- ព័ត៌មានជាតិ

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ក្រើនរម្លឹក​ឲ្យ​កងទ័ព​យល់បាន​ទូលំទូលាយ​ពី​តម្លៃ​សន្តិភាព​ដែល​រកបាន​ដោយ​លំបាក ហើយ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ការពារ​ឲ្យបាន​សន្តិភាព​!

(​ភ្នំពេញ​)៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​នាំយក​ថវិកា​ទៅ​ឧបត្ថម្ភ​អង្គភាព​យោធភូមិភាគ​ពិសេស ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែល​នឹង​ខិត​ជិត​មក​ដល់​នាពេលខាងមុខ​។​

​ពិធី​ប្រគល់​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២​នេះ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ពិសេស ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​មាន​ការ​អមដំណើរ​ពី នាយ​ឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការ​រង និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​។​

​ក្នុងឱកាស​នោះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន ដែល​នាយទាហាន នាយទាហានរង និង​ពលទាហាន យោធភូមិ​ភាគ​ពិសេស​សម្រេចបាន នៅក្នុង​ការបំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ការពារ​សុខសន្តិភាព ស្ថិរភាព និង​ការកសាង​អង្គភាព​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។​

​នាយ​ឧត្តមសេនីយ៍ បញ្ជាក់ថា ការរីកចម្រើន​លើ​គ្រប់​វិស័យ​មកដល់​បច្ចុប្បន្ន គឺ​ដោយសារ សន្តិភាព ដែល​បាន​ផ្តល់ឱកាស ឲ្យ​យើង​ធ្វើការ អភិវឌ្ឍ យ៉ាង ឆាប់រហ័ស ហើយ ប្រជាជន បានរួម រស់ ប្រកបដោយ ភាពសុខដុមរមនា ក្នុង សង្គមជាតិ​។​

« ពេល​យើង​និយាយ​ពី​សន្តិភាព ត្រូវ​ដឹង​ថា សន្តិភាព បានមក​ពី​ណា​? បានមក​ពី​នយោបាយ ឈ្នះ ឈ្នះ ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ស្ថាបនិក និង​ជា​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ នាំមក​នូវ​សន្តិភាព​ពេញលេញ​ជូន​ជាតិ​» ។ នេះ​ជា​ការអះអាង​របស់ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន​។​

​នាយ​ឧត្តមសេនីយ៍​អគ្គមេបញ្ជាកា​រ បាន​ផ្តាំផ្ញើ​ដល់​នាយទាហាន​នាយទាហានរង និង​ពល ទាហាន​គ្រប់រូប ត្រូវ​យល់​ដឹង​ឲ្យបាន​ជ្រាលជ្រៅ ទូលំទូលាយ អំពី ស្មារតី នៃ នយោបាយ ឈ្នះ ឈ្នះ និង ខិតខំ លើកកម្ពស់ មនសិកា ស្នេហា ជាតិ ចូលរួម ថែរក្សា ការពារ សន្តិភាព ឱ្យបាន គង់វង្ស ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ និង រាំង ស្កាត់ មិនឱ្យ ប្រវត្តិសាស្ត្រ ដ៏ ឈឺ ចាប់ពី អតីតកាល កើត​មាន​សារជាថ្មី​នៅលើ ទឹកដី​មាតុភូមិ របស់​យើង​៕

 

Leave a Reply

Your email address will not be published. Required fields are marked *