- ព័ត៌មានជាតិ

ប្ដី​ប្រពន្ធ​បើកទ្វារ​ចុះ​រត់​ទាំង​ព្រលឹងចុងសក់ រថយន្ត​ស៊េរី​ចាស់​មួយ​គ្រឿង ត្រូវបាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​សល់​តែ​គ្រោងឆ្អឹង !

បាត់ដំបង ៖ កាលពី ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២២ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា រថយន្ត​ស៊េរី​ចាស់​មួយ​គ្រឿង ត្រូវបាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​សល់​តែ​គ្រោងឆ្អឹង ខណៈពេល​កំពុង​ធ្វើដំណើ​រ ដែល​ត្រូវបាន​គេ​អះអាង​ថា អាច​ឆ្លង​ចរន្ត​ភ្លើង ធ្វើឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ពីរ​នាក់​ប្ដី​ប្រពន្ធ​បើក​ទ្វារ​ចុះ​រត់​ទាំង​ព្រលឹងចុងសក់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧A ត្រង់​ចំណុច​ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល​។​

​រថយន្ត​នេះ ម៉ាក CAMRY ស៊េរី​ឆ្នាំ​១៩៩២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-4111 បើកបរ​ដោយ​ឈ្មោះ ទូត ស្រស់ អាយុ​៤០​ឆ្នាំ រួម​ដំណើរ​ជាមួយ​ប្រពន្ធ​ឈ្មោះ មករា រ៉ា​ទី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ច្រាំង​បាក់ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេល​។​

​អគ្គីភ័យ​នេះ​បាន​ឆាបឆេះ​រថយន្ត តែ​ម្ចាស់​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​បើកទ្វារ​ចុះ​រត់​គេច​ផុត​ពី​គ្រោះថ្នាក់ ក្រោយ​ពី​ព្យាយាម​បើករថយន្ត​ទៅ​ឈប់​ក្បែរ​ចិញ្ចើមថ្នល់ ហើយក៏​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើ​រដ​ទៃ​ទៀត​ដែរ​។ រថយន្ត​នោះ បាន​ធ្វើដំណើរ​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​ទិស​ខាងកើត ហើយ​បើ​តាម​ការសួរនាំ​ពី​ម្ចាស់​រថយន្ត បាន​អះអាង​ថា «​រថយន្ត​ខ្ញុំ​ត្រូវ​ភ្លើង​ឆេះ ដោយសារ​ឆ្លង​ចរន្ត​ភ្លើង​នៅ​ផ្នែក​ខាង​មុខ​»​។​

​ខណៈពេល​កំពុង​តែ​បើក​បរ​នោះ ប្រពន្ធ​របស់​គាត់​បាន​ប្រាប់​ប្ដី​ថា ធំក្លិន​ឈ្ងៀម​នៅក្នុង​រថយន្ត ហើយ​ស្របពេល​នោះ ក៏​មាន​ផ្សែង​ហុយ​ចេញ​ពី​ផ្នែក​ខាង​មុខ​ម៉ាស៊ីន​តែម្តង​។ ហើយ​ក៏​ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង​យ៉ាង​សន្ធោសន្ធៅ​មួយ​រំពេច ខណៈ​ពួកគាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បើកទ្វារ​រថយន្ត​ចាកចេញ​ផុត​ពី​គ្រោះថ្នាក់​។ រថយន្ត​នោះ​ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង​សល់​តែ​ឆ្អឹង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ម្ចាស់​រថយន្ត ឬ​អ្នកដំណើរ​ដទៃ​ទៀត​ទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *