- ព័ត៌មានជាតិ

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៃ​មនី្ទរពេទ្យ​ព្រះអង្គឌួង​

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ១១​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី ២៨ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៃ​មនី្ទរពេទ្យ​ព្រះអង្គឌួង​។​

​អគារ​មជ្ឈមណ្ឌល​ព្យាបាល ត្រចៀក ច្រមុះ និង​បំពង់​ក ដែល​មាន​កម្ពស់​៥​ជាន់​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង បាន​ចាប់ផ្តើម​សាងសង់​នៅ​ខែ​មីនា​ឆ្នាំ​២០២០ និង​បានគ្រោង​បញ្ចប់​ការ សាងសង់​នៅ​ចុងឆ្នាំ ២០២១ តែ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ គម្រោង​នេះ​បាន​ពន្យា​ពេល​ទៅ​ដើម​ឆ្នាំ​២០២២​វិញ ។

​ក្រៅ​ពី​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សមត្ថភាព​របស់​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​និង​បុគ្គលិក​ទាំងអស់​នឹង​ត្រូវ​បាន​បង្កើន​សមត្ថភាព​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល និង​ការផ្ទេរ​ចំណេះដឹង និង​ចំណេះធ្វើ​ពី​វេជ្ជបណ្ឌិត​ជនជាតិ​កូរ៉េ​។​

​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ជា​ដៃគូ​ស្នូល​របស់ KOICA ដែល​ទទួលបាន​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​នានា ។ នៅ​កម្ពុជា KOICA មាន​យុទ្ធសាស្ត្រ​ភាពជា ដៃគូ​ប្រចាំ​ប្រទេស​(CPS)​ដើម្បី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​សម្រេចបាន​នូវ​ផែ​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​ខ្លួន​ដោយ​រួមបញ្ចូល​យុទ្ធសាស្ត្រ​ជាមួយ​ផែនការ​យុទ្ធសាស្ដ្រ អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល ។ សម្រាប់​កម្ពុជា KOICA ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​វិស័យ​អទិភាព​ចំនួន​៤​រួមមាន​៖​អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត​។​

Leave a Reply

Your email address will not be published. Required fields are marked *