- ព័ត៌មានជាតិ

​ព័ត៌មាន​ជាតិ​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ បើក​លឿន​រេ​ចង្កូត​បុក​ម៉ូតូ​កង់​បី បណ្តាលឲ្យ​ស្លាប់​២​នាក់ និង​រង​របួសធ្ងន់​ម្នាក់​

កំពត ៖ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១៧​និង​៣០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង រវាង​រថយន្ត​និង​ម៉ូតូ​កង់​បី ដែល​មាន​ទិសដៅ​ផ្ទុយគ្នា បណ្តាលឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​រង​របួសធ្ងន់​ម្នាក់ លើ​ផ្លូវជាតិ​លេខ​៤១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៥-៥៦ ស្ថិតក្នុង​ភូមិ​កំណប់ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្ត​កំពត ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ យឹម ផានិត ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជា​លា ឃុំ​ជាលា ស្រុក​បាធាយ ខេត្ត​កំពង់ចាម បើកបរ​រថយន្ត​ម៉ាក NISSAN ប្រភេទ​បែន​ធុន​ធំ ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 05-3-3781 មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​មកដល់​ត្រង់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​កង់​បី មួយគ្រឿង មាន​ទិសដៅ​ផ្ទុយគ្នា ។ អ្នកបើកបរ​ម៉ូតូ​កង់​បី​រងគ្រោះ​ឈ្មោះ ចាន់ បាទ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រែក​អុង​បាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល (​បាន​ស្លាប់​) និង​មាន​អ្នក​រួម​ដំណើរ​ជា​មួយ​ចំនួន​០២​នាក់​៖ ១-​ឈ្មោះ ម៉ាន់ បុល ភេទ​ស្រី អាយុ ៤២ ឆ្នាំ (​បាន​ស្លាប់​) ២-​ឈ្មោះ ផែ​ត បាស់ ភេទ​ស្រី អាយុ ២៦ ឆ្នាំ (​បាន​រងរបួស​ធ្ងន់​) ទាំង​ពីរ​នាក់ មាន​ទីលំនៅ​ភូមិ ព្រៃ​ឃ្លៃ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្ត​កំពត ។ ម៉ូតូ​កង់​បី​ម៉ាក BAJA ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1AB-6783 មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ ។ ចំណែកឯ​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ទៅ​សាច់ញាតិ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ រី​ឯ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​កង់​បី ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គិរី ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ ទៅតាម​នីតិវិធី​ផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *