំខ្លួន និង​ការគ្រប់គ្រង​ជន​ជាប់​ឃុំ​នៅ​មាន​គម្លាត​នៅឡើយ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​១ តោ ពន្លក អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​ផ្សព្វផ្សាយ​នូវ​ទិសដៅ​ការងារ​បន្ត ដោយ​ឯកឧត្តម បានលើកឡើង ការងារ​ថ្មី​ជា​អទិភាព​សំខាន់​ចំពោះមុខ មានដូចជា​រៀបចំ​លិខិត​រដ្ឋបាល​បទដ្ឋាន រៀបចំ​សំណើ​ស្នើសុំ​បង្កើត​អនុក្រឹត្យ​ស្តីពី​របប​សោធន​និវត្តន៍ និង​សោធន​បាត់បង់​សមត្ថភាព​ការងារ​ចំពោះ​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​។ បន្ត​ធ្វើ​កំណែទម្រង់​របៀប​ធ្វើការ​របស់​ថ្នាក់ដឹកនាំ​តាម​ខ្សែ​បណ្តា​យ​គ្រប់​ថ្នាក់ និង​ពង្រីក​ជំនាញ​តាម​គ្រប់​វិស័យ​ដែល​ធានា​ឱ្យ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ស្របតាម​បរិបទ​ថ្មី​ជាមួយនឹង​ការប្រយុទ្ធ​ប្រឆាំ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ នឹង​បន្ត​ពង្រឹង​កិច្ច​សហការ​ល្អ​បន្ថែម​ទៀត​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ និង​អង្គការ​ដៃគូ​នានា ដើម្បី​គាំទ្រ​ទាំង​មធ្យោបាយ សម្ភារ ថវិកា និង​បច្ចេកទេស​លើ​ការងារ​ពន្ធនាគារ​ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​១ ម៉ៅ ណំ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​ដោយ​សង្ខេប ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២២ ដោយ​ឯកឧត្តម​បានឱ្យដឹងថា ចំនួន​ជន​ជាប់​ឃុំ​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១ មាន​សរុប ៣៨,០៧០​នាក់ ស្ត្រី​៦៦​នាក់ ស្ត្រី​មាន​ផ្ទៃពោះ ២២​នាក់ កូន​តាម​ម្តាយ​១៤០​នាក់ ពិការ​៤៧៥​នាក់​។ ក្នុងចំណោម ជន​ឃុំ​មាន​បទល្មើស​ភាគច្រើន​គឺ​គ្រឿងញៀន​ស្មើនឹង​៥៤,៥២% បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់​ទោស ៦,៨៨% បទល្មើស​លួច ៧,០៧% រំលោភ​សេពសន្ថវៈ ៤,៧២% បទល្មើស​ឃាតកម្ម ៥,៤០% និង​បទល្មើស​ផ្សេងៗ​ទៀត ២១,៤១%​។​

​ទន្ទឹមនឹងនេះ​ឯកឧត្តម ក៏បាន​លើកឡើង​នូវ​ផែនការ​ជា​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​ដំណាក់កាល​ទី​៣ (២០១៩-២០២៣) ដោយ​អគ្គនាយដ្ឋាន​ពន្ធនាគារ បានកំណត់​ចក្ខុវិស័យ​ទិសដៅ​ថា ’​រួមគ្នា​ដើម្បី​សុវត្ថិភាព​សង្គម និង​កាត់បន្ថយ​បទល្មើស​ក្នុង​សហគមន៍​”​ជាមួយគ្នានេះ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្ត​ផែនការ​បន្ត គឺ​រួមមាន​៖ គ្រប់គ្រង​ពន្ធនាគារ​តាម​បទដ្ឋាន​ដែល​ធានា​ឱ្យមាន​សន្តិសុខ សុវត្ថិភាព និង​ប្រកបដោយ​មនុស្សធម៌​, អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ សេវា​អប់រំ​កែប្រែ ស្តារនីតិសម្បទា​បណ្តុះបណ្តាល​វិជ្ជ​ជីវៈ និង​សមាហរណកម្ម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ​, ជំរុញ​អនុវត្ត​ក្របខ័ណ្ឌ​នយោបាយ​កំណែទម្រង់​ពន្ធនាគារ និង​ពង្រឹង​ការងារ​ដឹកនាំ​គ្រប់គ្រង​អភិវឌ្ឍ​ធនធានមនុស្ស​របៀបរ​បប​ការងារ និង​លើកកម្ពស់​ប្រសិទ្ធ​ផល​ការងារ​ផង​ដែរ​៕

​ដោយ​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​

 

Leave a Reply

Your email address will not be published. Required fields are marked *